ឈីលីប្រកាសដាក់បម្រាមគោចរក្នុងតំបន់រងគ្រោះភ្លើងឆេះព្រៃខ្លាំង
សាន់ត្យាហ្គោ៖ រដ្ឋាភិបាលឈីលី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសដាក់បម្រាមគោចរពេលយប់នៅតំបន់ភាគខាងត្បូង និងភាគកណ្តាលនៃប្រទេស ជាទីដែលភ្លើងឆេះព្រៃបានឆាបឆេះអស់រយៈពេលជាងមួយសប្តាហ៍ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៤នាក់បាត់បង់ជីវិត។
ប្រមុខយោធាក្រុង Biobio លោក Jorge Keitel បាននិយាយថា បម្រាមគោចរពីពាក់កណ្តាលអធ្រាត្រដល់ម៉ោង៥ព្រឹក នឹងចូលជាធរមាននៅថ្ងៃសុក្រសប្តាហ៍នេះ នៅក្នុងទីក្រុងចំនួន ២៨ ក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងដោយសារភ្លើងឆេះព្រៃ មានដូចជា Biobio, Nuble និង La Araucania ជាដើម។
វិធានការនេះ មានគោលបំណងព្យាយាមការពារអំពើចោរកម្មនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ខណៈដែលអ្នកពន្លត់អគ្គីភ័យឈីលីប្រមាណ ៥,៦០០នាក់ គាំទ្រដោយអ្នកជំនាញមកពីម៉ិកស៊ិក កូឡុំប៊ី អេស្ប៉ាញ និងអាហ្សង់ទីនក្នុងចំណោមប្រទេសដទៃទៀត កំពុងតស៊ូប្រយុទ្ធនឹងភ្លើងឆេះព្រៃអាទិភាព៩០ទីតាំង ក្នុងចំណោម៣២៣ទីតាំង ដែលនៅតែសកម្ម។
ចំណែកកាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីឈីលី លោក Gabriel Boric បាននិយាយថា បម្រាមគោចរគឺជាវិធានការចាំបាច់ ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនដែលរងផលប៉ះពាល់ក្នុងគ្រាអាសន្ននេះ។
គួរបញ្ជាក់ថា ភ្លើងបានធ្វើឲ្យមនុស្ស២៤នាក់ស្លាប់ និងជាង២.០០០នាក់ទៀតរងរបួស ហើយបានបំផ្លាញព្រៃឈើជាង៣០០.០០០ហិកតា ក្នុងចំណោមព្រៃឈើជាង៧៤១.៣១៦ហិកតា។
យោងតាមរបាយការណ៍ផ្លូវការបានឱ្យដឹងថា លំនៅដ្ឋានជាង១,២០០កន្លែងត្រូវបានបំផ្លាញ ដែលធ្វើឱ្យមនុស្សជាង ៥,៥០០នាក់គ្មានផ្ទះសម្បែង ខណៈដែលមនុស្សប្រហែល២០នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យថា បានបង្កការដុតបំផ្លាញមួយចំនួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា