សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបអនុស្សាវរីយ៍វិរបុរសចិន និងជួបសំដែងការគួរសមជាមួយប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ នៃសភាប្រជាជនចិន

ប៉េកាំង៖ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ដល់វិរបុរសចិន ដែលបានធ្វើពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេសពីនឹមអាណានិគម នៅស្តូបអនុស្សាវរីយ៍វិរបុរសចិន មុខវិមានធានអានម៉េន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ជាមួយអក្សរចរឹកពណ៌មាស នៃការគោរពវិញ្ញាណក្ខន្ធដល់វិរបុរសចិន សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវាចាចិត្តគោរពដោយស្មោះស្ម័គ្រ ជូនចំពោះវិរបុរសចិន ដែលបានធ្វើពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះជាតិពីអាណានិគម រហូតទទួលបានឯករាជ្យយ៉ាងពេញលេញរហូតមកដល់បច្ចុប្បន្ន ពិសេសបានជំរុញល្បឿននៃការអភិវឌ្ឍប្រទេសចិន ក្លាយជាមហាអំណាចសេដ្ឋកិច្ចធំទី២ នៅលើសាកលលោក។

សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអបដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននាពេលនេះរួមមាន ចំនួន៦០រូប។

បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំដែងការគួរសម ឯកឧត្តម លី សានស៊ូ (Li Zhanshu) ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ នៃសភាប្រជាជនចិន។

ឯកឧត្តម លី សានស៊ូ ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការមកកាន់រដ្ឋធានីប៉េកាំង ដែលជាភ្ញៀវទី១របស់ពិភពលោក មកាន់ប្រទេសចិន បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិបានបញ្ចប់ទៅ កាលពីពេលថ្មីៗកន្លងទៅ។

សម្តេចតេជោមានប្រសាសន៍ថា កាលពី៣ឆ្នាំមុនគឺនៅថ្ងៃទី៥កុម្ភៈឆ្នាំ២០២០ សម្តេចបាន បំពេញទស្សនកិច្ចរដ្ឋធានីប៉េកាំង ស្របពេលនៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងខ្លាំង ក្នុងប្រទេសចិន។

សម្តេចតេជោបន្តថា សម្តេចអញ្ជើញទៅកាន់ប្រទេសចិននៅពេលនោះ គឺដើម្បីគាំទ្រនិងជួយដល់ប្រជាជនចិន ពោលគឺយើងមិនស្រឡាញ់គ្នាតែក្នុងពេលសប្បាយនោះទេ គឺត្រូវយកអាសាគ្នាក្នុងពេលមានទុក្ខលំបាកដូចគ្នា និងម៉្យាងវិញទៀតគឺដើម្បីលើកទឹកចិត្តដល់ជនជាតិកម្ពុជា ពិសេសនិស្សិកម្ពុជាដែលសិក្សានៅប្រទេសចិន ឲ្យមានភាពកក់ក្តៅមិនរត់ចោលគ្នា។

សម្តេចតេជោ នាយករដ្ឋមន្ត្រី និង ឯកឧត្តម លី សានស៊ូ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរកម្ពុជា ចិន ពិសេសការជំរុញទំនាក់ទំនងរវាងស្ថាប័ននិតិបញ្ញាត្តិនៃប្រទេសទាំងពីរកម្ពុជា ចិន ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner