មូលហេតុដែលរញ្ជួយដីនៅតួកគី-ស៊ីរី សម្លាប់មនុស្សរហូត ដល់ រាប់ពាន់នាក់
កង់ប៉េរ៉ា៖ម៉ោង៤ទាបភ្លឺនៃព្រឹកថ្ងៃចន្ទ ទី០៦ ខែកុម្ភៈឆ្នាំ២០២៣ ពោលគឺនៅពេលដែលប្រជាជនភាគច្រើនមិនទាន់ក្រោកពីដំណេកផង រញ្ជួយដីដ៏ខ្លាំងក្លាមួយក្នុងកម្រិត ៧,៨ រ៉ិចទ័រ បានវាយប្រហារ ក្បែរទីក្រុងកាហ្ស៊ីអានទិប (Gaziantep) ដែលស្ថិតនៅភាគខាង ត្បូង នៃប្រទេសតួកគី និងមិនឆ្ងាយប៉ុន្មានពីព្រំដែនស៊ីរី។
ការរញ្ជួយដីនេះ បានបង្កើតការរំញ័ររហូតដល់ប្រទេសស៊ីរី អ៊ីស្រាអែល លីបង់ និងកោះស៊ីប និងបង្កឱ្យអគារជាច្រើនខ្នង ដួលរលំបាក់ស្រុតចុះ ហើយបង្កប់មនុស្សជាប់ក្នុងគំនរបាក់បែក។
មិនទាន់បាន ១០ ម៉ោងផង រញ្ជួយដីដ៏ខ្លាំងមួយទៀតក្នុងកម្រិត ៧,៦ រ៉ិចទ័រ បានវាយប្រហារនៅក្បែរកន្លែងចាស់ ដែលធ្វើឱ្យស្ថាន ភាព ដ៏ត្រដាបត្រដួសនៃតំបន់រងគ្រោះទាំងនៅតួកគី និងស៊ីរី ដែលយ៉ាប់យឺនរួចស្រាប់ទៅហើយនោះ កាន់តែអាក្រក់ទៅៗ។
យោងតាមទិន្នន័យពីក្រុមអាជ្ញាធរគិតត្រឹមព្រឹកថ្ងៃអង្គារ ចំនួន អ្នកស្លាប់គិតតែក្នុងប្រទេសតួកគីមួយ បានកើនឡើងដល់ ៣ ៣៨១ នាក់ ខណៈតួលេខដូចគ្នានៅស៊ីរីបានកើនដល់ ១ ៤៤៤ នាក់។ នេះបើតាមការស្រង់ព័ត៌មានរបស់បណ្ដាញព័ត៌មាន Al Jazeera។
ជាមួយគ្នានោះ ខណៈដែលក្រុមអ្នកជួយសង្រ្គោះនៃប្រទេសទាំងពីរ កំពុងដុតដៃដុតជើងបំពេញប្រតិបត្តិការរបស់ខ្លួន ចំនួនអ្នកស្លាប់ ត្រូវបានគេរំពឹងថានឹងបន្តកើនឡើងថែមទៀត។
អ្នកជំនាញបានលើកឡើងថា មានកត្តាជាច្រើនដែលធ្វើឱ្យការ រញ្ជួយ ដី កាល ពីថ្ងៃចន្ទនេះ បានឆក់យកជីវិតមនុស្សរហូតដល់ រាប់ ពាន់នាក់។
មន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់តួកគី (AFAD) បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារដូចគ្នាថា ជនរងគ្រោះជាង ២០ ០០០ នាក់ត្រូវបានជួយសង្រ្គោះក្នុងខេត្តដែលរងផលប៉ះពាល់ចំនួន ១០ ខណៈមហន្តរាយនេះបានធ្វើឱ្យសំណង់អគារជាង ៥ ៧០០ ខ្នង បាន ដួលរលំ និងរាប់ពាន់ខ្នងរងការខូតខាតធ្ងន់ធ្ងរ។
លោកបានគូសបញ្ជាក់ថា ក្រោយការរញ្ជួយដីធំៗទាំងពីរលើក ការរញ្ជួយតូចៗ(Aftershocks)យ៉ាងហោចណាស់ ២៨៥ ដង បានកើតឡើង។
