គ្រួសារងាយរងគ្រោះ៩០០គ្រួសារ នឹងទទួលផលពីគម្រោង «លើកកម្ពស់សន្តិសុខស្បៀង និងបន្ស៊ាំការប្រែប្រួលអាកាសធាតុ»
ភ្នំពេញ៖គម្រោង «លើកកម្ពស់សន្តិសុខស្បៀង និងការបន្សុំាការ ប្រែប្រួលអាកាសធាតុរបស់គ្រួសារងាយរងគ្រោះ» បានចាប់ផ្តើម អនុវត្តនៅខែធ្នូ ឆ្នាំ២០២២ គ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដែលតាមរយៈគម្រោងនេះ ត្រូវបានរំពឹងថា គ្រួសារងាយ រងគ្រោះប្រមាណ៩០០គ្រួសារនៅខេត្តបន្ទាយមានជ័យ នឹងទទួល ផលវិជ្ជមានពីគម្រោងនេះ។ នេះបើតាមសេចក្តីប្រកាស ព័ត៌មាន របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។
សេចក្តីប្រកាសដដែលបានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណ ជាង ១៧ម៉ឺនគ្រួសារ នៅបណ្តាខេត្តក្រុងចំនួន១៤ ទូទាំងប្រទេសកម្ពុជា បានរងផលប៉ះពាល់ដោយទឹកជំនន់ និងគ្រោះរាំងស្ងួត នៅក្នុង ឆ្នាំ២០២២។ ក្នុងនោះ ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយក្នុង ចំណោម ខេត្តទាំង១៤ ដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយជះឥទ្ធិពលដល់គ្រួសារចំនួនជាងបួនម៉ឺនគ្រួសារ និងកុមារ ចំនួនជាងពីរ ម៉ឺននាក់។
ជាមួយគ្នានោះ របាយការណ៍កម្មវិធីស្បៀងអាហារពិភពលោក បានបង្ហាញថា រយៈពេលពីរឆ្នាំចុងក្រោយនេះ មុខម្ហូបសំខាន់ៗ ដែលប្រើប្រាស់សម្រាប់ការហូបចុកជាប្រចាំ មានការកើន ឡើង ពី១៧ភាគរយ ដល់៤២ភាគរយ គិតត្រឹមខែកក្កដា ឆ្នាំ២០២២។ ក្រៅពីនេះ ជំងឺកូវីដ១៩ កត្តាប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសង្គម ជា ពិសេសគ្រួសារងាយរងគ្រោះ ទៅលើការប្រកបរបរចិញ្ចឹមជីវិត និងបញ្ហាសុខភាពផ្សេងៗ។
ដោយមើលឃើញពីទំហំផលប៉ះពាល់នេះ ខណៈមានការគាំទ្រពី ទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសអាល្លឺម៉ង់ (BMZ) តាមរយៈអង្គការ ទស្សនៈពិភពលោកអាល្លឺម៉ង់ អង្គការទស្សនៈពិភពលោកអន្តរ ជាតិ នៅកម្ពុជា អង្គការវឌ្ឍនភាព និងអង្គការសុវណ្ណភូមិ បាននិងកំពុង រួម គ្នាអនុវត្តគម្រោង «លើកកម្ពស់សន្តិសុខស្បៀង និងការបន្សាំ ការប្រែប្រួលអាកាសធាតុរបស់គ្រួសារងាយរងគ្រោះ» នេះឡើង។
អគ្គលេខាធិការរងនៃអគ្គរលខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោក សយ អ៊ឹង បានបង្ហាញការគាំទ្រ ឱ្យមានការអនុវត្តគម្រោង “លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងបន្សាំការប្រែប្រួលអាកាសធាតុ”នេះ។
លោកបានលើកឡើងថា ៖ «សន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាបញ្ហាអន្តរវិស័យតម្រូវឱ្យមានកិច្ចសហការល្អ ការសម្រប សម្រួល ការអន្តរាគមន៍ និងការវិនិយោគនៅក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំ ទឹកស្អាត និងអនាម័យ គ្រប់គ្រងធនធានទឹក គាំពារសង្គម យេនឌ័រ និងវិស័យពាក់ព័ន្ធនានា»។
តាមរយៈគម្រោងនេះ លោក សយ អ៊ឹង រំពឹងថា រដ្ឋបាលស្រុក គោលដៅ នៃស្រុកភ្នំស្រុក ស្រុកស្វាយចេក ស្រុកមង្គលបុរី និងស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ សហគមន៍កសិកម្ម និងក្រុមអ្នកផលិត មណ្ឌលសុខភាព និងគណៈកម្មាការគ្រប់គ្រង គ្រោះ មហន្តរាយគ្រប់ជាន់ថ្នាក់នឹងយល់ដឹងអំពីសារៈ សំខាន់ វិស័យនេះ នឹងលើកស្ទួយវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ថែមទៀត ខណៈវិស័យនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍ មូល ធនមនុស្ស សេដ្ឋកិច្ច និងសង្គមជាតិ។
ជុំវិញគម្រោងនេះ នាយកប្រតិបត្តិអង្គការសុវណ្ណភូមិ លោក សុខ ហេង បានបញ្ជាក់ដែរថា តាមរយៈជំនួយដែលបានផ្តល់នាពេលនេះ បានផ្តល់លទ្ធភាពដល់អង្គការរបស់លោក ក្នុងការធ្វើការជាមួយ សហគន៍ ក្រោមការសហការណ៍ពីអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឱ្យ ប្រសើរឡើងនូវចំណេះជំនាញដល់សហគមន៍ទាំង អាហារូបត្ថម្ភ វិធីសាស្រ្តកសិកម្ម ពិសេសការបន្ស៉ាំការប្រែប្រួលអាកាសធាតុរបស់ គ្រួសារងាយរងគ្រោះកាន់តែមានប្រសិទ្ធិភាព។
គួរបញ្ជាក់ដែរថា គម្រោង «លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងបន្សាំការប្រែប្រួលអាកាសធាតុ» បច្ចុប្បន្ន កំពុង ធ្វើសកម្មភាពក្នុងស្រុកចំនួនបួន ដូចជា ស្រុកភ្នំស្រុក ស្រុកព្រះនេត្រ ព្រះ ស្រុកមង្គលបុរី និងស្រុកថ្មពួក នៃខេត្តបន្ទាយ មានជ័យ។
គម្រោងដែលមានរយៈពេលពីរឆ្នាំកន្លះ បានចាប់ផ្តើមអនុវត្តកាលពី ខែធ្នូ ឆ្នាំ២០២២ គ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៥ខាងមុខ។គម្រោងនេះ ត្រូវបាន រំពឹងថា មានគ្រួសារងាយរង់គ្រោះ ចំនួន៩០០ គ្រួសារ ១៦ សហគមន៍កសិកម្ម និង៥១ មណ្ឌលសុខភាព នឹង ទទួលផលវិជ្ជមាន៕
ដោយ៖សែម ពិសី