នាយករដ្ឋមន្រ្តីកម្ពុជា-ចិន ឯកភាពបន្តជំរុញការផ្លាស់ប្តូរកម្រិតខ្ពស់គ្រប់ទម្រង់ ដើម្បីការអភិវឌ្ឍទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការជឿជាក់ផ្នែកនយោបាយ
ប៉េកាំង៖ ពិធីបដិសណ្ឋារកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងសាលនៃមហាវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្រោមវត្តមាននៃការធ្វើគារវកិច្ចវស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសមភាគីចិន ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន។
សម្តេចតេជោនាយករដ្ឋមន្រ្តី អមដំណើរដោយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានអញ្ជើញធ្វើគារវកិច្ចចំពោះឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា និងអញ្ជើញគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិត ។
បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្រ្តី លី ខឺឈាង បានអញ្ជើញធ្វើជំនួបពិភាក្សាកំពូលទ្វេភាគី ក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត។
ភាគីទាំងពីរកម្ពុជា-ចិន បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃមិត្តភាពរឹងមាណដូចដែរថែប និងឯកភាពបន្តជំរុញការផ្លាស់ប្តូរកម្រិតខ្ពស់ គ្រប់ទម្រង់ ដើម្បីការអភិវឌ្ឍទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការជឿជាក់ផ្នែកនយោបាយ។
ភាគីទាំងពីប្រកាសពិធីសម្ពោធព្រឹត្តិការនានា នៃឆ្នាំមិត្តភាពកម្ពុជា-ចិន ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន សំដៅជំរុញការកសាងសហគមន៍វិសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាព និងកម្រិតខ្ពស់។
ភាគីចិនកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗនានា ដែលកម្ពុជាសម្រេចបាន ក្នុងការកសាងស្ថេរភាពជាតិ វិបុលភាព ព្រមទាំងពង្រីកឥទ្ធិពលកម្ពុជាលើឆាកអន្តរជាតិ។
ភាគីចិនគាំទ្រពេញទំហឹងចំពោះ -ការជ្រើសរើសមាគ៌ា អភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន -កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍នានា -ការអភិវឌ្ឍបន្តបន្ទាប់ តាមរបៀបវារៈនយោបាយកម្ពុជា និង-ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
កម្ពុជា -ប្រកាន់នយោបាយចិនមួយ -ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់ចិន និង-គាំទ្រចិន ការពារផលប្រយោជន៍ស្នូល ព្រមទាំងការបង្រួបបង្រួមជាតិ។
ភាគីទាំងពីរកម្ពុជា-ចិន បានឯកភាពអភិវឌ្ឍក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ផ្តោតសំខាន់លើនយោបាយ ប្រើប្រាស់តួនាទីរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ឲ្យបានពេញលេញ ពង្រឹងការផ្លាស់ប្តូរអន្តរភាគីគ្រប់កម្រិត ទាំងក្នុងក្របខណ្ឌរដ្ឋ បក្ស និងយុវជន និងបន្តកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។ សមត្ថភាពផលិតកម្ម: ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត និងការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្រ្តចតុកោណ។ អភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យក្លាយជាគំរូតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន បណ្តាញអគ្គិសនី ខ្សែកាប្លិ៍អុបទិក ឃ្លាំងស្តុក និងភស្តុភារកម្ម ហើយចិននិងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍគម្រោងផ្លូវដែក។ កសិកម្ម: សិក្សាបង្កើត (ច្រករបៀងមច្ឆា និងអង្ករ) អភិវឌ្ឍន៍កសិកម្មអេកូឡូស៊ីទំនើប ពន្លឿនផែនការអភិវឌ្ឍន៍កសិកម្មទំនើប ស្វែងរកកិច្ចសហប្រតិបត្តិការកសិកម្មឌីជីថល និង គាំទ្រការធ្វើទំនើបកម្មវារីវប្បកម្ម ចម្ការត្រូពិក និងវិស័យសក្តានុពលផ្សេងទៀត។ ថាមពល: ជំរុញកិច្ចសហប្រតិបត្តិការលើថមពលវារីអគ្គិសនី ថាមពលដើរដោយពន្លឺ និងប្រភពថាមពលស្អាតដទៃទៀត ស្វែងរកដំណោះស្រាយកិច្ចសហប្រតិបត្តិការថាមពលបៃតង ស្ថិរភាព និងពឹងផ្អែកបាន។ សន្តិសុខ: ចាប់យកសក្តានុពល នៃយន្តការកិច្ចសហប្រតិបត្តិការ រវាងយោធាទាំងពីរ តាមរយៈការពង្រឹងការផ្លាស់ប្តូរកងកម្លាំងសមភាគី និងសមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នា និងបន្តកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានរវាងមន្រ្តីអនុវត្តច្បាប់។ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ការអប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
ភាគីទាំងពីរកម្ពុជា-ចិន ឯកភាពបន្តប្រកាន់ខ្ជាប់ ពហុភាគីនិយម និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។
ចិនអបអរសាទរភាពជោគជ័យរបស់កម្ពុជា ក្នុងភាពជាប្រធានអាស៊ានឆ្នាំ២០២២ និងបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
បញ្ហាសមុទ្រចិនខាងត្បូង -អំពាវនាវដល់ភាគីពាក់ព័ន្ធអនុវត្តឲ្យបានពេញលេញ និងប្រសិទ្ធភាព នូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិ របស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលម្ហសមុទ្រ និង-ពន្លឿនការសម្រេចនូវ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ប្រកបដោយខ្លឹមសារ និងប្រសិទ្ធភាព ៕ ដោយ វណ្ណលុក





