មន្ត្រីជាន់ខ្ពស់ក្រសួងសារធារណការ ស្នើក្រុមហ៊ុនអូទ្រីសសិក្សាគម្រោង វិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈ

ភ្នំពេញ៖​ មន្ត្រីជាន់ខ្ពស់ក្រសួងសារធារណការ ស្នើក្រុមហ៊ុនឯកជនរបស់ អូទ្រីសសិក្សាលើគម្រោងវិនិយោគលើវិស័យដឹកជញ្ជូននៅកម្ពុជា។ ការស្នើនេះ ធ្វើឡើងតាមរយៈកិច្ចពិភាក្សា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុន Doppelmayr Groupដែល ដឹកនាំដោយ លោក Martin Ladner អ្នកគ្រប់គ្រងប្រចាំតំបន់អាស៊ី កាលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

មន្រ្តីជាន់ខ្ពស់ក្រសួងសារធារណការ និងដឹកជញ្ជូន បានស្នើ ឱ្យ ក្រុមហ៊ុន Doppelmayr Group របស់ប្រទេសអូទ្រីស រៀបចំសិក្សាឱ្យបាន លម្អិតបន្ថែមទៀតទាក់ទងនឹងសមត្ថភាព អត្ថប្រយោជន៍ និងលក្ខណៈ ពិសេសនៃគម្រោង“កន្រ្តកខ្សែកាប” ខណៈក្រុមហ៊ុន បានបង្ហាញបំណង ចង់វិនិយោគលើគម្រោងសង់កន្រ្តកខ្សែកាបនៅកម្ពុជា ពិសេសភូមិសាស្ត្រ រាជធានីភ្នំពេញ។

ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើការ ស្វែងយល់ព័ត៌មានសម្រាប់គម្រោងការសិក្សានានាទាក់ទងនឹងសេវាដឹកជញ្ជូនសាធារណៈ សំដៅចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមា នការរីកចម្រើនថែមទៀត។
ឯកឧត្តមបានបញ្ជាក់ថា៖ «ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វែង យល់ ព័ត៌មានសម្រាប់គម្រោងការសិក្សានានាទាក់ទងនឹងសេវាដឹកជញ្ជូន សាធារណៈ ក៏ដូចជាព័ត៌មានគម្រោងផ្សេងៗដែលកំពុងអនុវត្ត ជាពិសេស គម្រោងពាក់ព័ន្ធវិស័យដឹកជញ្ជូនសាធារណៈ សំដៅអនុញ្ញាតឱ្យក្រុមហ៊ុន អាច សិក្សា តភ្ជាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយគម្រោងដែលមានស្រាប់ ឬគម្រោងកំពុងសិក្សាទាំងនោះ ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះ ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងទីប្រជុំជននានាក្នុងប្រទេសកម្ពុជា»។

តាមរយៈកិច្ចពិភាក្សានេះ រដ្ឋលេខាធិការប្រចាំការរូបនេះ ក៏បានបង្ហាញនូវ គម្រោងសិក្សាមួយចំនួនដែលកំពុងស្ថិតក្នុងការសិក្សានៅឡើយដែលមានដូចជា៖ គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-speed Train) គម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) គម្រោងសិក្សាផ្លូវរថ ភ្លើងក្រោមដី (Subway) និងការសិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរ ធុនស្រាល (Monorail) ជាដើម។

ទន្ទឹមគ្នានេះ ឯកឧត្តមអះអាងទៀតថា គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺទទួលយកការវិនិយោគពីវិស័យឯកជន ឬការចូលរួមចំណែកពីដៃគូ អភិវឌ្ឍន៍ នានា ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូនកម្ពុជា។

នាជំនួបនោះ លោក Martin Ladner អ្នកគ្រប់គ្រងប្រចាំតំបន់របស់ ក្រុមហ៊ុន Doppelmayr Group បានឱ្យដឹងដែរថា ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនមួយរបស់ប្រទេសអូទ្រីស មានជំនាញ រៀបចំផែនការអភិវឌ្ឍន៍ រចនា ផលិត សាងសង់ និងគាំទ្រគម្រោ ងច្នៃប្រឌិតទាក់ទងនឹងការដឹកជញ្ជូនអ្នកដំណើរដោយកន្រ្តកខ្សែកាប (Cable Car) ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ នៅក្នុងតំបន់ ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។

