សមាជិកបក្សប្រជាជនធនាគារជាតិនៃកម្ពុជា ប្ដេជ្ញាថែរក្សាការពារសុខសន្តិភាព និងសមិទ្ធផលដែលប្រជាជនកម្ពុជា ខិតខំកសាង ឱ្យបានគង់វង្សជាខាច់ខាត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ធនាគារជាតិនៃកម្ពុជា ប្ដេជ្ញាបន្តចូលរួមថែរក្សាការពារសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម ដើម្បីធានាភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍជាតិ និងការពារសន្តិភាពសមិទ្ធដែលប្រជាជនកម្ពុជា ខិតខំកសាងឱ្យបានគង់វង្សជាខាច់ខាត ។

ការប្ដេជ្ញាចិត្តរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ធនាគារជាតិនៃកម្ពុជាដូចនេះ នៅក្នុងពិធីផ្សព្វផ្សាយសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា ។

បន្ទាប់ពីបានតាមដានស្ដាប់ដោយយកចិត្តទុកលើសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលរាយការណ៍ជូនដោយឯកឧត្តម ថា យ៉ាវ សមាជិកគណៈកម្មាធិការកណ្តាល និង ជាអនុប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជារួចមក សមាជិក សមាជិកាទាំងអស់ បានគាំទ្រយ៉ាងពេញទំហឹង និងបានប្ដេជ្ញាថែរក្សាការពារសន្តិភាព និងសមិទ្ធដែលប្រជាជនកម្ពុជា បានខិតខំកសាងឲ្យគង់វង្សជាខាច់ខាត។

ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍បញ្ជាក់ថា យើងពិតជាមានមោទនភាពណាស់ ព្រោះនៅក្នុងសម្រេចចិត្តនៃមហាសន្និបាត បានបញ្ជាក់ច្បាស់ថា៖ កាលនៅមុនផ្ទុះឡើងជំងឺកូវីដ-១៩ កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ច ៧,៥% នៅឆ្នាំ២០១៨ និង៧,១% នៅឆ្នាំ ២០១៩ ហើយនៅឆ្នាំ២០២០ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យធ្លាក់ក្នុងកំណើនអវិជ្ជមាន – ៣,១%។

ឯកឧត្តម បានបន្តថា ដើម្បីឆ្លើយតបឲ្យទាន់ពេលក្នុងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយធំៗមួយចំនួន សំដៅគាំទ្រសេដ្ឋកិច្ច ឲ្យចាកចេញពីកំណើនអវិជ្ជមានក្នុងរយៈពេលដ៏ខ្លី ដោយធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងឆាប់ ជាមួយនឹងកំណើន ៣% នៅឆ្នាំ២០២១, នៅឆ្នាំ២០២២ ត្រូវបានប៉ាន់ប្រមាណថា មានកំណើន ៥,២% ហើយឆ្នាំ២០២៣ រំពឹងថា នឹងមានកំណើន ៥,៦%។

ដើម្បីឲ្យសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលល្អតាមផែនការ ឯកឧត្តម ជា ចាន់តូ បានអំពាវនាវឲ្យសមាជិក សមាជិកាបក្សធនាគារជាតិ នៃកម្ពុជា ចូលរួមឲ្យបានសកម្ម ពិសេសត្រូវថែរក្សាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមឲ្យបានល្អ ដើម្បីធានាសេរីភាព ភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ៕ ដោយ វ៉េង លីមហួត

ads banner