បើករថយន្តប្រដេញគ្នារេចង្កូតឡើងចិញ្ចើមផ្លូវជ្រុលទៅបុកដើមឈើមួយដើមដាច់ជាពីរ
ភ្នំពេញ៖ ប្រុសស្រីមួយក្រុមបើករថយន្តពីរគ្រឿងប្រដេញគ្នាយ៉ាងលឿនបណ្តាលឲ្យមួយគ្រឿងរេចង្កូតឡើងលើចិញ្ចើមជ្រុលទៅបុកដើមមឈើមួយដើមបាក់ជាពីរ រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្តាលឲ្យទ្រេត ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខ ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវR៥កែងនឹងផ្លូវR៦ ក្នុងសង្កាតមស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញរថយន្តបង្កម៉ាកMITSUBISHI BAJERO SPORT ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ2AM-4491បើកបរដោយយុវជនប្រុសស្រីមួយក្រុម និងរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបើកបរដោយយុវជនប្រុសស្រីមួយក្រុមដូចគ្នាដោយធ្វើដំណើរតាមបណ្តោយផ្លូវR៦ទិសដៅពីជើងទៅត្បូងប្រដេញ គ្នាយ៉ាងលឿន។ មកដល់ផ្លូវR៥ មកបត់ឆ្វេងដៃចំណុចកើតហេតុខាងលើរថយន្តបង្កបានរេចង្កូតឡើងលើចិញ្ចើមផ្លូវជ្រុលទៅបុកដើមឈើមួយដើមបាក់ដាច់ជាពីររាបដល់ដី រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀតបណ្តាលឲ្យទ្រេត។ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខរងតការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុខាភាគីរថយន្តបង្កបានធ្វើសម្រប សម្រួលគ្នាជាមួយខាងភាគីក្រុមហ៊ុនដើម្បីដោះស្រាយរឿងនៅនឹងកន្លែងតែម្តង៕