មនុស្សស្លាប់ដោយសាររញ្ជួយដីនៅស៊ីរី និងតួកគី កើនដល់ជាង២៣,០០០នាក់ហើយ

អង់ការ៉ា, ដាម៉ាស៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដី នៅប្រទេសតួកគី និងប្រទេសស៊ីរី ក្បែរខាងនឹងគ្នា បានកើនដល់ជាង២,៣០០០នាក់ហើយ ខណៈកិច្ចខិតខំប្រឹងប្រែងសង្គ្រោះជនរងគ្រោះពីគ្រោះមហន្តរាយធម្មជាតិនេះ កាន់តែបង្កើនល្បឿនខ្លាំងឡើង។

កិច្ចខិតខំប្រឹងប្រែងសង្គ្រោះជនរងគ្រោះពីគ្រោះមហន្តរាយរញ្ជួយដី បានបន្តដល់ថ្ងៃទីប្រាំ នៅក្នុងប្រទេសតួកគី និប្រទេសស៊ីរី ខណៈដែលចំនួនអ្នកស្លាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លា កាលពីថ្ងៃច័ន្ទ នៅក្នុងប្រទេសទាំងពីរបានកើនឡើងលើសពីចំនួន ២៣,០០០នាក់ហើយ គិតត្រឹមថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ហើយក្រុមអ្នកជួយសង្គ្រោះមកពីជុំវិញពិភពលោក បានមកជួយសហការ ស្វែងរកអ្នកនៅរស់រានមានជីវិត ដែលអាចជាប់គាំង ទោះបីជាក្តីសង្ឃឹមថាមានជីវិត សម្រាប់អ្នកបាត់ខ្លួន មានតិចតួចក្តី។

រដ្ឋមន្ត្រីសុខាភិបាលទួកគី លោក ហ្វា ហារ៉េតទីន កូខា (Fahrettin Koca) បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី ក្នុងប្រទេសរបស់លោក បានកើនឡើងដល់ ២០២១៣ និងអ្នករបួសមានចំនួនជាង ៨ម៉ឺននាក់ហើយដែរ ។

នៅក្នុងប្រទេសស៊ីរីវិញ យ៉ាងហោចណាស់មនុស្ស ១,៣៨៧ នាក់បានស្លាប់ និង ២,៣២៦ នាក់រងរបួស នេះបើតាមតួលេខរបស់រដ្ឋាភិបាល ប៉ុន្តែសម្រាប់តំបន់កាន់កាប់ដោយក្រុមប្រឆាំងវិញថា មានមនុស្ស មានជាង ២,០៣៧ នាក់បានស្លាប់ និងយ៉ាងហោចណាស់ មនុស្ស ២,៩៥០ នាក់រងរបួស។ រីឯក្រុមជួយសង្គ្រោះក្នុងតំបន់បាននិយាយ កាលពីថ្ងៃសុក្រសប្តាហ៍នេះថា ត្រូវបានគេជឿជាក់ថា នឹងកើនឡើង។

សូមបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័របានវាយប្រហារតំបន់នៃប្រទេសតួកគី និង ប្រទេសស៊ីរី នៅព្រឹកព្រលឹមថ្ងៃចន្ទ ទី៦ ខែកុម្ភៈ បន្ទាប់មកក៏មានមានកម្លាំងរញ្ជួយ ស្រដៀងគ្នាមួយទៀត នៅរសៀលថ្ងៃដដែលនោះ ហើយក៏មានការរញ្ជួយដីជាច្រើនលើកទៀត បានបន្តពេញមួយថ្ងៃ បង្កវិនាសកម្មយ៉ាងខ្លាំងក្លា រហូតមកដល់ពេលនេះ៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner