ឯកឧត្ដម ណុប រ័ត្ននិមល ៖ យុវជនសម័យតេជោ មានភ័ព្វសំណាងណាស់មានឱកាសបានរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពខ្លួនឯង
ខេត្តកំពង់ស្ពឺ ៖ ឯកឧត្ដម ណុប រ័ត្ននិមល ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តំណាងឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា យុវជនសម័យតេជោ មានភ័ព្វសំណាងណាស់បានរស់នៅយ៉ាងសុខសាន្តក្រោមម្លប់សន្តិភាពរបស់សម្ដេចតេជោ មានឱកាសគ្រប់គ្រាន់បានរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពខ្លួនឯង ដើម្បីផលប្រយោជន៍គ្រួសារ និងសង្គមជាតិ វាផ្ទុយស្រឡៈពីយុវជនសម័យមុនៗមិនមានឱកាសបានចូលរៀនដោយសារប្រទេសជាតិមានសង្រ្គាមផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ គ្មានសាលារៀន គ្មានហេដ្ឋារចនាសម្ពន្ធ័សង្គម។

ឯកឧត្ដម បានថ្លែងដូចនេះខណៈអញ្ជើញសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជននិងថ្នាក់ដឹកនាំស្រុកឃុំចំនួន១០៤៥នាក់នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺព្រឹកថ្ងៃទី១១កុម្ភៈ។

ឯកឧត្ដម ណុប រ័ត្ននិមល បានរំលឹក កាលពីអតីតកាលសម័យសង្រ្គាមនៅកម្ពុជាបានបង្ក វិនាសកម្មដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរជាច្រើនទស្សវត្សរ៍ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតបានកាប់សម្លាប់អ្នកចេះដឹងប្រជាពលរដ្ឋស្លូតត្រង់ និងបំផ្លិចបំផ្លាញសង្គមជាតិដល់ឬសគល់។ ដោយសារវីរភាពដ៍ថ្លៃថ្លារបស់សម្ដេចតេជោ សែនរួមនិងអ្នកស្នេហាជាតិជាច្រើនរូបបានតស៊ូប្រឹងប្រែងឆ្លងកាត់គ្រប់ឧបសគ្គរាប់រយជំពូកនិងបានចំណាយសាច់ស្រស់ឈាមស្រស់បានលៈបង់គ្រប់បែបយ៉ាងទាំងជីវិតគ្រួសារដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពតបានស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិពិតប្រាកដទូទាំងប្រទេសព្រមទាំងបានជម្រុញការអភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យរហូតមានការអភិវឌ្ឍលើគ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ។ ជារៀងរហូតមក សម្ដេចទាំងទ្វេ បានគិតគូរពីសុខទុក្ខជីវភាពរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈមិនថាក្នុងស្ថានភាពធម្មតានិងមានគ្រោះធម្មជាតិផ្សេងៗកើតឡើង។ ជាក់ស្ដែងនៅក្នុងអំឡុងពេលការរាលដាលខ្លាំងជំងឺកូវីដ១៩ជាសកលសម្ដេចបានស្វែងរកជំនួយវ៉ាក់សាំងពីបណ្ដាលប្រទេសជាមិត្ត និងបានបញ្ជា ទិញវ៉ាក់សាំងយ៉ាងច្រើនលើសលប់ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងបានដាក់ចេញនូវគោលនយោបាយជួយឧបត្ថម្ភថវិការជូនដល់កម្មកររោងចក្រ និងប្រជាពលរដ្ឋក្រីក្រ។

ក្នុងឱកាសនោះ ឯកឧត្ដមបានក្រើនរំលឹកដល់យុវជនបន្តខិតខំរៀនសូត្រយកចំណេះវិជ្ជាចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ជៀសឱ្យឆ្ងាយពីគ្រឿងញៀនយកពេលទំនេរលេងកីឡាដើម្បីសុខភាព និងបានអំពាវនាវដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សយុវជន និងថ្នាក់ដឹកនាំស្រុកឃុំយុវជនស្រុកគងពិសីទាំងអស់ សូមចូលរួមថែរក្សាការពារសន្តិភាព អរគុណសន្តិភាព និងស្ថាបនិកសន្តិភាពពីព្រោះសន្តិភាពនៅកម្ពុជាមានតម្លៃមិនអាចកាត់ថ្លៃបានទេសន្តិភាពប្រៀបដូចបំពង់អុកស៊ីសែនសម្រាប់ដកដង្ហើម ប្រជាពលរដ្ឋកម្ពុជាក៍ដូចប្រជាជននៅលើពិភពលោកត្រូវការសន្តិភាពជាចាំបាច់ដើម្បីឈានទៅរកការអភិវឌ្ឍប្រទេសជាតិបើសិនប្រទេសមានសង្រ្គាមមិនអាចមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិបាននោះទេ ។

ឯកឧត្ដម ណុប រ័ត្ននិមល បានបញ្ជាក់ថាទោះក្នុងតម្លៃណាក៍ដោយមិនអនុញ្ញាតឱ្យជនអគតិមួយចំនួនតូចណាមួយមកបំផ្លាញសន្តិភាពនៅកម្ពុជាបានឡើយហើយយុវជនស្រុកគងពិសីត្រូវប្ដេជ្ញាការពារសន្តិភាពនៅកម្ពុជា ឱ្យបន្តភាពរឹងមាំស្ថិតស្ថេរគង់វង្សជាអមតៈ។ ឯកឧត្តម បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនសាលាស្រុកគង់ពិសី ថវិកា២លានរៀល លោកគ្រូអ្នកគ្រូ ចំនួន២០០នាក់ ក្នុងម្នាក់ៗឃិតមួយកញ្ចប់ថវិកា៤មុឺនរៀល យុវជន ៥០០នាក់ ក្នុងម្នាក់ៗឃិតមួយកញ្ចប់ ថវិកា២មុឺនរៀល សិស្សានុសិស្ស ចំនួន ៣០០នាក់ ក្នុងម្នាក់ៗឃិតមួយកញ្ចប់ ថវិកា ២មុឺងរៀលផងដែល ៕ ដោយ-រ៉ាវុធ
