ដំណើរទស្សនកិច្ចទៅចិនរបស់សម្ដេចតេជោ ហ៊ុន សែន ជាមួយនឹងការ វាយតម្លៃ ខ្ពស់ពីអ្នកតាមដាននយោបាយ
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញ ទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ នៅសាធារណប្រជាមានិតចិនចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិនឯកឧត្តម លី ខឺឈាង( Li Keqiang)។
ជុំវិញបញ្ហានេះអ្នកជំនាញ និងអ្នកតាមដានកិច្ចការអន្តរជាតិលើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសចិននៅដើមឆ្នាំ២០២៣ នេះ គឺដើម្បីស្វែងរកការគាំទ្រពីចិនផ្នែកជំនួយលើការអភិវឌ្ឍ និងការគាំទ្រផ្នែកនយោបាយ ខណៈរដ្ឋាភិបាលក្រុងប៉េកាំងចង់ឃើញជំហរ ជាក់លាក់របស់កម្ពុជានៅចំពោះមុខភាពតានតឹងនៃការប្រជែងភូមិសាស្រ្តនយោបាយចិន-សហរដ្ឋអាមេរិក ស្របពេលភាគីទាំងពីរជាមិត្តដែកថែប និងជា ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយស្រាប់។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យ សភាបានប្រាប់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ចិនលើកនេះ មិនខុសពីពេល ឯកឧត្តម លី ខឺឈាង មក កម្ពុជា នោះទេ ក្នុងន័យពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសការស្វែងរកការគាំទ្រ បន្ថែមពីចិនលើផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងកិច្ចសហការផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម។
ក្រៅពីនេះ លោក គិន ភា យល់ថា ភាគីទាំងពីរអាចជជែកលើប្រធានបទ លើបញ្ហាភូមិសាស្ត្រនយោបាយជុំវិញលើបញ្ហាតំបន់ធំៗ រួមមាន បញ្ហា មីយ៉ាន់ម៉ា វិបត្តិសមុទ្រចិនខាងត្បូង ច្រកសមុទ្រតៃវ៉ាន់ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការប្រកួតប្រជែងអំណាចរវាងចិន និងសហរដ្ឋអាមេរិក។
លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា ៖ «កម្ពុជា គឺជាដៃគូយុទ្ធសាស្រ្តជា សម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ចិននៅអាស៊ីអាគ្នេយ៍ ហើយដើម្បីក្លាយ ខ្លួនជាមហាអំណាចសំខាន់របស់ពិភពលោក ចិនត្រូវធ្វើយ៉ាងណាឱ្យ មានមិត្តជិតស្និទ្ធឬសម្ព័ន្ធមិត្តឱ្យបានច្រើន។បើសិនជាយើងមើល ក្នុង លក្ខខណ្ឌភូមិសាស្រ្តអាស៊ីអាគ្នេយ៍ កម្ពុជាគឺជា ប្រទេសសំខាន់ ហើយ តែងតែគាំទ្រលើគោលនយោបាយចិនតែមួយ ហើយគាំទ្រលើ យន្តការ ពហុភាគីនិយម និងកូតាការរះឡើងនៃមហា អំណាចពិភព លោកប្រកប ដោយសន្តិភាព»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភា រូបនេះបាន បន្ថែមថា ពីភាគីកម្ពុជាវិញក៏ទទួលបានផលប្រយោជន៍ច្រើន ក្នុង ទំនាក់ទំនងជាមួយចិន ទាំងក្របខណ្ឌការទូតនយោបាយ និង យុទ្ធសាស្ត្រក្នុងតំបន់។ ចិនជាដៃគូវិនិយោគដ៏សំខាន់របស់កម្ពុជា ចិនជាគោលដៅភ្ញៀវទេសចរធំបំផុតសម្រាប់កម្ពុជា និងកម្ពុជាតែង ត្រូវបានចិនគាំទ្រលើឆាកអន្តរជាតិផង។
