លោក បៃដិន និងប្រធានាធិបតីប្រេស៊ីលប្តេជ្ញាការពារលទ្ធិប្រជាធិបតេយ្យនៅទ្វីបអាមេរិក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីប្រេស៊ីល លោក លូឡា ដា ស៊ីលវ៉ា នៅថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយនៅឯសេតវិមានថា ប្រទេសធំបំផុតទាំងពីរនៅទ្វីបអាមេរិកនេះ បានមើលឃើញពីជោគជ័យនៃលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ ហើយឥឡូវនេះអាមេរិក-ប្រេស៊ីលនឹងធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ។
លោក បៃដិន បានប្រាប់លោក លូឡា ថា លទ្ធិប្រជាធិបតេយ្យដ៏រឹងមាំរបស់ប្រទេសទាំងពីរត្រូវបានសាកល្បង ហើយទាំងនៅសហរដ្ឋអាមេរិក និងប្រេស៊ីល លទ្ធិប្រជាធិបតេយ្យបានឈ្នះ។ ចំណែកលោក លូឡា បានប្រាប់លោក បៃដិន ថា យើងមានបញ្ហាមួយចំនួនដែលយើងអាចធ្វើការជាមួយគ្នា។
រឿងដំបូងគឺមិនត្រូវអនុញ្ញាតឱ្យមានការវាយប្រហាររបស់ក្រុមប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យកើតឡើងម្តងទៀតឡើយ។
ចំណុចមួយដែលមេដឹកនាំទាំងពីរមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង គឺជុំវិញសង្គ្រាមនៅអ៊ុយក្រែន ហើយប្រធានបទនៃការឈ្លានពានរបស់រុស្ស៊ី មិនត្រូវបានលើកយកមកពិភាក្សានោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តទៅវិញទៅមករបស់ពួកគាត់ ក្នុងការជួយសង្គ្រោះព្រៃអាម៉ាហ្សូន រួមទាំងការប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅភពផែនដី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា




