សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជំរុញការផ្សព្វផ្សាយបន្ថែម បញ្ចៀសការផ្តល់ឥណទានខុសច្បាប់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា នឹងរៀបចំផែនការរបស់ខ្លួន ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ប្រយុទ្ធប្រឆាំង នឹងអ្នកផ្ដល់កម្ចីក្រៅផ្លូវការ ក្រោយពីមានសកម្មភាព ផ្សព្វផ្សាយនិងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវា ឥណទាន តាមរយៈទូរស័ព្ទ បណ្តាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាត។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពវិស័យធនាគារ និង ហិរញ្ញវត្ថុ និងវិធានការបុរសកម្មឆ្លើយតបទៅនឹងការផ្ដល់សេវា ហិរញ្ញវត្ថុក្រៅផ្លូវការកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើង ថា កន្លងទៅ មានសកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុ ក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្តាញ សង្គមនានា និងអនឡាញនេះ។
លោកបន្តថា សកម្មភាពនេះ បានបង្កផលវិបាកជាច្រើនមកលើ សេដ្ឋកិច្ច និងសង្គមតាមរយៈ ការយកអត្រាការប្រាក់ខ្ពស់ហួស ហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែល បណ្តាល ឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនិង ធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។

លោក រ័ត្ន សោភ័ណ បានបន្ថែមថា ការផ្តល់ឥណទានដោយ គ្មាន អាជ្ញាបណ្ណត្រឹមត្រូវ វានាំឱ្យកើតមានបញ្ហាសង្គមច្រើន ដោយខាង សមាគមពិបាកក្នុងការក្តាប់ព័ត៌មាន ដែលការណ៍នេះបានជះ ឥទ្ធិពល ដល់ស្ថិរភាព ហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារ នៅ កម្ពុជាទាំងមូល។

លោកបានបញ្ជាក់ថា ៖ «នៅក្នុងឆ្នាំ២០២៣នេះ សមាគមទាំងពីរ មានផែនការរៀបចំឱ្យមានការអប់រំបណ្តុះបណ្តាលបណ្តាលចំណេះដឹងទូទៅ ទាក់ទិនទៅនឹងថាមានស្ថាប័នហិរញ្ញវត្ថុណា ខ្លះដែល ស្របច្បាប់ និងស្ថាប័នណា ដែលមិនស្របច្បាប់ ដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍ ដើម្បីឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ មុន នឹងសម្រេចចិត្តខ្ចីប្រាក់ពីស្ថាប័ននោះ»។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា បានឱ្យដឹងបន្ថែមដែរថា សមាគមនឹងចាប់ផ្តើមបញ្រ្ជាបការ យល់ដឹងទាក់ទងទៅនឹងការបញ្ជៀសការទទួលបានឥណទានពីស្ថាប័នក្រៅផ្លូវការ ដល់អាជ្ញាធរនៅតាមសហគមន៍ ដើម្បីឱ្យពួកគេ ផ្សព្វផ្សាយ និងអប់រំបន្តដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

លោកបានបន្តថា នៅក្នុងការអនុវត្តបន្តបន្ទាប់ទៀត សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជានឹងរៀបចំជាបញ្ជីឈ្មោះស្ថាប័ន ដែលមាន អាជ្ញាបណ្ណត្រឹមត្រូវពីធនាគារជាតិ ហើយចែកជូនទៅសហគមន៍ នីមួយៗ ដើម្បីឱ្យពួកគាត់អាចទទួលបានព័ត៌មានច្បាស់លាស់ មុននឹងសម្រេចចិត្តទទួលយកកម្ចីពីស្ថាប័នទាំងនោះ។

លោក សុខ វឿន បានបញ្ជាក់ដូច្នេះថា ៖ «ការផ្តល់សេវាឥណទាន តាមរយៈអនឡាញនេះ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ ដោយវាជាការប្រសើរ បើសិនជាស្ថាប័នដែលផ្តល់កម្ចីនោះ ជា ស្ថាប័ន មានច្បាប់ត្រឹមត្រូវ តែវានឹងមានហានិភ័យ បើសិនជា ស្ថាប័ននោះ មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិ។ អ្វីដែលយើងមើលនាពេលបច្ចុប្បន្ននេះ ការផ្តល់សេវាតាមប្រព័ន្ធ អនឡាញ ស្ទើរទាំងអស់ គឺមិនមានអាជ្ញាបណ្ណពីធនាគារជាតិ នោះទេ។ ដូច្នេះហើយ ការផ្តល់កម្ចីតាមអនឡាញសព្វថ្ងៃ គឺរងផលប៉ះពាល់ខ្លាំង ដល់កេរ្តិ៍ឈ្មោះ នៃវិស័យមីក្រូហិរញ្ញវត្ថុ ឬវិស័យធនាគារទាំងមូល»។
បើតាមសមាគមធនាគារនៅកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០២២ នេះ ប្រព័ន្ធធនាគារកម្ពុជាសម្រេចបានលទ្ធផលល្អ និងបានរួម ចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិង គាំទ្រកំណើនសេដ្ឋកិច្ច ដែលត្រូវបានប៉ានស្មានថាងើបឡើងវិញ ក្នុងអត្រា ៥,១ភាគរយ ។អត្រាប្តូរប្រាក់រៀល ធៀបនឹងដុល្លារ អាម៉េរិក ត្រូវបានរក្សាមានស្ថិរភាពក្នុងរង្វង់ ៤.១០២រៀល ក្នុងមួយ ដុល្លារអាមេរិក ហើយអត្រាអតិផរណាប្រចាំឆ្នាំ២០២២ មានកម្រិត ៥,៥ភាគរយ។
បច្ចុប្បន្ន ប្រព័ន្ធធនាគារកម្ពុជាមានធនាគារពាណិជ្ជ ៦០, ធនាគារ ឯកទេស ៩, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥, គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២, គ្រឹះស្ថានឥណទាន ជនបទ ២២៤, គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦, អ្នកដំណើរការ តតិយភាគី ៥, គ្រឹះស្ថានផ្តល់ សេវាទូទាត់សងប្រាក់ ៣៤, អ្នកផ្តល់ សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១, ការិយាល័យតំណាង ធនាគារបរទេស ៦ និងអាជីវកម្មប្ដូរប្រាក់ ២ ៨៦៩។

ទ្រព្យសកម្មនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ មានកំណើនប្រមាណ១៤,៥ភាគរយ ខណៈដែល ទ្រព្យសកម្មនៅក្នុងវិស័យធនាគារមានកំណើន១៣,២ភាគរយ, ឥណទាននៅក្នុងវិស័យធនាគារមានកំណើនប្រហែលជាង២០ភាគរយ, ប្រាក់បញ្ញើរមានកំណើនក្នុងរង្វង់១៥ភាគរយ។

សម្រាប់វិស័យធនាគារផ្ទាល់ កំណើនឥណទានមានចំនួន ១៩ ភាគរយ, គណនីឥណទានមានប្រមាណ១,៥គណនី, ប្រាក់បញ្ញើ មានកំណើនជិត១០ភាគរយ ដែលមានគណនី ប្រាក់បញ្ញើជាង ១១លាននាក់៕
ដោយ៖វណ្ណ សុជាតា

ads banner