បណ្ឌិត គិន ភា សង្កត់ធ្ងន់ថា ៖ «កម្ពុជាមិនមែនរាប់អានតែចិនឡើយ ខណៈកម្ពុជាបានបើកចំហទ្វារការទូតសម្រាប់រាល់បណ្តាប្រទេសនានា ប៉ុន្តែក្នុងទំនាក់ទំនងការទូតដែលអាចហុចប្រយោជន៍ច្រើនដល់ខ្លួនដោយគោរពលើគោលការណ៍ឯករាជ្យ អធិបតេយ្យភាព និងបូរណភាព។ ដូច្នេះចង់ មិនចង់ កម្រិតភាពស្និទ្ធស្នាលរវាងកម្ពុជា និងចិនត្រូវតែមានលក្ខណៈខ្ពស់»។
ជាមួយគ្នានេះដែរ ចំពោះជុំវិញការព្រួយបារម្ភពីអន្ទាក់បំណុលចិន លោក គិន ភា បានលើកឡើងថា វាជាការព្រួយបារម្ភជ្រុល ខណៈកម្រិតបំណុលកម្ពុជា នៅ ក្នុងរង្វង់ហានិភ័យទាបនៅឡើយ។
ចំណែក លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយវិញ យល់ថា មានកត្តាបីដែលកម្ពុជាត្រូវការវត្តមានចិន ក្នុងនោះមាន៖ ទី១. ប្រយោជន៍ផ្នែកសេដ្ឋកិច្ចដែលចិនជាអ្នកវិនិយោគនិងជាម្ចាស់ជំនួយធំបំផុតរបស់ចិន, ទី២. កត្តាវប្បធម៌ដែលចិន និងកម្ពុជាមានទំនាក់ទំនងដ៏ យូរលង់ ជាមួយគ្នា ដែលធ្វើឱ្យមេដឹកនាំកម្ពុជាក្នុងរបបនីមួយៗភាគច្រើន មានទំនុក ចិន លើចិន។ចំណែកកត្តាទី៣.គឺលើផលប្រយោជន៍នយោបាយ ដោយ រដ្ឋាភិបាលសម្លឹងទៅរកការគាំទ្រផ្នែកនយោបាយពីចិន ដើម្បីទល់នឹង សម្ពាធពីសហរដ្ឋអាមេរិកនិងលោកខាងលិច។
សម្រាប់ការព្រួយបារម្ភលើបញ្ហា អន្ទាក់បំណុលចិនវិញ លោក វណ្ណ ប៊ុនណា យល់ថាមិនមែនជាបញ្ហាឡើយនាពេលបច្ចុប្បន្ន ខណៈពិដានបំណុលកម្ពុជា ស្ថិតក្នុងរវង្វង់សុវត្ថិភាពនៅឡើយ ប៉ុន្តែលោកថា បើសិនរដ្ឋាភិបាលមិនបាន ប្រើប្រាស់ជំនួយហិរញ្ញប្បទានបរទេសមិនចំគោលដៅ មិនមានតម្លាភាព នោះទេ នៅថ្ងៃមុខដ៏យូរ កម្ពុជាក៏អាចរអិលធ្លាក់ក្នុងអន្ទាក់បំណុលចិន នេះដែរ។
ទន្ទឹមនឹងនេះ លោកបណ្ឌិត រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យ កម្ពុជា និងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយលើកឡើងថា សម្រាប់ ចិន កម្ពុជាជាចំណុចយុទ្ធសាស្ត្រក្នុងការបង្ហាញឥទ្ធិពលខ្លួននៅតំបន់ អាស៊ីអាគ្នេយ៍ និងដើម្បីទប់ទល់នឹងឥទ្ធិពល និងអនុត្តរភាពរបស់សហរដ្ឋ អាមេរិកដែលជាគូប្រជែងយូរអង្វែងរបស់ខ្លួន។ ក្រៅពីនោះក្នុង ក្របខ័ណ្ឌ ឆាកអន្តរជាតិ ចិនចង់បានការគាំទ្រលើនយោបាយចិនតែមួយ, គំនិតផ្តួច ផ្តើមខ្សែក្រវាត់ និងផ្ឡូវ(BRI) ជាពិសេសការចរចាជាមួយអាស៊ាន។
លោក រ៉ូ វណ្ណៈ បានថ្លែងថា៖ «ដោយសារទំនាក់ទំនងនយោបាយមិនសូវ រលូនរបស់កម្ពុជាជាមួយបណ្តាប្រទេសលោកខាងលិច កម្ពុជាបាន ងាករកកាន់តែខ្លាំងឡើងលើការចូលរួមជាមួយចិន ដើម្បីគាំទ្រ ដល់ កំណើនសេដ្ឋកិច្ចរបស់ខ្លួនក្រោមការដឹកនាំរបស់រដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន។ ប្រទេសទាំងពីរបានឯកភាពលើកកម្ពស់ ទំនាក់ទំនង ទ្វេភាគី ទៅជាភាពជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យប្រសើរ ឡើងដល់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយតាំងពីឆ្នាំ ២០១០»។
លោកបានបន្ថែមថា ដោយទំនាក់ទំនងស្អិតរមួតជាមួយចិន កម្ពុជាអាច ទទួលបានកំណើនទំហំពាណិជ្ជកម្ម និងការវិនិយោគពីចិន ប៉ុន្តែលោក ព្រមានពីលទ្ធផលអវិជ្ជមានដែលអាចកើតឡើងដោយលោកបានធៀបជាមួយទ្រឹស្តីវិទ្យាសាស្រ្តនយោបាយពាក់ព័ន្ធនឹងការប្រសព្វក្នុងប្រព័ន្ធបរិមាលភាពថ្មី (neo-patrimonial) ដែលអាចមានទំនោរថ្មីជុំវិញមូលធនរបស់ចិន និងប្រជាជនចិនបាចសាចនៅកម្ពុជាដូចមានឧទាហរណ៍ជាក់ស្តែងក្នុងខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning និយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែកុម្ភៈ ថា ការអញ្ជើញ បំពេញ ទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន លើកនេះ បន្ទាប់ពីចូលឆ្នាំ ប្រពៃណី ចិន២០២៣ ជាការបង្ហាញយ៉ាងច្បាស់នូវទំនាក់ទំនង ទ្វេភាគី កម្រិតខ្ពស់រវាងចិន និងកម្ពុជា ខណៈជាឆ្នាំត្រូវនឹងខួបលើកទី៦៥ នៃ ចំណងទូតរវាងប្រទេសទាំងពីរ ។ចិនសង្ឃឹមថា នឹងជួយកសាងសហគមន៍ ចិន-កម្ពុជាដែលមានអនាគតរួមគ្នា និងបន្តទំនាក់ទំនងមិត្តភាពដ៏ល្អនេះពី មួយជំនាន់ទៅមួយជំនាន់។
លោកស្រីបានបន្ថែមថា ៖ «ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំចិន នឹងជួបពិភាក្សាជាមួយសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី ផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម»។
គួរជម្រាបជូនថា ចិនបានផ្តល់ជំនួយហិរញ្ញប្បទានដល់កម្ពុជាលើក ការ សាងសង់ផ្លូវប្រវែងពីពាន់គីឡូម៉ែត្រ ស្ពានធំចំនួនប្រាំពីរ និងចំណត កុងតឺន័រថ្មីមួយនៅកំពង់ផែស្វយ័តភ្នំពេញ។ នៅមានគម្រោងអាកាស យានដ្ឋានអន្តរជាតិថ្មីៗមួយចំនួនទៀតដូចជា នៅខេត្តសៀមរាប អាកាស យានដ្ឋានអន្តរជាតិតារាសាគរក្នុងខេត្តកោះកុង និងអាកាសយានដ្ឋាន អន្តរជាតិថ្មីក្នុងខេត្តកណ្តាលដែលមានតម្លៃជិតបីពាន់លានដុល្លារ៕
ដោយ៖សំបាន ច័ន្ទដារ៉ា