អាល្លឺម៉ង់ប្រកាសផ្តល់ប្រព័ន្ធការពារដែនអាកាសដល់ស្លូវ៉ាគី
ប្រាទីស្លាវ៉ា៖ ក្រសួងការពារជាតិស្លូវ៉ាគីបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសអាល្លឺម៉ង់នឹងផ្តល់ឱ្យទីក្រុងប្រាទីស្លាវ៉ា នូវប្រព័ន្ធការពារដែនអាកាស MANTIS ចំនួនពីរគ្រឿង ដើម្បីការពារព្រំដែនភាគខាងកើតរបស់ប្រទេសស្លូវ៉ាគីជាមួយអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការពារជាតិស្លូវ៉ាគី លោកស្រី ម៉ាទីណា ខាខាស្គីខូវ៉ា បានប្រាប់សារព័ត៌មាន AFP ថា ស្លូវ៉ាគីនឹងទទួលបានប្រព័ន្ធការពារដែនអាកាសដោយមិនគិតថ្លៃ និងដាក់ពង្រាយជាអចិន្ត្រៃយ៍។
រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី លោក ចារ៉ូស្លេវ ណាដ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសបុកថា ការបណ្តុះបណ្តាលទាហានស្លូវ៉ាគីឱ្យចេះប្រើប្រាស់ប្រព័ន្ធនេះ នឹងចាប់ផ្តើមនៅប៉ុន្មានខែខាងមុខទៀត។
ទោះបីជាយ៉ាងណា ក្រសួងការពារជាតិស្លូវ៉ាគីមិនបានបញ្ជាក់ពីកាលបរិច្ឆេទមកដល់នៃប្រព័ន្ធនេះនៅស្លូវ៉ាគី ដែលជាប្រទេសសហភាពអឺរ៉ុប និងជាសមាជិកណាតូនោះទេ។
បើតាមប្រមុខការពារជាតិស្លូវ៉ាគីរូបនេះ កិច្ចព្រមព្រៀងដើម្បីទទួលបានប្រព័ន្ធការពារដែនអាកាសទំនើបទាំងនេះ គឺបង្ហាញពីការគាំទ្រដ៏ច្បាស់លាស់របស់យើងសម្រាប់អ៊ុយក្រែន និងជាជំហានប្រកបដោយការទទួលខុសត្រូវរបស់សម្ព័ន្ធមិត្ត។ លោកថា ប្រព័ន្ធការពារដែនអាកាសនេះ មានតម្លៃប្រហែល១២០លានអឺរ៉ូ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

