នាយកអង្គការសុខភាពពិភពលោក៖ កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងជឿនលឿនជាទីបំផុត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ លោកវេជ្ជបណ្ឌិត តាកិស៊ី កាសៃ (Takeshi Kasai) នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប្រមាណ២ទសវត្សរ៍ចុងក្រោយនេះ ហើយភាពរីកចម្រើនរបស់កម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋមានអាយុកាន់តែវែងជាងមុនផងដែរ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មានឲ្យដឹងថា ក្នុងជំនួបនោះ លោកវេជ្ជបណ្ឌិត កាសៃ បានជម្រាបសម្តេចតេជោថា លោកបានមកទស្សនកិច្ចនៅកម្ពុជា កាលពីទសវត្សរ៍ឆ្នាំ២០០០ ដោយលោកសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងជឿនលឿនជាទីបំផុត។ លោកវេជ្ជបណ្ឌិតបន្ថែមថា តាមរយៈការរីកចម្រើននេះ ប្រជាជនកម្ពុជាបច្ចុប្បន្ន មានអាយុវែងជាងកាលពីទសវត្សរ៍មុន។

ក្នុងជំនួបនេះ លោកបានបញ្ជាក់ជូនសម្ដេចផងដែរថា ឥឡូវនេះពិភពលោកទាំងមូល កំពុងតែស្ថិតក្នុងដំណាក់កាលអន្តរកាលមួយ ក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាតបែបបុរាណទៅជាជំងឺបែបសម័យ គ្រាប្រជាជនឈានទៅមានជំងឺប្លែកៗ ដូចជាជំងឺទឹកនោមផ្អែម លើសឈាមជាដើម។

លើសពីនេះទៀត ក៏មានជំងឺដែលមានលក្ខណៈពិបាកព្យាបាលជាងពេលមុន ដូចជាជំងឺប៉េស្ត និងជំងឺដទៃផ្សេងទៀត។ ឆ្លើយតបបញ្ហានេះ លោកនាយកអង្គការសុខភាពពិភពលោក បានជម្រាបសម្តេចតេជោថា អង្គការ WHO មានជំនឿជឿជាក់លើកម្ពុជា ជាមួយគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាមូលដ្ឋានសម្រាប់វឌ្ឍនភាពរបស់កម្ពុជា ហើយកម្ពុជានឹងអាចឆ្លងផុត និងទទួលបានជោគជ័យក្នុងការដោះស្រាយចំពោះជំងឺផ្សេងៗ។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរ ចំពោះលោក កាសៃ ដែលត្រូវបានតែងតាំងជាប្រធានអង្គការ WHO ថ្មី ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សម្ដេចតេជោ បានសម្តែងនូវក្តីរីករាយ ដែលបានធ្វើជាដៃគូដ៏ល្អជាមួយអង្គការ WHO ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អ។ សម្តេចតេជោ បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ធ្វើឱ្យកម្ពុជាបានទប់ស្កាត់ និងទទួលបានជោគជ័យយ៉ាងច្រើន ពាក់ព័ន្ធនឹងជំងឺ ដែលមានចរិតជាប្រពៃណី ដែលមានដូចជា ជំងឺស្វិតដៃជើង កញ្ជ្រិល តេតាណុស ជំងឺផ្តាសាយបក្សី និងជំងឺអេដស៍ជាដើម ដែលកម្ពុជាបានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព និងជោគជ័យ ដោយពុំមានការរីករាលដាល និងថែមទាំងមានការថយចុះផងដែរ។

សម្តេចតេជោបានគូសបញ្ជាក់ថា ពាក់ព័ន្ធជំងឺសម័យថ្មីនេះ កម្ពុជាកំពុងតែសហការយ៉ាងល្អ និងសកម្មជាមួយអង្គការ WHO និងអង្គការដទៃទៀត រៀបចំវិធានការដាក់ចេញទប់ស្កាត់ ការពារនៅជំងឺនេះ កុំឲ្យរីករាលដាល ឬនាំមកដល់បញ្ហាមកដល់ប្រជាជនកម្ពុជា រីករាលដាល ដល់បណ្ដាប្រទេសជិតខាង ផ្សេងទៀតផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា នៅក្នុងឆ្នាំ២០២៥ខាងមុខ កម្ពុជាមានគម្រោងដាក់ចេញកម្មវិធីជាតិសុខភាព ធ្វើយ៉ាងណាបញ្ចប់មិនឲ្យមានជំងឺគ្រុនចាញ់នៅកម្ពុជា និងមានមហិច្ឆតាកែប្រែប្រទេសកម្ពុជាជាប្រទេសមួយ ដែលមិនមានផ្សែងបារី។

សម្ដេចតេជោ ក៏បានជម្រាបជូនលោកវេជ្ជបណ្ឌិត និងប្រតិភូថា កម្ពុជាកំពុងតែអនុវត្តន៍នូវនយោបាយសន្តិសុខសង្គម ជួយដល់ស្ត្រីដែលមានផ្ទៃពោះ ដែលមានជីវភាពក្រីក្រ នេះជាកម្មវិធីសន្តិសុខសង្គម គ្រាដែលកម្ពុជាកំពុងជំរុញយ៉ាងខ្លាំងកម្មវិធីនេះ ហើយរាជរដ្ឋាភិបាលសង្ឃឹមថានឹងកាត់បន្ថយនៅជំងឺរាតត្បាត មកដល់ប្រជាជនកម្ពុជា ស្របពេលកម្ពុជា មានអាហាររូបត្ថម្ភគ្រប់គ្រាន់នៅក្នុងខ្លួនហើយជំងឺរាតត្បាតទាំងឡាយ នឹងត្រូវកាត់បន្ថយផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner