កម្ពុជានិងវិទ្យាស្ថានស្រាវជ្រាវនៅកូរ៉េខាងត្បូង គ្រោងបង្កើតកិច្ចសហ ប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស
ភ្នំពេញ៖កម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កូរ៉េ (KRIVET) នៃសាធារណរដ្ឋកូរ៉េ គ្រោងបង្កើតកិច្ចសហ ប្រតិបត្តិ ការ លើវិស័យអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង កម្ពុជា ក្នុងគោលបំណងក្នុងការពង្រីកចំណេះដឹងទាក់ទងជំនាញ បច្ចេកទេស។

គម្រោងនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងអំឡុងពេលដែល រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និងកីឡាឯកឧត្តមហង់ ជួនណារ៉ុន បានអនុញ្ញាតឱ្យ គណៈប្រតិភូកូរ៉េ ដែលដឹកនាំដោយលោក Kim Young Saing មកពីវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលវិជ្ជាជីវៈកូរ៉េ (KRIVET) នៃសាធារណរដ្ឋកូរ៉េ ចូលជួបពិភាក្សាការងារស្តីពីកិច្ច សហ ប្រតិបត្តិការលើវិស័យអប់រំបច្ចេកទេស និងបណ្តុះបណ្តាល វិជ្ជាជីវៈ កាលពីថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ ២០២៣។ គំនិតផ្តួចផ្តើមនេះ កើតឡើង បន្ទាប់ពីគណៈប្រតិភូកូរ៉េ បានទៅទស្សនកិច្ចសិក្សា នៅ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង។

ប្រភពពីក្រសួងអប់រំកម្ពុជាបានឱ្យដឹងថា ក្នុងជំនួបនោះប្រតិភូកូរ៉េ បានធ្វើបទបង្ហាញទាក់ទងទៅនឹងគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនឹងកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងក្នុងការពង្រីកចំណេះដឹងទាក់ទងទៅនឹងវិស័យអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រីកគំរូអាស៊ានលើការអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ASEAN TVET Model)ដែលសមស្របនឹងបរិបទនិងយុទ្ធសាស្រ្ដ អភិវឌ្ឍន៍អាស៊ាន និង ការបង្កើតហេដ្ឋារចនាសម្ព័ន្ធសម្រាប់គ្រូ បង្រៀន អប់រំបច្ចេកទេសនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីផ្លាស់ ប្ដូរការសិក្សា។
ក្នុងឱកាសនេះឯកឧត្តម ហង់ ជួនណារ៉ុន បានថ្លែងអរគុណចំពោះ គណៈប្រតិភូកូរ៉េ ដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់កម្ពុជា។ លោក បានស្នើសុំឱ្យនាយកដ្ឋានជំនាញ សហការជាមួយវិទ្យាស្ថានស្រាវ ជ្រាវ និងបណ្តុះបណ្តាលវិជ្ជាជីវៈកូរ៉េ (KRIVET) សិក្សាស្វែងយល់ អំពីជំនាញបច្ចេកទេស ដូចជា ការប្រើប្រាស់ដ្រូន (Drone) និង ជំនាញ ទាក់ទងនឹងសម្ភស្ស (Beauty) ទៅលើវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសនៅភ្នំពេញដើម្បីឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការអនុវត្តកម្មវិធីនាពេលខាងមុខ។
សូមជម្រាបថា វិទ្យាស្ថានស្រាវជ្រាវ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកូរ៉េ (KRIVET) បានអនុវត្តវគ្គបណ្ដុះបណ្ដាលជំនាញ ដូចជា ការប្រើប្រាស់ ដ្រូន (Drone) ការព្រីនបែប 3D (3D Printer) ជំនាញគ្រឿងចក្រ (Automation) ជំនាញទាក់ទងនឹងសម្ភស្ស (Beauty) និងព័ត៌មាន វិទ្យា នៅបណ្ដាប្រទេសរួមមាន ប្រទេសថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងឥណ្ឌា៕
ដោយ៖ឡាយ សាមាន