ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់ មកកាន់កម្ពុជានាពេលខាងមុខនេះ នឹងបើកទំព័រប្រវត្តិសាស្ត្រថ្មី នៅក្នុងទំនាក់ទំនងទ្វេភាគី
ភ្នំពេញៈ តបតាមការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និង លោកជំទាវ អែលឃើ បឿឌិនបិនឌ័រ (Elke Büdenbender) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសពព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់អំពីកម្មវិធីសង្ខេបថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតី នឹងមានកិច្ចសន្ទនាផ្លូវការ ជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងឱកាសនោះ ទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានាដែលមានផលប្រយោជន៍រួមនឹងត្រូវលើកយកមកពិភាក្សា។

ឯកឧត្តមប្រធានាធិបតី នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងអំឡុងពេលស្នាក់នៅកម្ពុជាឯកឧត្តម ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ នឹងអញ្ជើញទៅទស្សនកិច្ច អង្គការ Halo Trust និងទស្សនាឧទ្យានជាតិអង្គរក្នុងខេត្តសៀមរាប ដែលមានគម្រោងឧបត្ថម្ភគាំទ្រដោយអាល្លឺម៉ង់។ ឯកឧត្តមប្រធានាធិបតី ក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងក្នុងរាជធានីភ្នំពេញ ផងដែរ។
ក្រសួងការបរទេសបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានដោយគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនាពេលខាងមុខ របស់ឯកឧត្តមប្រធានាធិបតីអាល្លឺម៉ង់មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕
ដោយ៖ពល ជ័យ
