លោក បៃដិន ថា គាត់មិនទាន់សម្រេចចិត្ត ក្នុងការធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ដើម្បីប្រារព្ធខួបមួយឆ្នាំនៃសង្គ្រាមអ៊ុយក្រែន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា គាត់នៅតែមិនទាន់សម្រេចចិត្ត ថាតើគាត់នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ូឡូញក្នុងខែនេះ ដើម្បីប្រារព្ធខួបមួយឆ្នាំនៃការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅឡើយទេ។
នៅពេលដែលថ្ងៃទី២៤ ខែកុម្ភៈខិតជិតមកដល់ មានការរំពឹងទុកកាន់តែច្រើនឡើងថា លោក បៃដិន នឹងធ្វើទស្សនកិច្ចនៅអឺរ៉ុប ដើម្បីជួបជាមួយសម្ព័ន្ធមិត្តនៅក្នុងក្រុមចម្រុះដែលជួយអ៊ុយក្រែន ប្រឆាំងនឹងការលុកលុយរបស់កងកម្លាំងរុស្ស៊ី។
ប្រទេសប៉ូឡូញ ដែលជាមជ្ឈមណ្ឌលសំខាន់សម្រាប់ជនភៀសខ្លួន និងការជ្រៀតចូលនៃជំនួយយោធាលោកខាងលិច ត្រូវបានគេគិតថា ទំនងជាគោលដៅ។ លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានថា ខ្ញុំនៅមិនទាន់ធ្វើការសម្រេចចិត្ត ថាតើនៅពេលណាខ្ញុំនឹងទៅប្រទេសប៉ូឡូញ ឬសូម្បីតែប្រាកដថា ខ្ញុំនឹងទៅប៉ូឡូញ។
នៅពេលត្រូវបានសាកសួរថាតើគាត់អាចទៅអ៊ុយក្រែនដែរឬទេ? លោក បៃដិន បានឆ្លើយតបថា មានលទ្ធភាពដែលខ្ញុំអាចទៅប៉ូឡូញ ប៉ុន្តែរឿងនោះគឺគ្រប់គ្រាន់ហើយ។
គួរបញ្ជាក់ថា មេដឹកនាំអឺរ៉ុបជាច្រើនបានធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីកៀវ របស់ប្រទេសអ៊ុយក្រែន។ ក្នុងនោះភរិយារបស់លោក បៃដិន គឺលោកស្រី ជៀល បៃដិន បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងខែឧសភា ឆ្នាំ២០២២ ទៅកាន់ភាគខាងលិចអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា