រដ្ឋមន្រ្តីក្រសួងការងារចង់ឃើញកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនឱ្យបាន ៥ម៉ឺននាក់នៅថ្ងៃខាងមុខ

ភ្នំពេញ៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈ ចង់ឃើញកម្មសិក្សាការីកម្ពុជាបានទៅធ្វើការនៅប្រទេសជប៉ុន ឱ្យបាន៥ម៉ឺននាក់ ខណៈបច្ចុប្បន្ន កម្មសិក្សាការីកម្ពុជាបានចេញទៅធ្វើការនៅជប៉ុនបានត្រឹមប្រមាណ២ម៉ឺននាក់ប៉ុណ្ណោះ។

ការថ្លែងពីសំណាក់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា(JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។

បញ្ជាក់ក្នុងពិធីនេះឯកឧត្តម អ៊ិត សំហេងបានថ្លែងដោយធ្វើការស្នើដល់ខាងភាគីជប៉ុនធ្វើការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវចំនួន៥ម៉ឺននាក់ នាពេលដ៏ខ្លីខាងមុខនេះ។

នាឱកាសនៃជំនួបនោះដែរ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះលោកTakahashi Fumiaki ដែលជាមិត្តដ៏ល្អមួយរូបរបស់កម្ពុជា និងជាអ្នកការទូតដ៏មានសមត្ថភាពរបស់ប្រទេសជប៉ុន ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយផ្លែផ្កា។ បើទោះបីជាលោក Fumiaki បានបញ្ចប់បេសកម្មការទូតនៅកម្ពុជាក្តី តែរូបលោកនៅតែបន្តទំនាក់ទំនងដ៏ល្អជាមួយកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា រដ្ឋាភិបាលប្រទេសទាំងពីរ បានបង្កើនកិច្ចសហប្រតិបត្តិការដល់កម្រិត ដៃគូរជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ មួយវិញទៀតលំហូរ ពាណិជ្ជករជប៉ុនបានចូលមកកម្ពុជាកាន់តែច្រើន វិនិយោគលើគ្រប់វិស័យ បានផ្តល់ឱកាសការងារជូនដល់ពលរដ្ឋកម្ពុជាបានយ៉ាងច្រើន នេះជាការបង្ហាញពីសក្តានុពល និងភាពទាក់ទងរបស់កម្ពុជា។ ការមើលឃើញពីវត្តមានរបស់អ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាច្រើន ជាការជំរុញទាក់ទាញអ្នកវិនិយោគប្រទេសដទៃផ្សេងទៀតមកកាន់កម្ពុជាក៏កាន់តែច្រើនបន្ថែមទៀត ផងដែរ។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការវិនិយោគរបស់ជប៉ុន ពិតជានាំនូវបច្ចេកវិទ្យាទំនើបថ្មីៗ និងយន្តការគ្រប់គ្រងក្រុមហ៊ុន រោងចក្រ ឱ្យកាន់តែមានភាពងាយស្រួល។ ឯកឧត្តម កត់សម្គាល់ឃើញថា ក្រុមហ៊ុនរបស់ជប៉ុនដែលមានវត្តមាននៅកម្ពុជា កម្រមានវិវាទការងារណាស់ ក្រុមហ៊ុនអនុវត្តទៅតាមច្បាប់បានល្អ រួមនឹងទំនាក់ទំនងរវាងនិយោជកជប៉ុន និងកម្មករនិយោជិតកម្ពុជាមានភាពសុខដុមរមនានឹងគ្នា។

គួរបញ្ជាក់ថាដើម្បីចូលរួមអបអរសាទរ គម្រប់ខួបលើកទី៧០ នៃចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ខាងសមាគមជប៉ុន-កម្ពុជា(JCA) គ្រោងនឹងរៀបចំនូវកម្មវិធីមួយចំនួន ដើម្បីជាការរំលឹកនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរផង ក៏ដូចជាទាក់ទាញអ្នកវិនិយោគជប៉ុនមកកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីលើកស្ទួយសេដ្ឋកិច្ចរបស់កម្ពុជាឱ្យមានភាពសម្បូរសប្បាយ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលបានគិតគូយកចិត្តទុកដាក់ដល់កម្មសិក្សាការីកម្ពុជាដែលបានទៅធ្វើការនៅជប៉ុន និងជួយកម្ពុជាលើជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ដែលស្របគ្នាទៅនឹងផែនការយុទ្ធសាស្ត្រ ក៏ដូចជាផែនទីបង្ហាញផ្លូវរបស់កម្ពុជាឆ្នាំ២០៣៥ ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner