កិច្ចប្រជុំវេទិថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វ៊ិកបង្ហាញទៅលើជម្រើសមេត្រីភាពបរិស្ថានចំពោះផលិតផលប្លាស្ទិក និងរួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិក

ខេត្តសៀមរាប៖ នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វ៊ិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចវិលជុំនៅក្នុងកិច្ចប្រជុំពេញអង្គទី៦ បានផ្តោតទៅលើជម្រើសមេត្រីភាពបរិស្ថានចំពោះផលិតផលប្លាស្ទិកដែលប្រើប្រាស់បានតែម្តង (Single-used plastic)។ ភាគីកម្ពុជាធ្វើបទបង្ហាញផ្តោតទៅលើ៖
១)ការអនុវត្តគោលការណ៍ 3R នៅកម្ពុជា
២)ការអនុវត្តវិធានការស្តីពី ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក (វិធានការរយៈពេលខ្លី)៕

ថ្លែងប្រាប់បណ្តាញសារព័ត៌មាននារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា កិច្ចប្រជុំវេទិកា តំបន់អាស៊ី និងប៉ាស៊ីហ្វ៊ិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចវិលជុំចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី ៩ខែកុម្ភៈមានប្រធានបទសំខាន់ៗចំនួន៦ត្រូវបានលើកឡើងក្នុងវេទិការនេះ ក្នុងនេះក៏បាននិយាយពីសេដ្ឋកិច្ចចក្រាឬហៅថាសេដ្ឋកិច្ចវិលជុំឆ្ពោះទៅទេសចរណ៍ប្រកបដោយនិរន្តភាព ។ ចំពោះប្រធានបទនេះត្រូវបានគេលើកឡើងអំពីតួនាទីសេដ្ឋកិច្ចចក្រាពាក់ព័ន្ធទៅនឹងការធ្វើឱ្យទេសចរណ៍មាននិរន្តភាពដែលក្នុងនោះក៏មានការលើកឡើងជាមួយនឹងការប្រើប្រាស់វត្ថុធាតុដើម ពិសេសការអនុវត្តនូវគោលការណ៍3Rក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

ឯកឧត្តមមានប្រសាសន៍ថា ប្រទេសកម្ពុជាបានផ្តល់នូវបទពិសោធន៍នៃវិធានការល្អៗនៅតាមសណ្ឋានគារ នៅតាមតំបន់ទេសចរណ៍ធម្មជាតិ ដែលតំបន់មួយចំនួនយើងបានកាត់ផ្តាច់នូវការប្រើប្រាស់ផលិតផលដែលចេញពីប្លាស្ទិក ហើយជំនួសមកវិញដោយវត្តុធាតុដើម ឬក៏សម្ភារៈដែលមានមេត្រីបរិស្ថាន។ក្នុងនេះកម្ពុជាក៏បានបង្ហាញពីបំពង់បឺតដែលធ្វើពីអង្ករ ធ្វើអំពីបំពង់ឬស្សី ធ្វើអំពីដើមថ្នក់ទឹក ធ្វើអ្វីក្រដាស ឬក៏ធ្វើអំពីដែកជាដើម។ក្នុងពិធីនេះកម្ពុជាក៏ជំរុញឱ្យមានការប្រើប្រាស់ប្លាស្ទិកដែលផលិតពីជីវៈបា្លស្ទិកនិងប្លាស្ទិកមេត្រីបរិស្ថានផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្រ្តា បញ្ជាក់ដែរថា កម្ពុជាបានលើកឡើងអំពីអំឡុងពេលកូវីដ១៩ដែលមានការប្រើប្រាស់ម្ហូបអាហារវេចខ្ចប់កើនឡើង ហើយការប្រើប្រាស់ប្លាស្ទិកអំឡុងពេលនេះក៏ច្រើន ដែលយើងចាំបាច់ត្រូវរួមគ្នាកាត់បន្ថយ។ ក្រៅពីនេះកម្ពុជាក៏បានលើកឡើងអំពីការជំរុញផលិត និងការប្រើប្រាស់ ផលិតភាពក្នុងប្រទេសតែម្តងដើម្បីឱ្យមានការគិតគូវែងឆ្ងាយអំពីផលិតផលដែលមានមេត្រីភាពបរិស្ថាន។

គួរបញ្ជាក់ថា ក្រុមបណ្តាសមាជិកដែលរួមមាន ៣៩ប្រទេសក្នុងកិច្ចប្រជុំ លើកទី១១អាស៊ីនិង ប៉ាស៊ីហ្វិក ស្តីពី3R សេដ្ឋកិច្ចចក្រា ក្នុងនេះរួមទាំង អង្កការសហប្រជាជាតិបានជំរុញការលុបបំបាត់កាកសំណល់ប្លាស្ទិក និងការច្នៃឡើងវិញសំដៅការលុបបំបាត់ការបំពុលបរិស្ថាន។

កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំវេទិការថ្នាក់តំបន់លើកទី១១អាស៊ីនិង ប៉ាស៊ីហ្វិក ស្តីពី3R សេដ្ឋកិច្ចចក្រាចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី ១០កុម្ភៈ ឆ្នាំ ២០២៣និងក៏ជាលើកទី១នៅក្នុងទឹកដីខេត្តសៀមរាប៕ (អត្ថបទ + រូប ៖ម៉ាដេប៉ូ)

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner