គណនេយ្យភាពសង្គម ជាកម្មវិធី របស់រាជរដ្ឋាភិបាលកម្ពុជា ផ្សាភ្ជាប់រវាង ប្រជាពលរដ្ឋ និងក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ
កែប ៖ អភិបាលខេត្តកែប បានថ្លែងថា ៖ គណនេយ្យភាពសង្គមជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្សារភ្ជាប់រវាងប្រជាពលរដ្ឋ និងក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អោយប្រជាពលរដ្ឋសម្ដែងនូវមតិ និងចូលរួមតាមដានការបំពេញការងាររបស់មន្ត្រី និងអង្គភាពផ្ដល់សេវា ហើយគណនេយ្យភាពសង្គមនេះ ជាធាតុដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងការទទួលខុសត្រូវខ្ពស់ក្នុងការឆ្លើយតបនឹងតម្រូវការ សំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
នេះជាប្រសាសន៍ របស់ ឯក ឧត្តម បណ្ឌិត្យ សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើង ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីវឌ្ឍន:ភាពការអនុវត្តន៍គណនេយ្យភាពសង្គមដំណាក់កាលទី២ប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី១០ ខែគុម្ភ: ឆ្នាំ២០២៣
នៅសាលប្រជុំធំសាលាខេត្តកែប ។
ឯកឧត្តម បន្ដថា គណនេយ្យភាពសង្គមនេះ ជាកញ្ចក់ដែលឆ្លុះបញ្ចាំងយ៉ាងជាក់លាក់អំពីភាពប្រសើរឡើងនៃទំនាក់ទំនងរវាងសហគមន៍ ប្រជាពលរដ្ឋ និងអ្នកផ្ដល់សេវា និងការចូលរួមចំណែកយ៉ាងសកម្មរបស់គាត់លើដំណើការផ្ដល់សេវាទាំងនេះ ក៏ដូចជាការកើនឡើងនូវការយល់ដឹង និងការយកចិត្តទុកដាក់ឆ្លើយតបត្រូវតាមសំណេី និងសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា តាមរយៈការយកចិត្តទុកដាក់អនុវត្តការងារគណនេយ្យភាព សង្គមដំណាក់កាលទី២នេះ ប្រជាពលរដ្ឋ ជាពិសេសស្ដ្រី កុមារ យុវជន ជនងាយរងគ្រោះ និងប្រជាពលរដ្ឋក្រីក្រទូទាំងខេត្ត និងទទួលបានផលប្រយោជន៍ ប្រកបដោយ តម្លាភាព សមភាព សមធម៌ និងបរិយាប័ន្ន អោយកាន់តែប្រសើរឡើង ស្របតាមការរីកចម្រើនរបស់សង្គមជាតិ និងការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ។
លោកស្រី ប្រាក់ សុខានី នាយិការ អង្គការភាពជាដៃគូ សង្គមស៊ីវិលកម្ពុជា ហៅកាត់ថា CCSPក៍ បានលើកឡើងដែរថា: គណនេយ្យសង្គមគឺជា ឧប្បករណ៍ដ៍មានសារ:សំខាន់ ក្នុងការរួមចំណែក ដល់ការពង្រឹង អភិបាលកិច្ច នៅមូលដ្ឋាន ។ ដោយយល់ឃើញពីសារ:សំខាន់នេះ គណ:កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិប្បតេយ្យ នៅថ្នាក់ក្រោមជាតិ បានដាក់ចេញ នូវផែនការយុទ្ធសាស្រ្ត ស្តីពីការងារ គណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិប្បតេយ្យ នៅថ្នាក់ក្រោមជាតិ ដែលអនុម័ត កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅ ៕ Sila Sarin