ទោះយ៉ាងណាក៏ដោយ សាស្ត្រាចារ្យនៅវិទ្យាស្ថានស្រាវជ្រាវ និង អង្កេតការរញ្ជួយដី Kandilli នៃសាកលវិទ្យាល័យ Bogazici ក្នុងទី ក្រុងអ៊ីស្តង់ប៊ុល លោក Mustafa Erdik បានថ្លែងប្រាប់ Al Jazeera ថា ៖ «គុណភាពអន់របស់អគារ គឺជាហេតុផលមួយ ក្នុងចំណោមហេតុផលដែលធ្វើឱ្យមានអ្នកស្លាប់ និងរបួសច្រើន»។
ផែនការយុទ្ធសាស្ត្រ និងសកម្មភាពរញ្ជួយដីជាតិ (PDF) របស់តួកគី សម្រាប់ឆ្នាំ ២០១២-២០២៣ បានគូសបញ្ជាក់ថា ការធ្វើចំណាក ស្រុក ដ៏ធំ និងឆាប់រហ័សក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៥០ នាំឱ្យមាន ការអភិវឌ្ឍទីក្រុងដែលគ្មានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ ដែលធ្វើឱ្យទីក្រុងនានាងាយរងគ្រោះពេលមានគ្រោះថ្នាក់ធម្មជាតិ។
សូមរំឭកថា រញ្ជួយដីនៅតួកគីចុងក្រោយនេះ មានកម្រិតរ៉ិចទ័រ ប្រហាក់ប្រហែលនឹងការរញ្ជួយដែលសម្លាប់មនុស្សជាង ៣០ ០០០ នាក់ក្នុងឆ្នាំ១៩៣៩ ដែរ ខណៈការរញ្ជួយកម្រិត ៧,៤ រ៉ិចទ័រនៅទី ក្រុង ភាគខាងលិច អ៊ីហ្ស្មីដ (Izmit) ក្នុងឆ្នាំ ១៩៩៩ បានសម្លាប់ មនុស្សប្រហែល ១៧ ០០០ នាក់។
យ៉ាងណាមិញ ក្រោយការរញ្ជួយដីឆ្នាំ ១៩៩៩ ស្ថាប័នរដ្ឋតួកគីបាន ទទួលស្គាល់ពីតម្រូវការបន្ទាន់ លើកាត់បន្ថយហានិភ័យក្នុង ប្រទេស របស់ខ្លួនដែលងាយរងគ្រោះនឹងមហន្តរាយធម្មជាតិមួយនេះ ហើយ នៅ ឆ្នាំបន្ទាប់មកទៀត ច្បាប់ដែលអនុវត្តការត្រួតពិនិត្យការរចនា អគារ និងការត្រួតពិនិត្យសំណង់អគារទាំងអស់ជាចាំបាច់ ត្រូវបាន អនុម័តឡើង។ ទោះបីបែបនេះក្ដី អគារដែលសាងសង់ដោយយោង ទៅ តាមច្បាប់ដើម្បីធន់នឹងការរញ្ជួយដី នៅតែស្ថិតក្នុងកម្រិតតិចតួច ដោយលោក Erdik បានថ្លែងថា៖ «អគារដែលដួលរំលំ សាងសង់ ឡើងមុនឆ្នាំ ២០០០»។
បន្ថែមពីលើនេះ ពេលវេលានៃការរញ្ជួយដីកាលពីថ្ងៃចន្ទ ក៏ជា ផ្នែកមួយដែលធ្វើឱ្យតួលេខអ្នកស្លាប់ និងរងរបួសខ្ពស់ផងដែរ។ ការរញ្ជួយលើកដំបូងបានកើតឡើងនៅម៉ោង ៤: ១៧ ព្រឹក ពោល គឺនៅពេលដែលមនុស្សដេកលង់លក់នៅឡើយ ជាហេតុធ្វើឱ្យ មានមនុស្សជាប់ក្នុងអគារមានចំនួនច្រើន។
ជាមួយគ្នានេះ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យអូស្រ្តាលី Curtin លោក Chris Elders បានថ្លែងប្រាប់ Al Jazeera ថា ជម្រៅ នៃ ការរញ្ជួយដីលើកទី១ដែលមានត្រឹមតែ ១៨ គីឡូម៉ែត្រ ក៏រួមចំណែក ធ្វើឱ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរផងដែរ។ លោកគូសបញ្ជាក់ថា ជម្រៅកាន់តែរាក់ កម្លាំងនៃការរញ្ជួយកាន់តែខ្លាំង ដោយសារតែ វាស្ថិតនៅជិតផ្ទៃផែនដី។
