ភាគីជប៉ុន សន្យាទាក់ទាញអ្នកនិយោគជប៉ុនមកកម្ពុជាឱ្យបានច្រើនបន្ថែមទៀត
ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃសមាគមជប៉ុន-កម្ពុជា(JCA) បានលើក ឡើង ថា សមាគមរបស់លោកសន្យាថានឹងទាក់ទាញអ្នកនិយោគ ជប៉ុនមកកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីជួយអភិវឌ្ឍន៍វិស័យ ធនធានមនុស្សរបស់កម្ពុជាឱ្យកាន់តែមានសមត្ថភាព ទាំងចំណេះ ជំនាញ ដើម្បីដើរឱ្យទាន់តម្រូវការសង្គម-សេដ្ឋកិច្ច ដែលកំពុង មានការរីកចម្រើននាពេលបច្ចុប្បន្ននេះ។
លោក តាកាហាស៊ី ហ្វូមីអាគី(Takahashi Fumiaki) ប្រធាន សមាគមជប៉ុន-កម្ពុជា(JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានលើកឡើងដូចនេះ កាលពីថ្ងៃទី៧ ខែកុម្ភៈ ក្នុង ឱកាសលោកបានចូលរួមពិភាក្សាការងារមួយជាមួយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាទីស្តីការ ក្រសួង។
នាឱកាសនៃជំនួបនោះ ឯកឧត្តម អ៊ិត សំហេង បានវាយតម្លៃខ្ពស់ ចំពោះលោកTakahashi Fumiaki ដែលជាមិត្តដ៏ល្អមួយរូប របស់កម្ពុជា និងជាអ្នកការទូតដ៏មានសមត្ថភាពរបស់ប្រទេសជប៉ុន ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយផ្លែផ្កា បើទោះបីជាលោកបានបញ្ចប់បេសកម្មការទូត នៅ កម្ពុជាក្តី តែរូបលោកនៅតែបន្តទំនាក់ទំនងដ៏ល្អជាមួយកម្ពុជា។
ឯកឧត្តមបានលើកឡើងថា ៖ «រដ្ឋាភិបាលប្រទេសទាំងពីរ បាន បង្កើនកិច្ចសហប្រតិបត្តិការដល់កម្រិត ដៃគូរជាយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ។ មួយវិញទៀតរំហូរ ពាណិជ្ជករជប៉ុនបានចូលមក កម្ពុជាកាន់តែច្រើន វិនិយោគលើគ្រប់វិស័យ បានផ្តល់ឱកាស ការងារជូនដល់ពលរដ្ឋកម្ពុជាបានយ៉ាងច្រើន នេះជាការបង្ហាញ ពីសក្តានុពល និងភាពទាក់ទងរបស់កម្ពុជា»។ ការមើល ឃើញ ពី វត្តមានរបស់អ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាច្រើន ជាការជំរុញ ទាក់ទាញអ្នកវិនិយោគប្រទេសដទៃផ្សេងទៀតមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។ ឯកឧត្តម អ៊ិត សំហេង បាន បន្ថែមថា ការវិនិយោគរបស់ជប៉ុន ពិតជានាំនូវបច្ចេកវិទ្យាទំនើបថ្មីៗ និងយន្តការគ្រប់គ្រងក្រុមហ៊ុន រោងចក្រ ឱ្យកាន់តែមានភាពងាយ ស្រួល។
ជាមួយគ្នាដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារក៏បានកត់សម្គាល់ ឃើញដែរថា ក្រុមហ៊ុនរបស់ជប៉ុនដែលមានវត្តមាននៅកម្ពុជា កម្រមានវិវាទការងារណាស់។ ក្រុមហ៊ុនអនុវត្តទៅតាមច្បាប់បានល្អ រួមនឹងទំនាក់ទំនងរវាងនិយោជកជប៉ុន និងកម្មករនិយោជិត កម្ពុជា មានភាពសុខដុមរមនានឹងគ្នា។
ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំក្រសួងការងារ ក៏បានស្នើ និងចង់ ឃើញកម្មសិក្សាការីកម្ពុជាបានទៅធ្វើការនៅប្រទេសជប៉ុន ឱ្យបាន ប្រាំម៉ឺននាក់ ដោយលោកបានស្នើដល់ខាងភាគីជប៉ុនធ្វើការ បណ្តុះ បណ្តាលធនធានមនុស្សរបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យ បាននាពេលដ៏ខ្លីខាងមុខនេះ ខណៈបច្ចុប្បន្ន កម្មសិក្សាការីកម្ពុជា បានចេញទៅធ្វើការនៅជប៉ុនបានត្រឹមប្រមាណពីរម៉ឺននាក់ប៉ុណ្ណោះ។
