ប្រជាពលរដ្ឋឃុំមួយក្នុងខេត្តត្បូងឃ្មុំនឹងរៀបចំពិធីចាប់ត្រីប្រចាំឆ្នាំនៅខែកុម្ភៈនេះ

អត្ថបទដោយ៖
CPA

ត្បូងឃ្មុំ៖ប្រជាពលរដ្ឋឃុំមួយក្នុងខេត្តត្បូងឃ្មុំនឹងរៀបចំពិធីចាប់ត្រីប្រចាំ ឆ្នាំនៅខែកុម្ភៈនេះ បន្ទាប់ពីខកខានរយៈពេលពីរឆ្នាំដោយសារកូវីដ១៩។អាជ្ញាធរ ឃុំជាំក្រវៀន ស្រុកមេមត់ខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីចាប់ត្រីបែប ប្រពៃណីនៅបរិវេណបឹងក្រហមក្រមនៅថ្ងៃទី១៨ ខែកុម្ភៈខាងមុខនេះ។

លោក អ៊ួច យឿន មេឃុំជាំក្រវៀន បានឱ្យដឹងថា កាលពីដើមនៅពេលដែល មានការប្រមូលផលដំណាំស្រូវរួចរាល់ហើយ គឺប្រជាពលរដ្ឋពួកគាត់មិនមាន ការងារអ្វីធ្វើឡើយ ស្របពេលដែលរដូវទឹកក៏ស្រក។ លោកថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋបានប្រមូលគ្នា ដើម្បីរៀបប្រារព្ធពិធីចាប់ត្រីបែបប្រពៃណី ដែល ជាទម្លាប់បានប្រារព្ធតៗគ្នាតាំងពីយូរហើយ របស់ប្រជាជនរស់នៅក្នុង ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោកបន្តថា៖« ជាទូទៅ កន្លងមកការប្រារព្ធពិធីនេះ គឺតែងតែមាន ប្រជាពលរដ្ឋ ជាច្រើនភូមិនៅឃុំមេមត់ ជាពិសេសបណ្ដាខេត្តផ្សេងទៀត តែងតែមានការចូលរួមក្នុងពិធីចាប់ត្រីបែបប្រពៃណីបុរាណនេះ។ហើយ ថែមទាំងមានការរៀបចំកម្មវិធីសប្បាយៗផ្សេងទៀតក្នុងពិធីចាប់ត្រីបែបបុរាណនេះ ដែលរួមមាន៖ ការរំាធុងបាស និងការបរិភោគអាហារជុំគ្នាជាដើម»។
លោកបន្ថែមថា ការចុះចាប់ត្រីបែបបុរាណនេះ វាបានបង្ហាញឱ្យអ្នកជំនាន់ ក្រោយបានឃើញអំពីការប្រើប្រាស់ឧបករណ៍ចាប់ត្រីបែបបុរាណដែលប្រជាពលរដ្ឋប្រើប្រាស់ រួមមាន៖ ត្រឹម អង្រុត ឈ្នាង ត្រក ក្លុះជាដើម។ ម្យ៉ាងទៀត ពិធីនេះ គឺមានការចូលរួមដោយសេរី ពីបណ្ដាប្រជាពលរដ្ឋដែល នៅក្នុង ឃុំជាំក្រវៀនទាំងអស់ ជាពិសេសអ្នកមកពីបណ្ដាខេត្តផ្សេងៗ ក៏អាច ចូលរួមពីធីនេះផងដែរ ដោយមិនប្រកាន់ឡើយ។

លោក អ៊ួច យឿន ថា៖ «តាំងពីដើមមក នៅពេលប្រមូលផលដំណាំរួចរាល់ គឺពលរដ្ឋគាត់ទំនេរ ។ដូច្នេះយើងបានប្រមូលអ្នកស្រុកអ្នកភូមិធ្វើពិធី សប្បាយៗ ចុះចាប់ត្រីបានប៉ុន្មានយកទៅផ្ទះប៉ុណ្ណឹងទៅ មិនថាក្មេង ចាស់ ប្រុសស្រីឡើយ។ ហើយឥលូវនេះពិធីហ្នឹង ត្រូវបានអភិបាលខេត្តយកចិត្ត ទុកដាក់ដែរ នឹងមានការចូលរួមពីលោកអភិបាលខេត្ត ចុះមកចាប់ដែរ ហេតុនេះហើយនឹងធ្វើឲ្យមានអ្នកចូលរួមកាន់តែច្រើន»។

លោករំពឹងថា ក្នុងឆ្នាំនេះ កម្មពិធីចាប់ពិធីចាប់ត្រីប្រពៃណីបុរាណ នឹង ប្រព្រឹត្តទៅដោយមានអ្នកចូលរួមច្រើនជាងប៉ុន្មានឆ្នាំមុន បន្ទាប់ពីពិធី នេះត្រូវបានខកខានធ្វើអស់រយៈពេលពីរឆ្នាំ ដោយសារការរីករាល នៃជំងឺកូវីដ-១៩។

លោកយឿន បន្ថែមថា ហើយកម្មវិធីចាប់ត្រីឆ្នាំនេះ នឹងរំពឹងថា អាច នឹងមានអ្នកចូលរួមបន្ថែមពីខេត្តផ្សេងៗ លើសប៉ុន្មានឆ្នាំមុនៗ ខណៈ ដែលកម្ពុជាបានបើកប្រទេសឡើងវិញហើយ ដែលវាជាឱកាសនៃការជួបជុំ កាន់តែរីករាយ និងបង្កើននូវសាមគ្គីភាពផងដែរ។

សូមបញ្ជាក់ផងដែរថា បឹងត្រពាំងក្រម គឺស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតា និងមាន បឹងតូចៗ ២០បឹងជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ ហើយរៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះ តែងតែ ប្រារព្ធពិធីចាប់ត្រី យកមកចំអិនហូបជុំគ្នា ដែលជាទំនៀមទម្លាប់ តាំងពី ដើមរហូតមកដល់សព្វថ្ងៃ៕
ដោយ៖ជា សុខនី

ads banner