រដ្ឋមន្ត្រីផែនការ៖ ចំនួនប្រជាជនកម្ពុជាត្រូវបានប៉ាន់ស្មានមានកំណើនដល់ជាង១៧លាននាក់ នៅឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានបញ្ជាក់ថា ចំនួនប្រជាជនកម្ពុជាត្រូវបានប៉ាន់ស្មានមានកំណើនដល់ជាង១៧លាននាក់ ដែលមានប្រមាណ៣,៩លានគ្រួសារ នៅឆ្នាំ២០២៣ ហើយនឹងបានរំពឹងថា នៅមានកំណើនដល់ជិត១៩លាននាក់ នៅឆ្នាំ២០៣០។ ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាភាគីពាក់ព័ន្ធស្តីពី “ការអនុវត្តជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣” កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។

រដ្ឋមន្ត្រីក្រសួងផែនការ បានបញ្ជាក់ទៀតថា ការប្រែប្រួលអាកាសធាតុ បម្រែបម្រួលកើនឡើងកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ការប្រែប្រួលរចនាសម្ព័ន្ធ និងភូមិសាស្ត្ររដ្ឋបាលគ្រប់គ្រងនៅថ្នាក់មូលដ្ឋាន ក្នុងរាជធានី ខេត្ត ដែលមានកំណើនប្រជាជន បានកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែង ផ្អែកតាមការជំរឿនប្រជាជនកម្ពុជានៅឆ្នាំ២០១៩ មានប្រជាជនសរុបប្រមាណចំនួន ១៥,៦លាននាក់ និងមានគ្រួសារសរុប៣,៦លានគ្រួសារ គឺមានការកើនឡើង ធៀបនឹងឆ្នាំ២០០៨ ដែលមានប្រជាជន សរុប១៣,៤លាននាក់ និងគ្រួសារចំនួន២,៨លានគ្រួសារ ហើយនិងនៅឆ្នាំ២០១៤ មានចំនួន ប្រជាជនសរុប ១៤,៨លាននាក់ និងគ្រួសារចំនួន ៣,៣លានគ្រួសារ តែប៉ុណ្ណោះ។ ផ្អែកតាម ទិន្នន័យនេះ ចំនួនគ្រួសារបានកើនឡើងជាមធ្យមប្រមាណជាង២% ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២២។ ចំនួនប្រជាជនកម្ពុជាត្រូវបានប៉ាន់ស្មានមានកំណើនដល់ជាង១៧លាននាក់ ដែលមានប្រមាណ៣,៩លានគ្រួសារ នៅឆ្នាំ២០២៣ ហើយនឹងបានរំពឹងថា នៅមានកំណើនដល់ជិត១៩លាននាក់ នៅឆ្នាំ២០៣០។

ប្រភពដដែលបានបញ្ជាក់ទៀតថា បើផ្អែកតាមទិន្នន័យជំរឿនកសិកម្មឆ្នាំ២០១៣ បង្ហាញថា មានគ្រួសារប្រកបមុខរបរកសិកម្មប្រមាណ៨៥% នៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០១៣ និងបានថយ ចុះនៅត្រឹមប្រមាណជិត៧២% នៅឆ្នាំ២០១៩ ដែលបានចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចផ្ដល់នូវតម្លៃបន្ថែមគិតជាមធ្យមមានប្រមាណជាង ២០% នៃ ផលិតផលក្នុងស្រុកសរុប (GDP) ហើយនិងអាចរក្សាកំណើនតម្លៃបន្ថែមក្នុងវិស័យកសិកម្មមានប្រមាណ ៥% ក្នុងរយៈពេល១០ ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ គិតតាមថ្លៃបច្ចុប្បន្ន។

តាមរយៈកំណើនប្រជាសាស្ត្រនេះផងដែរ សេដ្ឋកិច្ចកម្ពុជា ក៏ហាក់មានសន្ទុះងើបឡើងវិញ ដោយសម្រេចបានកំណើនសេដ្ឋកិច្ចប្រមាណជាង ៣% នៅឆ្នាំ២០២១ នឹងរំពឹងថាមានកំណើន ៥,៦% នៅឆ្នាំ២០២២ បន្ទាប់ពីបានទទួលរងផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យមានការថយចុះកំណើនសេដ្ឋកិច្ចដកបីភាគរយ(-៣%)នៅឆ្នាំ២០២០ ការស្តារសេដ្ឋកិច្ចងើបឡើងវិញដ៏ឆាប់រហ័ស ដោយសារការធ្វើសមាហរណ៍កម្ម និងពិពិធកម្មសេដ្ឋកិច្ចទៅ ក្នុងតំបន់ និងពិភពលោក កាន់តែមានភាពសកម្មភាពពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមម្លប់សន្តិភាព ដែលបានមកពីការដឹកនាំប្រកបដោយកិត្តិបណ្ឌិត ឈ្លាសវៃប៉ិនប្រសព្វរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យកម្ពុជានៅតែអាចរក្សាបានកំណើនសេដ្ឋកិច្ច នឹងឈានទៅសម្រេចគោលដៅ ជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងបន្តសម្រេចបាននូវគោលដៅ ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ក្នុងន័យនេះ យើងក៏ត្រូវការបច្ចុប្បន្នភាពស្ថិតិ ព័ត៌មានទិន្នន័យ តួលេខតាមវិស័យឱ្យបានច្បាស់លាស់ ត្រឹមត្រូវ ជឿជាក់ខ្ពស់ និងទាន់ពេលវេលា សម្រាប់ឆ្លើយតបតម្រូវការ ប្រើប្រាស់ទិន្នន័យ ដោយផ្អែកតាម បរិបទសេដ្ឋកិច្ច សង្គម ក្នុងតំបន់និងសកលលោក ដែលមាន ការរីកចម្រើនយ៉ាងឆាប់រហ័ស និងការបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលនឹងនាំមកនូវបច្ចេកវិទ្យាដ៏ទំនើបសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកក្រសួងផែនការ

ads banner