ខ្សែវីដេអូ ឯកសារ ស្តីពី”ជីវិតផ្លាស់ប្តូរដោយសារគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ត្រូវបានសម្ពោធជាផ្លូវការ

ភ្នំពេញ៖ ខ្សែភាពយន្តឯកសារស្តីពី «ជីវិតផ្លាស់ប្តូរដោយសារគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង»ត្រូវបានធ្វើការសម្ពោធជាផ្លូវការដែលបានបង្ហាញពីគម្រោងអប់រំសហគមន៍រេដបូកនៃសហគមន៍តំបន់ជួរភ្នំក្រវាញខាងត្បូងបានផ្តល់ឱកាសដល់កូនចៅនៅសហគមន៍ក្រីក្រអាចមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ កម្មវិធីការពារព្រៃឈើ ការចិញ្ចឹមសត្វក្របីរបស់ប្រជាសហគមន៍ តំបន់អេកូទេសចរណ៍តាមតំបន់ធម្មជាតិ និងការអភិរក្ស ហើយនិងស្តារឡើងវិញនៃពូជក្រវាញតំបន់សហគមន៍ជាដើម។

គួរបញ្ជាក់ថាខ្សែវីដអូននេះបាន សហការផលិតរវាងក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ត្រូវបានដាក់សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រីបណ្ឌិត សុវណ្ណា ហ្គូនលែត ស្ថាបនិក និងជាប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងនិស្សិតអាហារូបករណ៍នៃគម្រោងរេដបូក ជាច្រើនរូបទៀត។

ថ្លែងក្នុងពិធិនេះលោកស្រីបណ្ឌិត សុវណ្ណា ហ្គូនលែត បានលើកឡើងថា តាមរយៈភាពយន្តឯកសារដែលដាក់បញ្ចាំងនៅថ្ងៃនេះ នឹងបញ្ជាក់អំពីការផ្លាស់ប្តូរជីវិត ការងារ ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋានដែលប្រជាសហគមន៍មានការងារធ្វើ កូនៗបានរៀនសូត្រខ្ពង់ខ្ពស់ និងមានប្រាក់ចំណូលសម្រាប់គ្រួសារ ងាកពីការអាស្រ័យផលព្រៃឈើ មិនរួមគ្នាថែរក្សាព្រៃឈើវិញ។

ជាមួយគ្នានេះដែរ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ជាមោទកភាពជាតិ ដែលកម្ពុជា ប្រទេសទីមួយនៅអាស៊ីអាគ្នេយ៍ ដែលអាចរកថវិកាបានពីការលក់កាបូន។ នេះសរបញ្ជាក់ពីភាពជោគជ័យនៃការការពារ និងអភិរក្សព្រៃឈើ ក៏ដូចជាធនធានធម្មជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានជាសេនាធិការ។

ឯកឧត្តមបានឱ្យដឹងទៀតថា ថវិកាដែលទទួលបានពីការលក់កាបូននេះ ត្រូវបានយកមកប្រើប្រាស់ដើម្បីការពារអភិរក្សព្រៃឈើ ជួយលើកកម្ពស់ជីវភាពសហគមន៍ និងអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍សិក្សាដល់កូនៗបងប្អូនប្រជាសហគមន៍។

ឯកឧត្តម អនុរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា យើងអាចការពារអភិរក្សព្រៃឈើ ធនធានធម្មជាតិ ក៏ដូចជាការលក់កាបូនទៅបាន គឺអាស្រ័យដោយប្រទេសកម្ពុជាយើងមានសុខសន្តិភាព ទើបយើងមានឱកាសធ្វើកិច្ចការទាំងនេះបាន។

គួររំលឹកដែរថាការដាក់បញ្ចាំងខ្សែវីដេអូទាំងនេះសរុបមានចំនួន៦រឿងដែលផលិតឡើងដោយ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ,លោក ជឹម លីណា ,និងលោកស្រី Marie Anne Abrea ជនជាតិហ្វីលីពីនប្រធានគ្រប់គ្រងពាណិជ្ជកម្មនិងព្រឹត្តិការណ៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner