រដ្ឋមន្រ្តីក្រសួងកសិកម្ម និងឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ពិភាក្សាលើបញ្ហាការប្រែប្រួលអាកាសធាតុ និងបរិស្ថាន
ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃប្រទេសកម្ពុជា និងចក្រភពអង់គ្លេស បាន កំពុងធ្វើការស្វែងរកកិច្ចសហការភាពជាដៃគូ រវាងប្រទេសទាំងពីរ នេះ លើវិស័យកសិកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពលើកម្មវិធីបម្រែបម្រួល អាកាសធាតុ និងបរិស្ថាន ដែលការពិភាក្សាលើចំណុចនេះ ត្រូវ បាន ធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅ កម្ពុជា លោក ដូមីនិក វីល្លៀម(Dominic Williams) កាល ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ក្នុងជំនួបពិភាក្សាការងារនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែង នូវការស្វាគមន៍ចំពោះការស្វែងរកកិច្ចសហការភាពជាដៃគូរវាងប្រទេសទាំងពីរ និងត្រូវមាននូវអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយដៃគូសម្រាប់ការអនុវត្តការងារឱ្យបានរលូន និងតាមទិសដៅ ដែលបានគ្រោងទុក។
យោងតាមប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ឱ្យដឹងថា នាឱកាសនៃជំនួបនោះ ឯកឧត្តម ឌិត ទីណា បាន លើក ឡើងពីបញ្ហានៃចំនួនអ្នកនេសាទនៅតំបន់ទន្លេមេគង្គនិងទន្លេសាប ដែលត្រូវធ្វើការកាត់បន្ថយជំនួសដោយការប្រកបរបរផ្សេងៗដែលសមស្រប ដើម្បីបង្កើនបរិមាណត្រីផ្សោត ដែលជាប្រភេទសត្វកម្រ ក៏ដូចជាការអភិរក្សសត្វស្វាផងដែរ។ លោកក៏បានលើកឡើង អំពី យុទ្ធសាស្ត្រភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដែលតម្រូវឱ្យ មានការចូលរួមពីវិស័យឯកជនលើការវិនិយោគ សំដៅជំរុញ កំណើន ផលិតកម្មកសិកម្មប្រកបដោយគុណភាព ដែលអាចធ្វើការ ប្រកួតប្រជែងជាមួយប្រទេសជិតខាងដូចជាថៃ និងវៀតណាម ពីព្រោះប្រទេសកម្ពុជា គឺត្រូវការទីផ្សារ និងការនាំចេញផលិតផល កសិកម្មបន្ថែមទៀត។
បន្ថែមពីនេះទៀត រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ ក៏បានស្នើភាគី ស្ថានទូតអង់គ្លេសឱ្យពិនិត្យលទ្ធភាពដោយក្រសួងត្រូវការគ្រូភាសាអង់គ្លេស ពិសេសលើជំនាញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឆ្លើយតបទៅនឹងរឿងនេះ លោកឯកអគ្គរាជទូតអង់គ្លេសប្រចាំ កម្ពុជា លោកបានកត់សម្គាល់ពីសក្ដានុពលសម្រាប់វិស័យកសិកម្ម ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ច។
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកអគ្គរាជទូត បានឯកភាពធ្វើការយ៉ាង ជិតស្និទ្ធដើម្បីបង្កើនទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងកម្ពុជា ក្នុងវិស័យនេះ និងបន្តកិច្ចសហប្រតិបត្តិការរបស់បណ្ដាប្រទេស ទាំងពីរ លើបញ្ហាការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។
ទាក់ទងនឹងការស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស នេះដែរ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជ្យ បណ្ឌិត សភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានឱ្យដឹងថា ជំនួប នេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តការរវាងកម្ពុជា និងចក្រភពអង់គ្លេស ទទួលបានឱកាសក្នុងការជួយជ្រោមជ្រែងដល់វិស័យណាមួយបស់ក្រសួងកសិកម្ម ដើម្បីផ្ដល់ការគាំទ្រលើបញ្ហាបម្រែលបម្រួល អាកាស ធាតុក្នុងវិស័យកសិកម្ម។លោកបន្តថា វិស័យកសិកម្ម គឺ ជាវិស័យមួយដែលពឹងផ្អែកទៅលើអាកាសធាតុភាគច្រើន បើសិន មាន ករណីអ្វីមួយដែលធ្វើឲ្យអាកាសធាតុមានការប្រែប្រួល នោះនឹង ធ្វើឱ្យការធ្វើកសិកម្មប្រឈមជាមួយនឹងវិបត្តិដែលធ្វើឱ្យទិន្នផលរបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះ ឬធ្វើឱ្យរដូវកាលធ្វើកសិកម្មខុស ជាដើម។
លោក គី សេរីវឌ្ឍន៍ បានថ្លែងថា ៖ «គម្រោងនៃការជួបគ្នានេះ នឹង អាចឱ្យប្រទេសអង់គ្លេសផ្ដល់នូវជំនួយបច្ចេកទេស ផ្ដល់នូវការ សិក្សា ស្រាវជ្រាវ និងផ្ដល់នូវគំរូម៉ូដែលនៃការធ្វើកសិកម្មមួយ តាម បែបនំនើប ដែលយើងអាចគ្រប់គ្រងកសិកម្មដោយខ្លួនឯង ដោយ មិនចាំបាច់ពឹងផ្អែកទៅលើអាកាសធាតុ ឬក៏យើងអាចធ្វើការផ្លាស់ ប្ដូរ រចនា សម្ព័ន្ធនៃការផលិតលើវិស័យកសិកម្មរបស់យើងឱ្យ វិលមក រកភាពល្អប្រសើរឡើងវិញបាន»។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានបន្ថែមថា នៅពេលដែលមានការ ផ្ដល់នូវជំនួយបច្ចេកទេសទាំងអស់នេះ ព្រមទាំងប្រជាពលរដ្ឋ ទទួល បានការផ្សព្វផ្សាយផងដែរ នោះនឹងឃើញថា ផលិត ផល កសិកម្មអាចនឹងមានកំណើនប្រសើរឡើងមកវិញ ខណៈពេល ដែលបច្ចុប្បន្ន ទិន្នផលកសិកម្ម កំពុងនឹងប្រឈមជាមួយនឹងវិបត្តិ នៃការប្រែម្រួលអាកាសធាតុ ដូចជា ភ្លៀងច្រើន និងគ្រោះរាំងស្ងួត ដែលជាហេតុខុសរដូវកាលពីមុន។
សូមបញ្ជាក់ថា គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីសម្តែង ការគួរសមផង និងពិភាក្សាលើការងារអាទិភាពរបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទផង និងការងារអាទិភាពរបស់ ស្ថានទូតអង់គ្លេស ការធ្វើបច្ចុប្បន្នភាពលើកម្មវិធីបម្រែបម្រួល អាកាសធាតុ និងមូលនិធិជីវចម្រុះទេសភាព (Biodiverse Landscapes Fund) របស់ស្ថានទូតអង់គ្លេស និងឱកាសក្នុងការ ជួយជ្រោមជ្រែងដល់វិស័យណាមួយរបស់ក្រសួងផងដែរ៕
ដោយ៖ជា សុខនី