ខេត្តបន្ទាយមានជ័យបន្ធូរបន្ថយ ទោស ដល់ទណ្ឌិតចំនួន ២៤នាក់ក្នុង ពិធីបុណ្យពិសាខបូជា ២២នាក់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ

អត្ថបទដោយ៖
CPA

ខេត្តបន្ទាយមានជ័យ៖ ទណ្ឌិតចំនួន ២៤នាក់ត្រូបានបន្ធូរបន្ថយ ទោស ចាប់ពី ៣ខែ ៦ខែ ដល់៩ ខែ ក្នុងឪកាសពិធីបុណ្យពិសាខបូជានិងបុណ្យចូលឆ្នាំខ្មែរខាងមុខ ។ ការបន្ធូរបន្ថយ ទោសនេះធ្វើក្នុងកិច្ចប្រជុំនៅព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការ លោកសំរិទ្ធ សុខុន អនុប្រធានគណៈកម្មកា លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន ប្រធាន ពន្ធនាគារ ខេត្តបន្ទាយមានជ័យ អនុប្រធានគណៈកម្មកា លោកឧត្តមសេនីយ៍ត្រី នូជីវ័ន្ត ស្នងការរងខេត្តបន្ទាយមានជ័យ អនុប្រធានគណៈកម្មកា រួមទាំង មន្ត្រី ជំនាញកិច្ចការតុលាការ ពន្ធនាគារ និងមន្ត្រីពន្ធនាគារនុរក្សជាច្រើននាក់ទៀត។

លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន បានអានស្ថិតិ បញ្ជីឈ្មោះ និងសាវតានៃទណ្ឌិត ជនជាតិខ្មែរ និងជនបរទេស ដែលត្រូវបានអង្គភាព ពន្ធនាគារខេត្តបន្ទាយមានជ័យ ស្នើ ហើយ សុំការអនុម័ត ពីគណៈកម្មការ បញ្ជូបន្ថយទោស បន្តសុំថ្វាយការសម្រេច ពីថ្នាក់លើ ក្នុងនោះមាន បន្ធូរបន្ថយ ទោស ពី ៣ខែ ៦ខែ ដល់ ៩ខែ ដល់ទណ្ឌិតចំនួន ២៤នាក់ក្នុងពិធីបុណ្យពិសាខបូជា ចំនួន ២២នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។

លោក ង៉ោ ម៉េងជ្រួន បានធ្វើការទទួលស្គាល់ លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន ប្រធាន ពន្ធនាគារ ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវ៉ាទ បានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះ បានពិនិត្យ វាយតម្លៃ លើសកម្មភាព អនុវត្ត គុណសម្បត្តិ និងរយៈពេលនៃការជាប់ឃុំ របស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំបន្ធូរបន្ថយទោស ពី៣ ខែ៦ ដល់ ៩ខែផងដែរ ។

លោក ង៉ោ ម៉េងជ្រួន ក៏បាន ផ្តាំផ្ញើដល់ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស ឲ្យធ្វើការផ្សព្វផ្សាយអំពីការបន្ធូរបន្ថយទោសរបស់ខ្លួន ទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅឲ្យចូលរួមគោរព អនុវត្ត បទបញ្ជាផ្ទៃក្នុង វិធាននានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួន
ឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីត្រៀមចូលមករួមរស់នៅក្នុងសហគមន៍ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់។

ក្នុងនោះលោកបានធ្វើការផ្តាំផ្ញើបន្តទៀត ដល់អ្នកជាប់ឃុំទាំងអស់ ក្រោយពីស្គាល់រសជាតិជាប់ពន្ធនាគារ ហើយចេញពីពន្ធនាគារ វិញត្រូវចេះកែខ្លួន ឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅ ក្នុងសង្គមបានស្រួលផងដែរ៕ ដោយ៖ឃិន គន្ធា

ads banner