អ៊ុយក្រែនធ្វើសមយុទ្ធយោធានៅជិតព្រំដែនបេឡារូស
កៀវ៖ កងកម្លាំងអ៊ុយក្រែន នៅថ្ងៃសៅរ៍សប្តាហ៍នេះ បានធ្វើសមយុទ្ធយោធានៅតំបន់ រីន ក្បែរព្រំដែនប្រទេសបេឡារូស។

កងកម្លាំងអ៊ុយក្រែនបានអនុវត្តការហ្វឹកហាត់ការការពារទីតាំងសំខាន់ៗ, ការប្រយុទ្ធប្រឆាំងនឹងកងទ័ពអាកាស, ការបញ្ឈប់ក្បួនរបស់សត្រូវ និងដណ្តើមយកទីតាំងអគារជាដើម។ មេបញ្ជាការកងកម្លាំងចម្រុះរបស់អ៊ុយក្រែន លោក សឺហ៊ី ណែវ បាននិយាយថា ជាដំបូង យើងកំពុងប្រើប្រាស់បទពិសោធន៍ដែលយើងទទួលបាន ស្របពេលកំពុងទប់ស្កាត់ការឈ្លានពានរបស់សហព័ន្ធរុស្ស៊ី។

ថ្មីៗនេះ ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីអាចនឹងព្យាយាមវាយប្រហារចេញពីទឹកដីសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ គឺបេឡារូស ទៅកាន់ភាគពាយ័ព្យ។ ទន្ទឹមគ្នា ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក អូឡិចស៊ី ដានីលូវ បាននិយាយថា ខ្លួនសង្ស័យថា ពួកគេអាចនឹងមកពីទិសដៅនោះ ពីព្រោះច្បាស់ណាស់ មិនមានកងកម្លាំងគ្រប់គ្រាន់នៅទីនោះទេ។

ចំណែកមន្រ្តីអ៊ុយក្រែនមួយរូបទៀតក៏បានព្រមានផងដែរថា ប្រសិនបើពួកគេមកទីនេះ… ពួកគេនឹងក្លាយនំដំឡូង ដូច្នេះពួកគេកុំមកទីនេះប្រសើរជាង៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ទីណា

