កម្ពុជា-កូវ៉ែត នឹងបន្តជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម មូហាម៉េដ សាអេដ សាហ្វី អាល់-ហាចរី (Muhammad Saeed Shafi Al-Hajri) ឯកអគ្គរាជទូតនៃប្រទេសកូវ៉ែត ប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ នាឱកាសដែលឯកឧត្តមឯកអគ្គរាជទូត ចូលជួបសម្តែងការគួរសម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយនានា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយចំនួន រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការរុករកប្រេង/ឧស្ម័ន។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា សកម្មភាពរួមគ្នាមួយចំនួន នឹងត្រូវយកមកពិនិត្យនិងរៀបចំ ដើម្បីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-កូវ៉ែត នៅឆ្នាំ២០២៤។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់មួយចំនួន រួមទាំងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ។
ឯកឧត្ដមឯកអគ្គរាជទូតថ្មី បានអបអរសាទរកម្ពុជាចំពោះជោគជ័យនៃការធ្វើជាប្រធានអាស៊ាន កាលពីឆ្នាំមុនផងដែរ៕


ដោយ សួង ពិសិដ្ឋ