លោកហ្សេលេនស្គី ជំរុញឱ្យពន្លឿនការបញ្ជូនសព្វាវុធកាន់តែឆាប់ជាងមុន ក្នុងអំឡុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប

ព្រុចសែល៖ ដោយទទួលបានការសាទរជាវីរៈបុរសអឺរ៉ុប ក្នុងអំឡុងការមកដល់ទីក្រុងព្រុចសែល ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានជំរុញឱ្យមេដឹកនាំអឺរ៉ុបពន្លឿនការបញ្ជូនសព្វាវុធរយៈចម្ងាយឆ្ងាយដ៏ទំនើបដែលខ្លួនបានសន្យា។

លោក ហ្សេលេនស្គី បានអះអាងថា គាត់មិនអាចវិលត្រឡប់ទៅវិញដោយដៃទទេ សម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសលើកទីពីររបស់គាត់ ចាប់តាំងពីរុស្ស៊ីបានផ្តើមការឈ្លានពានពេញលេញរបស់ខ្លួនកាលពីជិតមួយឆ្នាំមុន។

ជាមួយនឹងសម្ពាធនៃការវាយលុកជាថ្មីរបស់រុស្ស៊ីលើកងកម្លាំងអ៊ុយក្រែននៅភាគខាងកើត អតីតតារាសម្តែងដែលបានប្រែក្លាយមេដឹកនាំសង្រ្គាមរូបនេះ បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់គាត់ បង្វែរអ្វីដែលគាត់បាននិយាយថា ជា “សញ្ញាវិជ្ជមាន” របស់ពួកគេទៅជាពាក្យ “ជាក់ស្តែង”។

ទន្ទឹមគ្នា ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអឺរ៉ុប លោក ឆាល មីសែល បានទទូចថា កិច្ចប្រជុំកំពូលនេះបានអនុញ្ញាតឱ្យមេដឹកនាំអឺរ៉ុបបញ្ជាក់យ៉ាងច្បាស់ថា ពួកគេត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនបន្ថែមទៀត។ លោកថា សប្តាហ៍ក្រោយ និងខែបន្ទាប់ប្រហែលជាមានការសម្រេច។ប៉ុន្តែមេដឹកនាំអឺរ៉ុបមួយចំនួនមានការព្រួយបារម្ភថា ការសម្រេចចិត្តណាមួយអាចទាញលោកខាងលិចឱ្យខិតទៅជិតជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។

សូមរម្លឹកផងដែរថា មេដឹកនាំអឺរ៉ុបបានបញ្ចេញថវិកា៦៧ពាន់លានអឺរ៉ូ ឬប្រមាណ៧២ពាន់លានដុល្លារ ដែលពួកគេបានចំណាយលើជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់ទីក្រុងកៀវ រួមទាំងថវិកាដែលបានចំណាយលើការទទួលជនភៀសខ្លួនអ៊ុយក្រែន៤លាននាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner