កម្ពុជាទទួលរង្វាន់ចំនួន១៧ពីការអនុវត្តស្តង់ដារទេសចរណ៍អាស៊ាន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖កម្ពុជាទទួលជ័យលាភីនិងពានរង្វាន់សរុបចំនួន១៧ ពីការអនុវត្ត ស្តង់ដារទេសចរណ៍អាស៊ានឆ្នាំ២០២៣។ ក្នុងនោះមានរង្វាន់ ផ្ទះស្នាក់ ស្តង់ដារអាស៊ាន ចំនួនប្រាំ រង្វាន់សហគមន៍ទេសចរណ៍ស្តង់ដារអាស៊ាន ចំនួន៣ រង្វាន់បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន ចំនួនប្រាំ និង រង្វាន់សេវាស្ប៉ាស្តង់ដារអាស៊ាន ចំនួនបួន នៅប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ កាលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងយុក្យាកាតា ប្រទេសឥណ្ឌូណេស៊ី អាស៊ានបានផ្តល់ពានរង្វាន់ ស្តង់ដារទេសចរណ៍អាស៊ាន២០២៣ ចំនួន១៥៨ លើការអនុវត្តស្ដង់ដារ រួមមាន ផ្ទះស្នាក់ស្តង់ដារអាស៊ាន ចំនួន៤៣ សហគមន៍ទេសចរណ៍ ស្តង់ដារអាស៊ាន ចំនួន២៩បង្គន់អនាម័យសាធារណៈស្តង់ដារអាស៊ាន ចំនួន៤៨និង សេវាស្ប៉ាស្តង់ដារអាស៊ាន ចំនួន៣៨។

ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហ ប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ដែលបានតំណាងឱ្យកម្ពុជា ទៅចូលរួមកម្មវិធីនោះ បានឱ្យដឹង តំណាងជ័យលាភីកម្ពុជាដែលបាន ឡើង ទទួលពានរង្វាន់នោះ រួមមាន តំណាងម្ចាស់សហគមន៍ ម្ចាស់គម្រោង មន្ត្រីមន្ទីរទេសចរណ៍ មន្ត្រីរាជធានី-ខេត្ត ដែលមានការដឹកនាំដោយលោក អភិបាលរងមកពីរាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ។

ឯកឧត្តមបានបញ្ជាក់ដូច្នេះថា៖« តាមរយៈការទទួលជ័យលាភីរង្វាន់ ស្តង់ដារ ទេសចរណ៍អាស៊ាន២០២៣នេះ ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចសម្ព័ន្ធ ជាច្រើន និងការរៀបចំព្រឹត្តិការណ៍ធំៗប្រកបដោយជោគជ័យខ្ពស់កន្លងមកនៅកម្ពុជា បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថាកម្ពុជាមានផលិតផល និងគោលដៅ ទេសចរណ៍ទាក់ទាញច្រើនសម្រាប់ទៅលេងកម្សាន្តប្រកបដោយភាពងាយស្រួល កក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង»។

ឯកឧត្តមបានបន្តថា ការទទួលបានជ័យលាភីនេះ គឺស្របពេលជាមួយដែល កម្ពុជាកំពុងផ្សព្វផ្សាយពីឆ្នាំទស្សនាកម្ពុជាឆ្នាំ២០២៣ Visit Cambodia 2023 និងកំពុងត្រៀមខ្លួនឆ្ពោះទៅការរៀបចំព្រឹត្តិការកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំនៅកម្ពុជា ខណៈចលនាទេសចរណ៍ក្នុងស្រុកកំពុងបន្តងើបឡើង ដែលជាសញ្ញាណ មួយផ្តល់នូវទំនុកចិត្ត និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនា កម្សាន្តនៅកម្ពុជាបានកាន់តែច្រើនថែមទៀតនាពេលខាងមុខ។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងថា ការទទួលបានជ័យលាភីសរុប១៧ ពីការអនុវត្តស្តង់ដារទេសចរណ៍អាស៊ាន ឆ្នាំ២០២៣ របស់កម្ពុជានាពេលនេះ គឺជាការទាក់ទាញបន្ថែមទៀតដល់ភ្ញៀវ ទេសចរ ជាពិសេសភ្ញៀវនៅក្នុងតំបន់អាស៊ាន ឱ្យមានការចាប់អារម្មណ៍បន្ថែម មកលើប្រទេសកម្ពុជា ជាប្រទេសមួយដែលមានការយកចិត្តទុកដាក់ខ្ពស់លើ ការអនុវត្តស្តង់ដារទេសចរណ៍ ដើម្បីផ្តល់ជូននូវសេវាកម្មដ៏ល្អដល់ អតិថិជន នៅ ពេលដែលមកកម្សាន្តនៅកម្ពុជា។

