ចិនចោទអាមេរិកថាប្រើកម្លាំងមិនរើសមុខបន្ទាប់ពីអាមេរិកបាញ់ទម្លាក់បាឡុងរបស់ខ្លួន
ប៉េកាំង៖ចិនបានចោទប្រកាន់សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះថាបាន ប្រើប្រាស់ កម្លាំងយោធាដោយមិនរើសមុខក្រោយពេលអាមេរិកបាញ់ទម្លាក់ «បាឡុង» របស់ចិន ដោយនិយាយថា ចំណាត់ការរបស់ក្រុងវ៉ាស៊ីនតោន៖ «បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែង របស់ភាគីទាំងពីរ និងវឌ្ឍនភាពក្នុងស្ថិរភាពទំនាក់ទំនងចិន-អាមេរិក»។
សហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងចិននៅឆ្នេរភាគខាងកើតនៃប្រទេសរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទះឃើញបាឡុងនោះអណ្ដែត លើរដ្ឋម៉ុងតាណា ដោយឆ្លងកាត់ទីតាំងយោធាដ៏រសើបផ្សេងៗ។ ចិន បានទទូចដដែលៗថា បាឡុងរបស់ខ្លួន ដែលបម្រើការឱ្យការស្រាវជ្រាវ វិទ្យាសាស្រ្ត ស៊ីវិល ដូចជាឧតុនិយម បានអណ្ដែតចូលទឹកដីអាមេរិក ដោយ អចេតនា។
អនុរដ្ឋមន្ត្រីការបរទេសចិន លោក សៀ ហ្វេង (Xie Feng) បានថ្លែងនៅ ថ្ងៃចន្ទនេះថា លោកបានដាក់ពាក្យបណ្តឹងជាផ្លូវការមួយទៅកាន់ ស្ថានទូត អាមេរិកកាលពីថ្ងៃអាទិត្យជុំវិញការបាញ់ទម្លាក់បាឡុង «ស៊ីវិល» ដោយប្រើ កម្លាំងយោធា។ លោក សៀ ថ្លែងថា៖ «សហរដ្ឋអាមេរិកបានធ្វើគរថ្លង់ ហើយបានទទូចឱ្យប្រើប្រាស់កម្លាំងយោធាដោយមិនរើសមុខ ប្រឆាំងនឹង បាឡុងស៊ីវិល ដែលហៀបនឹងចេញពីដែនអាកាសសហរដ្ឋអាមេរិកទៅហើយ ដែលនេះគឺជាការប្រតិកម្មហួសហេតុ និងបានបំពានយ៉ាងធ្ងន់ធ្ងរដល់ ស្មារតីនៃ ច្បាប់អន្តរជាតិ និងការអនុវត្តអន្តរជាតិ»។
គួរបញ្ជាក់ថា វត្តមានបាឡុងរបស់ចិនបានប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនង រវាងអាមេរិក និងចិន ដែលកំពុងតានតឹងរួចស្រាប់ហើយ ហើយវាបាន ជំរុញ ឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់ថូនី ប្ល៊ីងកែន លុបចោលគម្រោង ធ្វើទស្សនកិច្ចទៅទីក្រុងប៉េកាំងភ្លាមៗ ខណៈអាមេរិកចាត់ទុកការអណ្ដែត របស់ បាឡុង «ចារកម្ម» នេះ ថាជាការរំលោភលើដែនអធិបតេយ្យភាព របស់ខ្លួន។
លោក សៀ នៅតែទទូចថា បាឡុងរបស់ខ្លួនជារបស់ស៊ីវិលគ្មានមនុស្សបើក ដែលអណ្ដែតទៅលើទឹកដីអាមេរិកដោយសារធម្មជាតិ។ លោកថា ចិននឹង ការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន ចិន ការពារយ៉ាងម៉ឺងម៉ាត់នូវផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ប្រទេស ចិន ហើយរក្សាសិទ្ធិដើម្បីធ្វើការឆ្លើយតបជាចាំបាច់បន្ថែមទៀត។
លោក សៀ បានបន្ថែមដោយសំដៅលើជំនួបរវាងប្រធានាធិបតីអាមេរិក ចូ បៃដិន និងសមភាគីចិន លោក ស៊ី ជិនពីង កាលពីខែវិច្ឆិកាឆ្នាំមុនថា៖ «អ្វីដែលសហរដ្ឋអាមេរិកបានធ្វើ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និង ធ្វើឱ្យ ខូចខាតដល់កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់ភាគីទាំងពីរក្នុងស្ថិរភាព ទំនាក់ទំនងចិន-អាមេរិក ចាប់តាំងពីកិច្ចប្រជុំនៅកោះបាលី»៕
ដោយ៖ហួន ឌីណា