អភិបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យមើលពីវឌ្ឍនភាព នៃការសាងសង់វិមានឯករាជ្យ និងការកែលម្អសួនច្បារនិងច្រាំងស្ទឹងសង្កែ
ខេត្តបាត់ដំបង ៖ គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ការសាងសង់វិមានឯករាជ្យ នៅក្នុងទីប្រជុំជននៃទីក្រុង-ខេត្តបាត់ដំបង បានសំរេចប្រមាណ ៣០-៤០%ហើយ ដោយគ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅដំណាច់ខែមិថុនាឆ្នាំ២០២៣ ដោយឡែកកំណាត់សួននាគសន្តិភាព គ្រោងនិងបញ្ចប់នៅមុនពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

នេះបើតាមការអះអាងពីវិស្វកម្មសាងសង់នៅទីនោះ ខណៈដែលឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះត្រួតពិនិត្យមើលពីវឌ្ឍនភាពក្នុងការសាងសង់ទីតាំងទាំងពីរការដ្ឋានខាងលើ ។

គួររំលឹកឲ្យដឹងដែរថា៖ ការបើកការដ្ឋានក្នុងការសាងសង់វិមានឯករាជ្យ សួនច្បារថ្មី និងរៀបចំផ្សាររាត្រីថ្មី បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា ហើយនៅក្នុងឱកាសបើកការ ដ្ឋានសាងសង់ សម្តេចក្រឡាហោម បានថ្លែងថាការសាងសង់នូវ”វិមានឯករាជ្យ”នេះគឺក្នុងគោលបំណងដើម្បីសំដៅការលើកកម្ពស់សោភ័ណភាពនៃទីក្រុងបាត់ដំបង ឱ្យកាន់តែស្រស់បំព្រងថែមមួយកម្រិតទៀត ហើយក៏ជាសមិទ្ធផលថ្មីៗបន្ថែមទៀត “ក្រោមម្លប់សន្តិភាព” ដែលបាននិងកំពុងតែធ្វើឱ្យខេត្តបាត់ដំបង កាន់តែប្រែនូវមុខមាត់ថ្មីនិងកំពុងតែមានការអភិវឌ្ឍក្នុងខេត្តជាបន្តបន្ទាប់ផងដែរ ។

កន្លងទៅនេះ ឯកឧត្តម សុខ លូ បានឱ្យដឹង អំពីគម្រោងសាងសង់វិមានឯករាជ្យ ស្ថិតលើផ្ទៃដីសរុបចំនួន ៩៦២ម៉ែត្តក្រឡា មានខឿនទប់បាតក្រោមដែលមានអង្កត់ផ្ចិត ៣៥ម៉ែត្រ និង កម្ពស់២២,២៣ម៉ែត្រ និងមានអាងបាញ់ទឹកចំនួន៤ មានកម្ពស់ ០,៨ម៉ែត្រនៅអមជុំវិញវិមានឯករាជ្យ។ ក្នុងនោះក៏មានរៀបចំសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ នៅតាមរ៉បដងស្ទឹងសង្កែ ដោយធ្វើការកែលម្អឲ្យកាន់តែស្រស់ស្អាត ក្នុងក្រុងផងដែរ។

ក្នុងការត្រួតពិនិត្យមើលការដ្ឋានសាងសង់ខាងលើ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានចុះពិនិត្យមើលការរៀបចំការកែលម្អច្រាំងស្ទឹងសង្កែ ប៉ែកខាងលិច ដោយជម្រុញឲ្យក្រុមការងារសាងសង់ធ្វើយ៉ាងណាធ្វើការកែលម្អច្រាំងស្ទឹងថ្មីដើម្បីរៀបចំតម្រង់ទិសផ្លូវថ្មីតាមដងស្ទឹងសង្កែត្រើយខាងលិចនិងរៀបចំពង្រីកផ្លូវឲ្យបានទូលាយ ប្រកបដោយសោភ័ណភាពជាមួយវិមានឯករាជ្យ និងដើម្បីមានភាពងាយស្រួលក្នុងការធ្វើចរាចរក្នុងទីប្រជុំជនក្រុង-ខេត្ត និងក្រោយពីបញ្ចប់ការសាងសង់វិមានឯករាជ្យរួចរាល់ ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )
