ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងថា ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ និងអនុវត្តន៍ឱ្យបានត្រឹមត្រូវ
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ដូចនេះមន្រ្តីបោះឆ្នោត ត្រូវពង្រឹងការអនុវត្តច្បាប់បោះឆ្នោត និងបទបញ្ជា ឱ្យមានប្រសិទ្ធភាព។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្ដីពីលទ្ធផល នៃកិច្ចប្រជុំរបស់ គ.ជ.ប នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកត្តម ប្រាជ្ញ ចន្ទ បានឱ្យដឹងថា គ.ជ.ប ក៏ត្រូវ អនុវត្តក្នុងការផ្ដល់សេវាជូនគ្រប់ភាគីពាក់ព័ន្ធឱ្យបានល្អ និងស្មើភាពគ្នាផងដែរ។
ឯកត្តម ប្រាជ្ញា ចន្ទ ប្រធាន គ.ជ.ប មានប្រសាសន៍ថា «ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ដូចនេះមន្តី្របោះឆ្នោត គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវខិតខំពង្រឹងការអនុវត្តច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីនៃការបោះ ឆ្នោតឱ្យ មានប្រសិទ្ធភាព»។
អង្គប្រជុំ គ.ជ.ប បានសម្រេច កែសម្រួលខ្លឹមសារមួយចំនួន និងបានឯកភាពជាគោលការណ៍ លើឯកសារទាំងនោះ រួមមាន៖ ឯកសារសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ៨១៤ រូប ឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ទាំង ២៥ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧, ឯកសារពាក់ព័ន្ធនឹងការ ដាក់ពាក្យសុំចុះឈ្មោះ ជាអ្នកសារព័ត៌មាន, ខិត្តបណ្ណសេចក្ដីណែនាំ ស្ដីពីការបោះឆ្នោតបាន ឬការបោះឆ្នោតពុំបាន សម្រាប់ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣, សេចក្ដីសម្រេច ស្ដីពីការផ្ដល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដែលមានឈ្មោះអ្នក បោះឆ្នោត សរុបចំនួន ៩.៧១០.៦៥៥នាក់ ស្មើនឹង ៨៩,២៨% ធៀបនឹងចំនួនប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង៕ ដោយ អ៊ិត រ៉ាវុធ
