ពង្រឹងសមត្ថភាពមន្ត្រីអប់រំកាយ និងកីឡា សម្រាប់ព័ត៌មានវិទ្យានៃគោលដៅអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាកម្ពុជា

ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ព័ត៌មានវិទ្យាកម្រិត២ សម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកីឡា កាលពីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ការលើកទឹកចិត្តដល់មន្ត្រីអប់រំកាយ និងកីឡាទាំងអស់ខិតខំពង្រឹងអភិវឌ្ឍសមត្ថភាពឲ្យបានល្អប្រសើរ ដើម្បីបម្រើដល់ការងារប្រចាំថ្ងៃ ជាពិសេសត្រៀម ជួយរួមចំណែកដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ឲ្យបានប្រសើរ។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ មានប្រសាសន៍ថា ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា គឺអភិវឌ្ឍការងារអប់រំកាយ និងកីឡាឲ្យទៅជាចំណុចស្នូលនៃកំណែទម្រង់ និងលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសអប់រំកាយ និងកីឡារបស់សិស្ស និស្សិត យុវជន និងមហាជនប្រកបដោយគុណភាព និងគុណផលខ្ពស់ក្នុងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមអភិវឌ្ឍសង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិ។ ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន បានលើកកម្ពស់បន្ថែមដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ និងវិស័យកីឡាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈការបញ្ជូនកីឡាករ កីឡាការិនីទៅចូលរួមប្រកួត និងទទួលបានមេដាយពីគ្រប់ព្រឹត្តិការណ៍អន្តរជាតិ ទាំងជើងឯកពិភពលោក ជើងឯកទ្វីប ជើងឯកតំបន់ និងស៊ីហ្គេម ដែលសមិទ្ធផលទាំងនោះបានរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ លើឆាកអន្តរជាតិ។

លោក អ៊ឹង វិរៈ អនុប្រធានមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡានៃក្រសួងអប់រំ យុវជន និងកីឡាគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ព័ត៌មានវិទ្យាកម្រិត២ សម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកីឡានេះមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួម ៤០នាក់ (ស្រី០៦នាក់)។ គោលបំណងចម្បងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺធ្វើឡើងដើម្បីស្វែងយល់ពីបរិបទ ក្នុងការធ្វើការងារដោយប្រើបច្ចេកវិទ្យាទំនើប ដូចជាការប្រើប្រាស់ កម្មវិធីទំនាក់ទំនង និងការគ្រប់គ្រងការងារសិក្សាលើការរៀបចំ និងចូលកិច្ចប្រជុំអនឡាញ ការប្រើប្រាស់កម្មវិធី Excel ក្នុងវិស័យស្ថិតិស្វែងយល់ពីការកំណត់ប្រភេទទិន្នន័យ សម្រិតសម្រាំងទិន្នន័យ ចងក្រងទិន្នន័យ និងការសរសេរកម្រងសំណួរ សម្រាប់ការចុះស្រង់ស្ថិតិ ការវិភាគ និងពន្យល់លទ្ធផលស្ថិតិ និងការសិក្សាពីការរចនាកម្រិតដំបូង តាមវិធីសាស្រ្តងាយៗជាដើម ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner