សហរដ្ឋអាមេរិក៖ រុស្ស៊ីទំនងជាបាត់បង់រថក្រោះធុនធ្ងន់ពាក់កណ្តាលក្នុងសង្គ្រាមនៅអ៊ុយក្រែន
វ៉ាស៊ីនតោន៖ មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ពាក់កណ្តាលនៃរថក្រោះប្រយុទ្ធសំខាន់ៗរបស់រុស្ស៊ីទំនងជាត្រូវបានបំផ្លាញ ឬរឹតអូសបានដោយងកងកម្លាំងអ៊ុយក្រែន។

រុស្ស៊ីប្រហែលជាបានបាត់បង់ពាក់កណ្តាលនៃស្តុករថក្រោះចម្បាំងដ៏សំខាន់របស់ខ្លួនក្នុងការប្រយុទ្ធ ឬតាមរយៈការរឹតអូសយកពីសំណាក់អ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់ជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខអន្តរជាតិ លោកស្រី សែលឡេស វ៉លលែនឌឺ ក្នុងអំឡុងព្រឹត្តិការណ៍ពិភាក្សាតាមអនឡាញ ស្តីពីសន្តិសុខជាតិអាមេរិកថ្មីមួយ។

ការប៉ាន់ប្រមាណរបស់លោកស្រី វ៉លលែនឌឺ ដែលមិនបានផ្តល់តួលេខពិតប្រាកដសម្រាប់ចំនួនរថក្រោះ ដែលបានបាត់បង់ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ បានកើតមានឡើងនៅពេលដែលអ៊ុយក្រែនបានទទួលការសន្យាថា នឹងទទួលបានរថក្រោះប្រយុទ្ធរាប់រយគ្រឿងពីដៃគូលោកខាងលិចរបស់ខ្លួន។

គួរបញ្ជាក់ថា អង់គ្លេសបាននិយាយថា រថក្រោះ Challenger 2 របស់ខ្លួននឹងត្រូវដាក់ពង្រាយនៅអ៊ុយក្រែនក្នុងខែមីនា ខណៈដែលអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តមានបំណងបញ្ជូនរថក្រោះខ្លារខិន Leopard 2 ទៅកាន់ទីក្រុងកៀវនៅខែមេសាខាងមុខ។

ចំណែកសហរដ្ឋអាមេរិកក៏បានសន្យាដែរថា នឹងផ្តល់រថក្រោះ M1 Abrams របស់ខ្លួនផងដែរ ប៉ុន្តែគេរំពឹងថា ការសន្យានោះ អាចនឹងត្រូវចំណាយពេលយូរជាងនេះ ដើម្បីដឹកជញ្ជូនមកដល់អ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា
