សហរដ្ឋអាមេរិក បាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណដែល បានហោះ កាត់រដ្ឋអាឡាស្កា
អាមេរិក៖យន្តហោះចម្បាំង F-22 របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណមួយដែលកំពុងហោះហើរកាត់រដ្ឋអាឡាស្កាដែលការបាញ់នេះត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយយោធា អាមេរិក បាញ់ទម្លាក់ប៉េងប៉ោងរបស់ចិន ដែលបានហោះហើរកាត់ សហរដ្ឋ អាមេរិក។
យោងតាមឧត្តមសេនីយ៍ទោ Patrick Ryder អ្នកនាំពាក្យរបស់មន្ទីរ បញ្ចកោណ Pentagon បាននិយាយថា វត្ថុចម្លែកនេះមានទំហំប៉ុនរថយន្ត តូចមួយ ហើយពួកគេក៏មិនទាន់ដឹងថា អ្នកណាជាម្ចាស់វត្ថុនេះទេ និងមិន ច្បាស់ថាវាហោះហើរចេញពីកន្លែងណានោះទេ។
កាលពីថ្ងៃទី ៤ ខែកុម្ភៈ យន្តហោះចម្បាំង F-22 របស់អាមេរិក មួយផ្សេង ទៀតបានបាញ់ទម្លាក់ប៉េងប៉ោងមួយ ដែលអាមេរិកសន្មតថាជាវត្ថុសម្រាប់ ឃ្លាំមើលដែលបង្ហោះដោយប្រទេសចិន នៅឆ្នេរសមុទ្រនៃរដ្ឋ South Carolina បន្ទាប់ពីបានហោះហើរកាត់សហរដ្ឋអាមេរិក និងផ្នែកខ្លះ នៃកាណាដាអស់រយៈពេលមួយសប្តាហ៍។ ប៉ុន្តែរដ្ឋាភិបាលចិនបានប្រកែកថា វត្ថុនេះគ្រាន់តែជាឧបករណ៍សម្រាប់សិក្សាស្រាវជ្រាវប៉ុណ្ណោះ។
ការបាញ់ទម្លាក់នេះបានធ្វើឱ្យសមាជិកសភាខ្លះធ្វើការរិះគន់ជាខ្លាំងដល់ប្រធានាធិបតីអាមេរិក ដោយមិនព្រមបញ្ជាឱ្យបាញ់ទម្លាក់វាឆាប់រហ័ស ដោយ យោធាអាមេរិកបានបកស្រាយថា ពួកគេរង់ចាំឱ្យហោះផុតពីមហា សមុទ្រ សិន ដើម្បីការពារពីការធ្លាក់កម្ទេចកម្ទីរបស់វា។
ចំណែកឯ វត្ថុថ្មីដែលទើបបាញ់ទម្លាក់នេះ មន្ទីរបញ្ចកោណ Pentagon និងសេតវិមាននៅមិនទាន់ផ្តល់ព័ត៌មានច្បាស់លាស់ពី មុខងារ របស់ វានោះទេ ដោយគ្រាន់តែដឹងថាវត្ថុនេះមានរូបរាងតូចជាងប៉េងប៉ោងរបស់ចិន។
យោងតាម មន្ទីរបញ្ចកោណ Pentagon បានឱ្យដឹងថា ពួកគេបានបញ្ជូន យន្តហោះចម្បាំង F-35 ទៅស៊ើបអង្កេតកាលពីថ្ងៃព្រហស្បតិ៍ ដោយវត្ថុ នេះកំពុងហោះហើរក្នុងរយៈកម្ពស់ ១២ ១៩០ ម៉ែត្រ ក្នុងទិសដៅភាគខាង ជើងឆៀងខាងកើត និងត្រូវបានបាញ់ទម្លាក់នៅឆ្នេរភាគឦសាន នៃ រដ្ឋអាឡាស្កា ជិតព្រំដែននៃប្រទេសកាណាដា។
អ្នកបើកយន្តហោះជនជាតិអាមេរិក ដែលបានហោះទៅកាត់វត្ថុចុង ក្រោយ គេបង្អស់នេះបានធ្វើការរៀបរាប់ពីការហោះហើរដែលគ្មានមនុស្សបើកដោយគេសន្មតថាវាប្រដូចទៅនឹងយន្តហោះដែរ ប៉ុន្តែវាហោះដោយខ្លួនឯង ហើយ គេក៏មិនអាចកំណត់បានដែរថាវាជាប្រភេទប៉េងប៉ោងផ្សេងទៀត ឬជា សមាស ធាតុថ្មីមួយទៀតឡើយ។ការបាញ់ទម្លាក់វត្ថុថ្មីៗដែលហោះកាត់សហរដ្ឋអាមេរិកនេះ បានផ្តល់ ឱ្យ មានផលប៉ះពាល់យ៉ាងច្រើនដល់ផ្លូវអាកាស និងយោធាត្រូវចំណាយ កម្លាំងរុករកកម្ទេចកម្ទី និងបំណែគ្រឿងអេឡិចត្រូនិកយ៉ាងច្រើន។
គួរបញ្ជាក់ឱ្យដឹងផងដែរថា កាលពីសវនាការព្រឹទ្ធសភាថ្ងៃព្រហស្បតិ៍នេះ សមាជិកសភាបានរិះគន់ដល់មន្ទីរបញ្ចកោណ Pentagon ចំពោះការ បន្លាយ ពេលបាញ់ទម្លាក់ប៉េងប៉ោងរបស់ចិន ដោយធ្វើអោយវាមានការព្រួយ បារម្ភ កាន់តែខ្លាំងទៅលើសុវត្ថិភាពរបស់រដ្ឋ និងប្រទេសរបស់ខ្លួន៕
ដោយ៖ ឡេង អារីតា