មេដឹកនាំក្រុមឧទ្ទាមហេសបូឡា សន្យាបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ីស្រាអែល ទាំងឡាយណា ដែលហ៊ានឈ្លានពានដែនអាកាសរបស់ប្រទេសលីបង់
សហរដ្ឋអាម៉េរិក៖ មេដឹកនាំក្រុមឧទ្ទាម ហេសបូឡា លោក ហាសាន់ ណាស្រាឡា ក៏បានព្រមានទុកមុននៅថ្ងៃអាទិត្យម្សិលមិញនេះដែរថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួននឹងបាញ់ទម្លាក់យន្តហោះយន្តហោះដ្រូនរបស់អ៊ីស្រាអែលទាំងឡាយណា ដែលហ៊ានរំលោភបំពានដែនអាកាសរបស់ប្រទេសលីបង់។ ការព្រមានរបស់មេដឹកនំាក្រុមឧទ្ទាមហេសបូឡារូបនេះ បានធ្វើឡើងស្របពេលដែលរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានអះអាងថា ប្រទេសលោកគាំទ្រការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅស៊ីរី ដោយសារតែវាគឺជាសិទ្ធិការពារខ្លួនដោយស្របច្បាប់ ពីការគំរាមកំហែងណាមួយពីសំណាក់អ៊ីរ៉ង់ ។ 
សូមរំលឹកថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានយោធាអ៊ីរ៉ង់ជាច្រើនកន្លែងនៅក្នុងទឹកដីស៊ីរី ក្នុងគោលបំណងបំផ្លាញសំបុកយន្ដហោះដ្រូន ដែលកងកម្លាំងអ៊ីរ៉ង់ទុកប្រើប្រាស់ ដើម្បីវាយប្រហារលើអ៊ីស្រាអែល។ យ៉ាងណាមិញ ខាងយោធាស៊ីរីមិនបានបញ្ជាក់លម្អិតពីការខូចខាត ឬជនរងគ្រោះណាម្នាក់ឡើយ ដោយគ្រាន់តែទទួលស្គាល់ថា ខ្លួនចាប់បានសញ្ញាមីស៊ីលរបស់សត្រូវបាញ់ចេញពីតំបន់ ហ្គោលែន ឆ្ពោះមកកាន់តំបន់ក្បែររដ្ឋធានីដាម៉ាស់៕ម.ន


