រឿងផ្សាយថា ឯកឧត្តម ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសនាយករដ្ឋមន្រ្តី៖សម្ដេចតេជោ ទុកពេលឱ្យ វិទ្យុ វីអូឌី ៧២ ម៉ោងដើម្បីធ្វើការសូមទោសរាជរដ្ឋាភិបាលនិងឯកឧត្តម ហ៊ុន ម៉ាណែត

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់នៅល្ងាចនេះដោយប្រកាសទុកពេលឱ្យវិទ្យុវិអូឌី(VOD) សូមទោសជាសាធារណៈរយៈពេល៧២ម៉ោងដោយសូមទោសរាជរដ្ឋាភិបាលផង និងសូមទោសហ៊ុន ម៉ាណែត ផង។ទន្ទឹមនេះក្រសួងព័ត៌មានត្រូវធ្វើការជាមួយVOD ព្រមជាមួយគ្នាឯកឧត្តម គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាលត្រូវ ត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសូមទោស។ប្រតិកម្មនេះបានកើតឡើងបន្ទាប់ពីវិទ្យុនេះ បានផ្សាយឯកឧត្តមហ៊ុនម៉ាណែតបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលក្នុងការផ្តល់ជំនួយថវិកាទៅឱ្យ ប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដី។

លើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយរូបថតមួយសន្លឹក និងសារឆ្លើយឆ្លងផង សម្ដេចតេជោបានសរសេរថា” ដើម្បីបញ្ចប់នូវការភាន់ច្រឡំឬរហូតដល់ ការមួលបង្កាច់ដោយចេតនា​ពីវិទ្យុ​VODមិនត្រឹមតែលើហ៊ុន ម៉ាណែតប៉ុណ្ណោះទេតែវាជារឿងរបស់រាជរដ្ឋាភិបាលទាំង​មូល​​លើ​ការគ្រប់គ្រងថវិកាជាតិ។ខ្ញុំសូមចែករំលែកនូវរបៀបគ្រប់គ្រងថវិកានិយាយជារួមនិងនិយាយដោយឡែកលើការផ្តល់ជំនួយចំពោះប្រទេសតួកគី”។

សំណេរបានបន្តថាច្បាប់និងការអនុវត្តនៅប្រទេសយើងគឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់មានសិទ្ធបញ្ជាចំណាយក្រោមច្បាប់ថវិការជាតិដែលជាអគ្គបញ្ជាការកំពូល។ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុគឺជានាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្តឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធឬមកលូកលាន់កិច្ចការនេះឡើយលើកលែងតែការបញ្ជាចំណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន។

សម្រាប់ជំនួយទៅប្រទេសតួកគីយោបល់ ទីមួយគឺរដ្ឋមន្ត្រីការបរទេសប្រាក់ សុខុន ព្រឹកថ្ងៃ៨កុម្ភៈម៉ោង៦:៥៦នាទី។ បញ្ជាខ្ញុំឱ្យប្រកាស១០ម៉ឺនដុល្លារម៉ោង៧:១២នាទី និងបញ្ជូនសំណេរទាំងពីរជូនឯកឧត្តម អូន ពន្ធមុនីរ័ត្ន ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង៧:១៨នៅព្រឹកថ្ងៃ៨កុម្ភៈ២០២៣ដូចគ្នា។

សម្ដេចតេជោបានបន្តថា” តើការចោទលើ ហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយឬជាការភាន់ច្រឡំ?
ខ្ញុំទុកពេលឱ្យសូមទោសជាសាធារណៈរយៈពេល៧២ម៉ោងដោយសូមទោសរាជរដ្ឋាភិបាលផង និងសូមទោសហ៊ុន ម៉ាណែត ផង។
ក្រសួងព័ត៌មានត្រូវធ្វើការជាមួយVOD ព្រមជាមួយគ្នាឯកឧត្តមគី តិច ប្រធាន មេធាវីរាជរដ្ឋាភិបាលត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសូមទោស”។

សម្ដេចតេជោបានបញ្ជាក់ជាចុងក្រោយថា “យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំ និងត្រឹមត្រូវរបស់យើងនោះឡើយ។
សូមកុំថាយើងគំរាមឱ្យសោះ(សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់អ្នកដទៃ)។មិត្តភក្រ្តបរទេសឬសង្គមស៊ីវិលមុនបញ្ចេញ មតិសូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុនិងអង្គច្បាប់។
ចុងក្រោយខ្ញុំសូមរំលឹកនូវពាក្យដាស់តឿនរបស់ខ្ញុំសម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ១៤ មករា ២០២៣កន្លងទៅ គឺ(អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត)”។

គួររំលឹកថាឯកឧត្តម ហ៊ុន ម៉ាណែត បានស្នើឱ្យវិទ្យុវីអូឌី(VOD)បង្ហាញឯកសារដែលបញ្ជាក់ថាលោកបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរដ្ឋាភិបាលក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីផង។លោកក៏បានស្នើឱ្យសូមធ្វើការសុំទោសព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ដើម្បីកុំឱ្យសាធារណៈ មតិមានការយល់ច្រឡំមកលើរូបលោកក្នុងរឿង។

យោងតាមសាររបស់ឯកឧត្តមដែលបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកព្រលឹមថ្ងៃទី ១១ ខែកុម្ភៈឯកឧត្តម ហ៊ុន ម៉ាណែត បានសរសេរថា “ពិតជាមានរឿងប្លែកៗមែន… បើអ្នកនិយាយតាម facebookតាមអារម្មណ៍មិនមាន អាជីពពិតប្រាកដខ្ញុំមិនថាទេ ប៉ុន្តែសម្រាប់សារពត៌មានអាជីពដែលជ្រកក្រោមស្ថាប័នសារពត៌មានច្បាស់លាស់ ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពច្បាស់លាស់៖ខ្ញុំសុំឱ្យវិទ្យុ VODបង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខា ជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៏មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ។
ខ្ញុំបានស្រាវជ្រាវរកឯកសារដែលពាក់ព័ន្ធ ប៉ុន្តែឃើញមានសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិតែមួយគត់ ដែលមិនមានហត្ថលេខាអ្នកណាទាំងអស់”។

នៅលើសារដដែលបានបញ្ជាក់ថា “បើ VODមិនមានឯកសារហើយចុះផ្សាយពត៌មាន មិនត្រឹមត្រូវដោយអចេតនានោះសូមធ្វើការសុំទោសព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំឱ្យសាធារណៈមតិមានការយល់ច្រឡំមកលើរូបខ្ញុំក្នុងរឿងនេះ។
ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ។”៕ដោយ៖ពលជ័យ ,ជម្ពូនុទ

ads banner