លោកបានបញ្ជាក់ដូច្នេះថា៖«នេះជាមុខមាត់របស់ប្រទេសយើង ដែលជា ប្រទេសមានគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិយ៉ាង ច្រើន សម្រាប់បម្រើឱ្យការកំសាន្តដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី។ ជ័យ លាភីនេះ ជាការបង្ហាញយ៉ាងច្បាស់ថា កម្ពុជាបានរៀបចំសេវាកម្ម ទេសចរណ៍ កាន់ប្រសើរ និងជាការលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ ជាច្រើន ឱ្យខិតបម្រើសេវាកម្មដល់ភ្ញៀវឱ្យកាន់តែល្អថែមទៀត ដែលមិន ត្រឹមតែដើម្បីអាជីវកម្មខ្លួនឯង តែជាមុខមាត់ប្រទេសជាតិផងដែរ»។

ជ័យលាភីនិងពានរង្វាន់ដែលម្ចាស់ទីតាំងនៅកម្ពុជាទទួលបាននោះ រួមមាន៖ ទី១. រង្វាន់ផ្ទះស្នាក់ស្តង់ដារអាស៊ាន ចំនួន៥៖ ផ្ទះស្នាក់ Eagle ផ្ទះស្នាក់ Black Bear និងផ្ទះស្នាក់ Mien Mien ក្នុងខេត្តកោះកុង ផ្ទះស្នាក់ត្រពាំង សង្កែ ក្នុងខេត្តកំពត និងផ្ទះស្នាក់សំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ។ ទី២ រង្វាន់ សហគមន៍ទេសចរណ៍ស្តង់ដារអាស៊ាន ចំនួន៣៖ សហគមន៍អេកូ ទេសចរណ៍ ត្រពាំងសង្កែ ក្នុងខេត្តកំពត សហគមន៍អេកូទេសចរណ៍ កោះហាន ក្នុងខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍អន្លង់ធំ ក្នុងខេត្តសៀមរាប។

លោកបន្ថែមថា រង្វាន់បង្គន់អនាម័យសាធារណៈស្តង់ដារអាស៊ាន ចំនួន៥៖ បង្គន់អនាម័យសាធារណៈ Aeon Mall Phnom Penh ក្នុងរាជធានី ភ្នំពេញ បង្គន់អនាម័យសាធារណៈលេខ៤ ក្នុងខេត្តព្រះសីហនុ បង្គន់ អនាម័យសាធារណៈស្រះស្រង់ ក្នុងគ្រឹះស្ថានអង្គរ បង្គន់អនាម័យ សាធារណៈ PTT ក្នុងខេត្តកោះកុង និងបង្គន់អនាម័យ សាធារណៈស្តុប ពេជ្រនិល ក្នុងខេត្តកំពង់ស្ពឺ និងទី៤ គឺរង្វាន់សេវាស្ប៉ាស្តង់ដារអាស៊ាន ចំនួន៤៖ សេវាស្ប៉ា SPA Temple ក្នុងសណ្ឋាគារកាំបូឌា រាជធានីភ្នំពេញ សេវាស្ប៉ា JIVAPITA SPA ក្នុងសណ្ឋាគារ Royal Residence ភ្នំពេញ សេវាស្ប៉ា SO SPA with LÓCCITANCE ក្នុងសណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort ខេត្តសៀមរាប និងសេវាស្ប៉ា SPA at Naga World ក្នុងសណ្ឋាគារ Naga World ភ្នំពេញ។

បើតាមក្រសួងទេសចរណ៍ ជ័យលាភីរង្វាន់ស្តង់ដារទេសចរណ៍ អាស៊ាន ឆ្នាំ២០២៤ គ្រោងនឹងរៀបចំឡើងនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវវិញម្តង ដែលជាប្រទេសម្ចាស់ផ្ទះបន្ទាប់ ដោយកម្មវិធី នឹងរៀបចំឡើងក្រោម ប្រធានបទទេសចរណ៍ប្រកបដោយគុណភាព និងការទទួលខុសត្រូវ – ចីរភាពអនាគតអាស៊ាន (Quality and Responsible Tourism – Sustaining ASEAN Future)៕
ដោយ៖វណ្ណ សុជាតា

ads banner