ក្រសួងការងារ នឹងជួយបណ្តុះបណ្តាលមុខជំនាញផ្សេងៗដល់ កងទ័ព ដើម្បីយកទៅបម្រើនៅអង្គភាព

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា ក្រសួងនឹងខិតខំជួយបណ្តុះបណ្តាលជំនាញ ផ្សេងៗ ទៀត ជូនដល់កងទ័ពដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍រួម នៅអង្គភាពរបស់ខ្លួន និងទុកជាទុនសម្រាប់ពួកគាត់នាពេលអនាគត ក្រៅពីការផ្តល់សម្ភារៈ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិទ្យុទាក់ទង និងដំឡើងប្រព័ន្ធអង់តែន ជូនដល់នាយទាហាន នាយទាហានរង និង ពលទាហានចំណុះកងទ័ពជើងគោក នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា សិក្ខាកាមដែល បាន មកទទួលការបណ្តុះបណ្តាលនេះ ពិតជាបានទទួលនូវចំណេះដឹងថ្មីបន្ថែម និងចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់ លើការងារជំនាញវិទ្យុទាក់ទង និងដំទ្បើងប្រព័ន្ធអង់តែន ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍រួមក្នុងការ បំពេញ តួនាទី ក៏ដូចជាចែករំលែកនូវចំណេះដឹង និងជំនាញទាំងនេះ ជាមួយសហការីនៅតាមមូលដ្ឋានកងទ័ពរបស់ខ្លួន។

តាងនាមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានអបអរសាទរ និងកោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានខិត ខំ រៀនសូត្ររហូតដល់ចប់វគ្គ ហើយទទួលបាននូវជំនាញបច្ចេកទេសវិទ្យុ ទាក់ទង និងដំឡើងប្រព័ន្ធអង់តែន ដែលជាវគ្គពិសេសមួយរៀបចំឡើង ដោយមហាវិទ្យាល័យអេឡិចត្រូនិក និងដេប៉ាតឺម៉ងទូរគមនាគមន៍ នៃ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

ឯកឧត្តម ហេង សួរ មើលឃើញថា សក្តានុពលនៃកិច្ចសហប្រតិបត្តិក្នុង ក្របខ័ណ្ឌរវាងកងទ័ព និងស្ថាប័នស៊ីវិល វិស័យឯកជន ក្រោមរូបភាព សម្ព័ន្ធ មេត្រីភាព ដែលកន្លងមក បាននិងកំពុងចូលរួមជួយឧបត្ថម្ភគាំទ្រយ៉ាង ច្រើនជាថវិកា សម្ភារ មធ្យោយបាយ។ល។ ដល់បណ្តាអង្គភាពកងទ័ព ប្រកប ដោយជោគជ័យក៏ដោយ ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលយើងអាច រួមគ្នាជួយដល់កងទ័ពក្រៅពីការផ្តល់ជាថវិកា សម្ភារ ឬមធ្យោបាយ។

លោកថា៖«យើងអាចជួយពួកគាត់បន្ថែមលើសពីនេះទៀត ហើយដែល អាចទទួលបានផលយូរអង្វែងនិងមាននិរន្តភាព ដូចជាការផ្តល់ការ បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ជូនដល់កងទ័ពជាដើម ដែលពួកគាត់មិន ត្រឹមតែអាចយកចំណេះដឹងទៅជួយអង្គភាពគាត់ប៉ុណ្ណោះទេ តែអាចជាទុន សម្រាប់ពួកគាត់នាពេលអនាគតទៀតផង»។

ឯកឧត្តម ហេង សួរ បញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជារីករាយក្នុងការចូលរួមសហការជាមួយបណ្តាអង្គភាពកងទ័ព ដើម្បី ចូលរួមអនុវត្តជាដំណាក់ៗ ឱ្យបានជោគជ័យទៅតាមគំនិតផ្តួចផ្តើម របស់ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា។

បើតាមឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់គឺ ក្រៅពីវគ្គបណ្តុះបណ្តាល ដែលបានបិទវគ្គបញ្ចប់ថ្ងៃនេះ ក៏មានការបណ្តុះបណ្តាលលើមុខជំនាញ ផ្សេងៗទៀតជូនដល់កងទ័ព តាមវិទ្យាស្ថានក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទូទាំងប្រទេស ដែលបច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មាន ៣៧ គ្រឹះស្ថានសិក្សា។

គួរជម្រាបជូនដែរថា វគ្គបណ្តុះបណ្តាលជំនាញវិទ្យុទាក់ទង និងដំទ្បើង ប្រព័ន្ធអង់តែនជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងទ័ពជើងគោក បានប្រព្រឹត្តឡើងក្នុងរយៈពេល ពីរខែ ហើយ បញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ មានសិក្ខាកាម ចូលរួម ៧៤នាក់ មកពី ២១កងឯកភាពនៃកងទ័ពជើងគោក នៅទូទាំង ប្រទេស៕
ដោយ៖ឡាយ សាមាន

ads banner