រដ្ឋមន្ត្រីវប្បធម៌៖ ទំនាក់ទំនងវប្បធម៌ និងសិល្បៈកម្ពុជា-ចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
ភ្នំពេញ៖ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកទេសចរចិន ដែលជ្រើសរើសកម្ពុជា ជាគោលដៅនៃដំណើរទស្សនកិច្ចរបស់ខ្លួន និងបានលើកឡើងពី ទំនាក់ទំនងដ៏យូរលង់ នៃប្រទេសទាំងពីរ ខណៈដែលវប្បធម៌ និងសិល្បៈ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ការប្រកាសស្វាគមន៍ បានធ្វើឡើងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ពេលលោកជំទាវ អនុញ្ញាត ជូនអគ្គនាយិកាវិទ្យុមិត្តភាពកម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងសហការី ចូលជួប និងធ្វើបទសម្ភាស ក្នុងឱកាសឆ្នាំមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៣ ត្រូវនឹងខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
មន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា «លោកជំទាវបណ្ឌិតសភាចារ្យ សូម ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកទេសចរចិន ដែលជ្រើសរើសកម្ពុជា ជាគោលដៅនៃដំណើរទស្សនកិច្ចរបស់ខ្លួន ខណ:ពេលថ្មីៗនេះ រដ្ឋាភិបាលចិន បានអនុញ្ញាតអោយមានសកម្មភាពទេសចរណ៍ ចេញក្រៅប្រទេសឡើងវិញ បានផ្តល់នូវកាលានុវត្តភាព ដល់បណ្តាប្រទេសគោលដៅ នៅលើពិភពលោក រួមទាំងកម្ពុជា ដូច្នេះសូមទទួលយក នូវភាពរីករាយ និងប្រកបដោយស្នាមញញឹម ដោយការអញ្ជើញមកដល់ព្រះរាជាណាចក្រ នៃវប្បធម៌» ។
ក្នុងខ្លឹមសារនៃកិច្ចសម្ភាសន៍ខាងលើ លោកជំទាវ បណ្ឌិតសភាចារ្យ បានលើកឡើងពីទំនាក់ទំនងដ៏យូរលង់នៃប្រទេសទាំងពីរ និងបានលើកឡើងពីវប្បធម៌ និងសិល្បៈ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ជាមួយគ្នានេះ លោកជំទាវ រដ្ឋមន្ត្រី ក៏បានថ្លែងការចាប់ អារម្មណ៍ខ្ពស់ចំពោះការលើកឡើង របស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលបាន សង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីទំនុកចិត្តនៃវប្បធម៌របស់ប្រជាជាតិ ហើយតែងតែ តស៊ូមតិអំពីតម្រូវការ ដើម្បីលើកកម្ពស់ «ភាពចម្រុះ នៃអរិយធម៌របស់មនុស្សជាតិ»។
ម្យ៉ាងវិញទៀត ក្នុងក្របខណ្ឌទ្វេភាគី នៃវិស័យវប្បធម៌ និងសិល្បៈ ប្រទេសទាំងពីរ នឹងបន្តខិតខំពង្រឹង និងពង្រីក នូវកិច្ចសហប្រតិបត្តិការ ក៏ដូចជាការសាកល្បងថ្មីនូវផ្នែកខ្លះរួមមាន៖ ជម្រុញការប្រែក្លាយកម្ពុជា ជាទឹកដីស្វាគមន៍សម្រាប់ការថតខ្សែភាពយន្តពីសំណាក់ផលិតករបរទេស ក៏ដូចជាផលិតករចិន អាចមកផលិតខ្សែភាពយន្តរបស់ខ្លួន ជាពិសេស ខ្សែ ភាពយន្តបរទេស ដែលមានការបញ្ចូលនូវវប្បធម៌ ប្រពៃណីខ្មែរ, សហការបណ្តុះបណ្តាលលើជំនាញដែលមានស្រាប់ ប្រកបដោយនិរន្តរភាព (ជំនាញដូនតា) , បណ្តុះបណ្តាលការប្រើប្រាស់បច្ចេកវិទ្យាលើវិស័យវប្បធម៌ និងសិល្បៈ សម្រាប់ព្រឹត្តិការណ៍ធំៗ បន្ថែមលើតម្លៃវប្បធម៌ដែលមានស្រាប់៕ ដោយ វណ្ណលុក