ឆ្លើយតបទៅនឹងការស្នើនេះ លោក Fumiaki រួមនឹងសមាជិករបស់ សមាគម នឹងប្រឹងប្រែងធ្វើយ៉ាងណាជួយមកកម្ពុជាលើ ជំនាញ ដ៏ចំាបាច់ ដែលកំពុងមានតម្រូវការសម្រាប់ទៅធ្វើការនៅជប៉ុន។
ជាមួយគ្នានេះដែរ លោក Fumiaki ក៏បានបង្ហាញពីការពេញចិត្ត ដោយលោកសង្កេតឃើញថា រថយន្តដែលផលិតនៅប្រទេសជប៉ុន បានចរាចរណ៍នៅកម្ពុជាមានចំនួនកាន់តែច្រើន។
លោកបានបន្តថា ៖ «វាជាឱកាសមួយសម្រាប់ឱ្យខាងជប៉ុនផ្តល់ ការបណ្តុះបណ្តាលលើជំនាញថែទាំ និងជួសជុលរថយន្តនេះ ទៅដល់យុវជនកម្ពុជាឱ្យកាន់តែមានសមត្ថភាព រួមនឹងផ្តល់ការ បណ្តុះបណ្តាលជំនាញកែសម្ជស្ស ដែលជាជំនាញមួយកំពុង តែពេញនិយម ដែលអាចផ្តល់ចំណូលបានប្រសើរ បើយុវជន យុវតីរបស់កម្ពុជា ចាប់យកអាជីពខាងកែសម្ជស្សនេះបាន ស្ទាត់ជំនាញ»។
ឯកឧត្តម អ៊ិត សំហេង បានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែល បានគិតគូរយកចិត្តទុកដាក់ដល់កម្មសិក្សាការីកម្ពុជាដែលបានទៅធ្វើការនៅជប៉ុន និងជួយកម្ពុជាលើជំនាញបណ្តុះបណ្តាល វិជ្ជាជីវៈ នេះ ដែលស្របគ្នាទៅនឹងផែនការយុទ្ធសាស្ត្រ ក៏ដូចជាផែនទី បង្ហាញ ផ្លូវរបស់កម្ពុជាឆ្នាំ២០៣៥។
ឆ្លៀតឱកាសនៃជំនួបនេះដែរ សមាគមជប៉ុន-កម្ពុជា(JCA) គ្រោង នឹងរៀបចំនូវកម្មវិធីមួយចំនួន ដើម្បីជាការរំលឹកនូវកិច្ចសហប្រតិបត្តិ ការ ដ៏ល្អរវាងប្រទេសទាំងពីរផង ក៏ដូចជាទាក់ទាញអ្នកវិនិយោគ ជប៉ុន មកកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីលើកស្ទួយសេដ្ឋកិច្ច របស់កម្ពុជាឱ្យមានភាពសម្បូរសប្បាយ ដើម្បីចូលរួមអបអរសាទរ គម្រប់ខួបលើកទី៧០ នៃចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន។
អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាពកម្ពុជា លោក ហុង វណ្ណៈ ធ្លាប់បានលើកឡើងថា ការវិនិយោគរបស់ជប៉ុននៅកម្ពុជានៅ តែមានកំណើន ទោះបីជាប្រទេសទាំងពីរបានជួបប្រទះវិបត្តិ កូវីដ១៩យ៉ាងណាក៏ដោយ ហើយសព្វថ្ងៃនេះ មានក្រុមហ៊ុន ជប៉ុនជាច្រើនកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅខេត្តកោះកុង ដោយបានវិនិយោគស្ទើរគ្រប់វិស័យ ជាពិសេសវិស័យកម្មន្តសាល ដែលមិនមែនកាត់ដេរ ។
លោក ហុង វណ្ណៈ បានបញ្ជាក់ថា ៖ «វិស័យកម្មន្តសាលនេះ ជា អនុវិស័យមួយដែល គាំពារដល់ ការវិនិយោគ ក៏ដូចជាសេដ្ឋកិច្ច របស់យើង ឱ្យមានលំនឹងជាងវិស័យកាត់ដេរ។ ដោយសារ មានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចការសម្រួល ផ្នែកវិនិយោគពាណិជ្ជកម្ម ពីក្រសួងសេដ្ឋកិច្ច និង ក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា។ កម្ពុជាយើងរំពឹងថាជប៉ុន នឹងបន្តវិនិយោគបន្ថែម លើវិស័យផ្សេងទៀតនៅកម្ពុជា បន្ទាប់ពីផ្នែកឧស្សាហកម្មកម្មន្ត សាលនេះ»៕
ដោយ៖យុទ្ធ វីរៈ