លោកបន្តថា៖« ក្រុមហ៊ុន មានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យ ដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងភូមិសាស្ត្រ រាជ ធានីភ្នំពេញ»។

ក្រោយស្តាប់បទបង្ហាញគម្រោងរបស់ក្រុមហ៊ុនខាងលើ មន្រ្តីជាន់ ខ្ពស់ នៃក្រសួង សារធារណការឯកឧត្តម តូច ចាន់កុសល ក៏បានផ្ដល់អនុសាសន៍ ឱ្យក្រុមហ៊ុនរៀបចំសិក្សាឱ្យបានលម្អិតបន្ថែមទៀតទាក់ទងនឹងសមត្ថភាព អត្ថប្រយោជន៍ និងលក្ខណៈពិសេសនៃគម្រោង“កន្រ្តកខ្សែកាប” (Cable Car) របស់ក្រុមហ៊ុនក្នុងលក្ខខណ្ឌប្រទេសកម្ពុជា ដើម្បីគោរពស្នើសុំ ឯកឧត្តម រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ពិនិត្យសម្រេចលើគម្រោងការសិក្សាដែល ក្រុមហ៊ុនបានលើកឡើងខាងលើនេះ។

សូមរម្លឹកដែរថា បើតាមជំនួបរបស់តំណាងក្រុមហ៊ុនខាងលើ ជាមួយ មន្ត្រី ក្រសួងសាធារណការ កាលទីចុងឆ្នាំ២០២២ ធ្លាប់បានឱ្យដឹងថា ដើម្បីជំរុញ ទំនើបកម្មវិស័យដឹកជញ្ចូនសាធារណៈរបស់កម្ពុជាឱ្យកាន់តែខ្លាំង ក្រុមហ៊ុន Doppelmayr Group របស់អូទ្រីស ដែលជំនាញទាក់ទងនឹងវិស័យដឹក ជញ្ជូនសាធារណៈដោយកន្រ្តកខ្សែកាប(Cable Car) បានបង្ហាញពីចំណាប់ អារម្មណ៍របស់ខ្លួនលើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា តាមរយៈការសង់កន្រ្តកខ្សែកាបនេះ គឺដោយសារតែមើលឃើញពីភូមិសាស្ត្រ រាជធានីភ្នំពេញផ្ទាល់ ដែលមាននិន្នាការ ងាកទៅរកការដឹកជញ្ជូនរួម មួយ ប្រកបដោយនិរន្តភាព និងការគិតគូរដល់បរិស្ថាន។
ទន្ទឹមគ្នានេះ ក្រុមហ៊ុននេះ យល់ថា ការវិនិយោគលើគម្រោងកន្រ្តកខ្សែកាប គឺមានលក្ខណៈសមស្រប់ ដែលអាចយកមកបម្រើឱ្យវិស័យដឹកជញ្ជូន សាធារណៈនៅក្នុង តំបន់ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា ពិសេសបញ្ចៀសការកកស្ទះចរាចរណ៍នៅភូមិសាស្រ្តរាជធានីភ្នំពេញបាន។

តាមរយៈគម្រោងនេះដែរ កន្លងមកឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង សារធារណការ អះអាងថា ក្រសួងក៏កំពុងស្វែងរកដៃគូអភិវឌ្ឍន៍លើវិស័យ ដឹកជញ្ចូនសាធារណៈផងដែរ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទីប្រជុំជន ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ដែរថា ការប្រើប្រាស់សេវាដឹក ជញ្ជូនសាធារណៈរបស់ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នៅមានកម្រិត នៅឡើយ ប៉ុន្តែក្រសួងរំពឹងថា នាពេលអនាគត ពលរដ្ឋនឹងងាកមក ប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈបានកាន់តែច្រើនឡើង ទន្ទឹមនឹង ការដែលក្រសួងបន្តបញ្ជ្រាបការយល់ដឹងពីគុណសម្បត្តិនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈទៅកាន់ពួកគាត់៕
ដោយ៖ សែម ពិសី

ads banner