ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១.០៧០គ្រួសារ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងខេត្តមណ្ឌលគិរី ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ខេត្តមណ្ឌលគិរី ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្ដិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១.០៧០គ្រួសារ ក្នុងនោះមានជនជាតិដើមភាគតិច ៩១០គ្រួសារ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងស្រុកកោះញែក និងស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានធ្វើឡើងនៅទីតាំងចំនួន ២កន្លែង ក្នុងនោះទីតាំងទី១ ស្ថិតនៅភូមិអូយេះ ឃុំស្រែសង្គម ស្រុកកោះញែក សម្រាប់ប្រជាពលរដ្ឋ ៦៧៣គ្រួសារ និងទីតាំងទី២ ស្ថិតនៅភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង សម្រាប់ប្រជាពលរដ្ឋ ៣៩៧គ្រួសារ។

តាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ៖ ក្នុងឆ្នាំ២០២២កន្លងទៅនេះ សាខាបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ប្រភេទបានចំនួន៣២លើក ស្មើ ៨៣គ្រួសារ។ ដោយឡែកកាលពីខែកុម្ភៈ ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្រេចផ្តល់កញ្ចប់ថវិកាចំនួន ២ម៉ឺន ៩៥៨ដុល្លារ ជាព្រះរាជទានរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា សម្រាប់ជីកអណ្តូងទឹកស្អាតចំនួន៣ សាងសង់កន្លែងលាងសម្អាតដៃចំនួន៧ និងបង្គន់អនាម័យ១ខ្នង មាន៤បន្ទប់ ដែលត្រូវបានធ្វើពិធីប្រគល់-ទទួលក្រោមវត្តមានលោកជំទាវ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាកាលពីខែមេសា ឆ្នាំ២០២២កន្លងទៅ។

លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ រួមជាមួយសេចក្តីសោកស្តាយដោយសារតែ សម្តេច ខកខានមិនបានចូលរួមព្រោះថាកម្មវិធីនេះរៀបចំឡើងសម្រាប់សម្តេចមកចែកជូនបងប្អូនដោយផ្ទាល់ ប៉ុន្តែជាអកុសលប្អូនស្រីបង្កើតរបស់សម្តេចបានទទួលមរណភាពហើយថ្ងៃនេះទៀតសោតគឺចំថ្ងៃបុណ្យគម្រប់ខួប ៧ថ្ងៃទៀតផង។ ប៉ុន្តែដោយយល់ថាបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត គឺត្រូវការចាំបាច់នូវស្បៀងអាហារប្រចាំថ្ងៃ ទើបសម្តេចបានចាត់លោកលោកជំទាវផ្ទាល់ជាតំណាងនាំយកអំណោយមនុស្សធម៌ទាំងអស់នេះចែកជូនបងប្អូនប្រជាពលរដ្ឋយើងតាមការកំណត់ ដើម្បីជួយសម្រាលការលំបាកដល់បងប្អូនឱ្យបានទាន់ពេលវេលា បើទោះបីជាសម្តេចមានទុក្ខជាទម្ងន់ក្នុងគ្រួសារក្តីតែសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះក៏ជាការងារចាំរបស់កាកបាទក្រហមកម្ពុជាដែលត្រូវដោះស្រាយជាបន្ទាន់ផងដែរ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន ៖ អង្ករ, មី, ត្រីខ, ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា អាវរងា), ទឹកស៊ីអ៊ីវ, ទឹកត្រី, ប្រេងឆា, ភេសជ្ជៈប៉ូការីស្វេត, សាប៊ូកក់សក់, ទឹកសុទ្ធប៊ូស្រា, នំប៉័ង, ក្រណាត់ស និង ថវិកា ២ម៉ឺនរៀល។ ដោយឡែក សម្រាប់ជនមានពិការភាពចំនួន ១៨នាក់ ទទួលបានបន្ថែមនូវ រទេះសម្រាប់ជនមានពិការភាព ១គ្រឿង។

ក្នុងដំណើរបេសកកម្មចែកអំណោយមនុស្សធម៌នេះដែរ គណៈប្រតិភូកាកបាទក្រហមកម្ពុជាដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ក៏បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទានប្រគេន វត្តធម្មគិរី ជ្រៃមាស (ហៅវត្តដាក់ដាំ) ស្ថិតក្នុងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង រួមមាន ៖ អង្ករ, មី, ត្រីខ, ស្ករស, ទឹកដោះគោខាប់, អូវ៉ាន់ទីន, ទឹកក្រូច, ទឹកសុទ្ធ, សាច់ក្រក, ត្រីងៀត និងថវិកា ២លានរៀល។ ប្រគេនព្រះចៅអធិការវត្ត នូវសាដក ១ និងបច្ច័យ ៥០ម៉ឺនរៀល។ ប្រគេនព្រះសង្ឃ ៤អង្គ ដែលមួយអង្គៗប្រគេន សាដក ១ និងបច្ច័យ ២០ម៉ឺនរៀល។ ជូនលោកតាអាចារ្យធ្វើកិច្ច ៤នាក់ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀល និងក្រណាត់ស ១ដុំ ក្នុងនោះមានថវិកា ២ម៉ឺនរៀល៕ ដោយ / គ្រី សម្បត្តិ