ឯកឧត្តម ប៉ាន សូរស័ក្តិ៖ អង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយដែលរំពឹងថា នឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ា
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ លើកឡើងថា អង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយដែលរំពឹងថា នឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ា ។ ឯកឧត្តម បន្ថែមថា បច្ចុប្បន្នទីផ្សារតំបន់នេះនៅមានកម្រិតតិចតួចបំផុត ដែលសង្ឃឹមថា និងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត។ ទន្ទឹមនេះ ឯកឧត្តម បានផ្តល់ការណែនាំដល់សហព័ន្ធជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិនទៀត ដោយសារកម្ពុជាមានមូលដ្ឋាននៃការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនសាជីវកម្មចិន (COFCO) ដែលមានបរិមាណសរុបចំនួន ៤០ម៉ឺនតោន ។

ការលើកឡើង របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនសហព័ន្ធស្រូវ អង្ករកម្ពុជា ជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងារសម្រាប់អាណត្តិថ្មី កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា វិស័យស្រូវអង្ករនៅកម្ពុជា ជាវិស័យមួយដែលរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាអាទិភាពបំផុត ហើយ សម្តេច តែងតែយកវិស័យស្រូវអង្ករនេះជាប្រធានបទ និងជាមូលវិចារសំខាន់សម្រាប់ជជែកពិភាក្សាក្នុងកិច្ចសន្ទនាជាមួយប្រមុខថ្នាក់ដឹកនាំនានា ទាំងទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះ ដើម្បីលើកកម្ពស់ដល់វិស័យនាំចេញអង្ករ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃ ដែលមានប្រភពវត្ថុធាតុដើមពីអង្ករបានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការបញ្ចូលទំនិញទាំងនេះទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយប្រទេសនានា ដូចជាការចុះអនុស្សរណៈយោគយល់ ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស ។ល។

ក្នុងឱកាសនេះ ដើម្បីចូលរួមបំពេញបន្ថែមលើយុទ្ធសាស្ត្រអនុវត្តន៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន សម្រាប់ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិថ្មី យកទៅអនុវត្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ផងដែរ៕ ង៉ាន ទិត្យ