ក្រោយការរញ្ជួយ រដ្ឋាភិបាលតួកគីបានប្រកាសស្ថានភាពអាសន្ន កម្រិតទី ៤ ដែលរួមមានការអំពាវនាវសុំជំនួយអន្តរជាតិ ក៏ដូច ជាការចល័តកងកម្លាំងជាតិទាំងអស់ដើម្បីដាក់ពង្រាយនៅតំបន់រងគ្រោះ។ ពេលនេះ មានប្រទេសជាច្រើន បានបញ្ជូនក្រុមជួយ សង្រ្គោះ របស់ខ្លួនទៅ បូករួមទាំងជំនួយមនុស្សធម៌ផ្សេងទៀត។
ដោយឡែកស្ថានភាពនៅភាគខាងជើងស៊ីរី ដែលមានជនរងគ្រោះ ជាង ៣ ៥០០ នាក់វិញ មានការលំបាកខ្លាំង បើទោះបីជាចំនួនអ្នក ស្លាប់តិចជាងតួកគីក៏ដោយ ប៉ុន្តែអង្គការមនុស្សធម៌ដែលធ្វើការ ក្នុងតំបន់បានសម្ដែងការភ័យខ្លាចថា តួលេខនេះនឹងកើនឡើង ខណៈក្រុមជួយសង្គ្រោះបានព្រមានកាលពីថ្ងៃចន្ទ ពីកង្វះសម្ភារៈ ក្នុងការឆ្លើយតបទៅនឹងគ្រាអាសន្ន ជាពិសេសនៅតំបន់រងគ្រោះ ដែលគ្រប់គ្រងដោយកងកម្លាំងក្រុមប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី។
នាយិកាគណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិរបស់ប្រទេសស៊ីរី លោកស្រី Tanya Evans បានថ្លែងថា គ្រោះរញ្ជួយដីនេះគឺជា «ការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរមួយទៀតដល់ប្រជាជនងាយរងគ្រោះជាច្រើន ដែលកំពុងរស់នៅទាំងត្រដាប់ត្រដួសបន្ទាប់ពីជម្លោះ បាន អូសបន្លាយអស់រយៈជាច្រើនឆ្នាំ»។
របាយការណ៍បឋមពីបុគ្គលិករបស់លោកស្រី ដែលចុះទៅដល់ កន្លែងប៉ះពាល់ផ្ទាល់ បានបង្ហាញថា ផលប៉ះពាល់បាននិងកំពុង បំផ្លិចបំផ្លាញនៅក្នុងតំបន់ដែលមានចំនួនជនភៀសខ្លួន និង គ្រួសារដែលងាយរងគ្រោះច្រើនកំពុងរស់នៅ។ អ្វីដែល កាន់ តែ ពិបាកទៀតនោះគឺថា តំបន់រងគ្រោះទាំងនៅស៊ីរី និងតួកគី ដែល សម្បូរទៅដោយជនភៀសខ្លួនរស់នៅ ក៏រងការវាយប្រហារ ដោយ ព្យុះព្រិល និងការចុះត្រជាក់ខ្លាំងនារដូវរងារផងដែរ។ ធាតុអាកាសបែបនេះ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធបាន បង្ក ការពិបាកដល់ក្រុមអ្នកជួយសង្រ្គោះក្នុងការបំពេញប្រតិបត្តិការ ស្របពេលត្រជាក់ខ្លាំង ការធ្លាក់ភ្លៀង និងការដាច់ភ្លើង ធ្វើឱ្យ លក្ខខណ្ឌរបស់ជនរងគ្រោះទាំងអ្នកដែលជាប់ក្នុងគំនរបាក់បែប និងអ្នកដែលបាត់បងផ្ទះសម្បែង កាន់តែយ៉ាប់យឺនទៅៗ៕
ដោយ៖ហួន ឌីណា