ប្រមុខ អ.ស.ប សោកសៅយ៉ាងខ្លាំង ចំពោះការស្លាប់មនុស្សព្រោះរញ្ជូយដី នៅតួកគី និងស៊ីរី
អ.ស.ប៖ ប្រមុខអង្គការសហប្រជាជាតិ (UN) បង្ហាញការសោកស្ដាយ ចំពោះចំនួនអ្នកស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងប្រទេសតួកគី និង ប្រទេសស៊ីរី ក្រោយការរញ្ជួយដីដ៏ខ្លាំង។
អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក អេនតូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) កាលពីថ្ងៃចន្ទ បានសម្តែងការសោកសៅយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើន ដែលបណ្តាលមកពីការរញ្ជួយដីដ៏ខ្លាំង នៅភាគខាងត្បូងប្រទេសតួកគី និងភាគខាងជើង ប្រទេសស៊ីរី។

យ៉ាងហោចណាស់មនុស្ស ២៣៧៩ នាក់បានស្លាប់ នៅប្រទេសតួកគី ខណៈដែលមនុស្ស៧១១នាក់ទៀតបានស្លាប់ នៅក្នុងប្រទេសស៊ីរី ហើយមនុស្សរងរបួសរាប់ពាន់នាក់ទៀត ក្នុងប្រទេសទាំងពីរ ដែលជាអ្នកជិតខាងនឹងគ្នា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំង បានវាយប្រហារផ្នែកនៃប្រទេសពីរ កាលពីព្រឹកថ្ងៃចន្ទ។

ដោយបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងជូនពរឱ្យឆាប់ជាសះស្បើយដល់អ្នករបួស លោក អេនតូនីញ៉ូ ហ្គូតឺរ៉េស ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តពេញលេញរបស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រការឆ្លើយតប ដោយបន្ថែមថា ក្រុមរបស់អង្គការសហប្រជាជាតិកំពុងធ្វើការវាយតម្លៃលើតម្រូវការ និងការផ្តល់ជំនួយ។

មន្ត្រីកំពូលរបស់អង្គការសហប្រជាជាតិរូបនេះ បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយប្រជាជនរាប់ពាន់គ្រួសារ ដែលរងគ្រោះ ដោយសារតែគ្រោះមហន្តរាយនេះ ដែលភាគច្រើននៃពួកគេកំពុងត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង នៅក្នុងតំបន់ដែលមានបញ្ហាប្រឈម៕


ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត