យន្តហោះ ចម្បាំង អាមេរិក បាញ់ ទម្លាក់ « វត្ថុ មិន ស្គាល់ អត្តសញ្ញាណ» នៅ កាណាដា
អាមេរិក:យន្តហោះ ចម្បាំងសហរដ្ឋ អាមេរិក F-22 កាល ពី ថ្ងៃ សោរ៍ បាន បាញ់ ទម្លាក់ « វត្ថុ រាង ស៊ីឡាំង មិន ស្គាល់ អត្តសញ្ញាណ » មួយ ដែ ល អណ្ដែត ពី លើ ប្រទេស កាណាដា ក្នុង ប្រតិបត្តិការ រួម គ្នា នៃ ប្រទេស អាមេរិកខាង ជើង ទាំង ២ ។ នេះ បើ តាម ការ រាយការណ៍ របស់ ទីភ្នាក់ងារ សារព័ត៌មាន ផ្សេង ៗ ។
ការ បាញ់ ទម្លាក់ នេះ ធ្វើ ឡើង តែ ប្រមាណ មួយសប្ដាហ៍ ប៉ុណ្ណោះ បន្ទាប់ ពី សហរដ្ឋ អាមេរិក បាញ់ ទម្លាក់ បាឡុង «ចារកម្ម » របស់ ចិន ដែល អណ្តែត លើ ទឹក ដី អាមេរិក និង កាណាដា ហើយ បង្ក ការ ព្រួយ បារម្ភ ផ្នែក សន្តិសុខ ។
នាយករដ្ឋ មន្រ្តី កាណាដា លោក ចាស្ទីន ទ្រូដូ បាន ប្រកាស ដំបូង គេ អំពី ការ បាញ់ ប្រហារ វត្ថុ នោះ នៅ តំបន់ ភាគខាង ជើង យូគូន ដែល ស្ថិត នៅ ជាប់ រដ្ឋ អាឡាស្កា របស់ អាមេរិក ហើយ ថា កង កម្លាំង កាណាដា នឹង ប្រមូល ហើយ ធ្វើ ការ វិភាគ លើ បំណែក បាក់ បែក ។
ចំណែក ឯ រដ្ឋ មន្រ្តី ក្រសួង ការពារ ជាតិ កាណាដា លោក ស្រី Anita Anand បាន បដិសេធ មិន ធ្វើ ការ ប៉ាន់ ស្មាន លើ ប្រភព ដើម នៃ វត្ថុ ដែល លោក ស្រី អះ អាង ថា មាន រាង ស៊ីឡាំង នោះ ទេ ។ បន្ថែម ពី នេះ លោក ស្រី ក៏ មិន បាន បញ្ជាក់ ថា វា មាន រាង ដូច បាឡុង ដែរ ប៉ុន្តែ ថា វា មាន ទំហំ តូច ជាង បាឡុង ចិន ដែល អាមេរិក បាញ់ ទម្លាក់ កាល ពី មួយ សប្ដាហ៍ មុន ។
លោក ស្រី Anand បាន គូស បញ្ជាក់ ផង ដែរ ថា វត្ថុ មិន ស្គាល់ អត្តសញ្ញាណ នោះ កំពុង ហោះ នៅ កម្ពស់ ១២ ០០០ ម៉ែត្រ ហើយ បង្ក ហានិភ័យ ដល់ ចរាចរណ៍ ផ្លូវ អាកាស ស៊ីវិល ។ លោកស្រី ប្រាប់ សន្និសីទ សារព័ត៌មាន ថា ៖ « គ្មាន ហេតុ ផល អ្វី ដែល ត្រូវ ជឿ ថា ឥទ្ធិពល នៃ វត្ថុដែល ហោះ លើ ទឹក ដី កាណាដា គឺ ជា ការ ព្រួយ បារម្ភ ជា សាធារណៈ នោះ ទេ » ។
ចំណែក ឯ មន្ទីរ បញ្ចកោណ អាមេរិក បាន ឱ្យ ដឹង ថា បញ្ជា ការ ការពារ ដែន អាកាស អាមេរិក ខាង ជើង (NORAD) បាន រក ឃើញ វត្ថុ នោះ នៅ ពី លើ រដ្ឋ អាឡាស្កា កាល ពី ល្ងាច ថ្ងៃ សុក្រ ។ យន្តហោះ ចម្បាំង អាមេរិក F-22 មក ពី មូលដ្ឋាន ទ័ព រួម Elmendorf-Richardson ក្នុង រដ្ឋ អាឡាស្កា បាន ត្រួត ពិនិត្យ វត្ថុ នោះ នៅ ពេល វា ឆ្លង កាត់ ចូល ទៅ ក្នុង ដែន អាកាស កាណាដា ហើយ យន្តហោះ ចម្បាំង កាណាដា CF-18 និង CP-140 តាម ដាន បន្ត ។
អ្នក នាំ ពាក្យ មន្ទីរ បញ្ជកោណ លោក ឧត្តម សេនីយ៍ Patrick Ryder បាន និយាយ ក្នុង សេចក្តី ថ្លែងការណ៍ ម ថា ៖ « យន្តហោះ ចម្បាំង អាមេរិក F-22 បាន បាញ់ ទម្លាក់ វត្ថុ នៅ ក្នុង ទឹក ដី កាណាដា ដោយ ប្រើ មីស៊ីល AIM 9X បន្ទាប់ ពី មាន ការ សម្រប ស ម្រួល យ៉ាង ជិត ស្និទ្ធ រវាង អាជ្ញាធរ អាមេរិក និង កាណាដា » ។
មន្ទីរបញ្ចកោណ ក៏ បាន ឱ្យ ដឹង ផង ដែរ ថា ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន បាន អនុញ្ញាត ឱ្យ យោធា អាមេរិក ធ្វើ ការ ជា មួយ យោធា កាណាដា ដើម្បីទម្លាក់ វត្ថុ ហោះ នៅ រយៈ កម្ពស់ ខ្ពស់ នេះ ក្រោយ មេដឹក នាំ នៃ ប្រទេស ទាំង ២ សារសង ទូរសព្ទ ។
សេតវិមាន ថា លោក បៃដិន និង លោក ទ្រូដូ បាន យល់ ព្រម បន្ត ការ សម្រប សម្រួល យ៉ាង ជិត ស្និទ្ធ ដើម្បី « ការពារ ដែន អា កាស របស់ យើង » ហើយ ថា « មេ ដឹក នាំ ទាំង ២ បាន ពិភាក្សា អំពី សារៈ សំខាន់ នៃ ការ ប្រមូល បំណែក របស់ វត្ថុ ឡើង វិញ ដើម្បី កំណត់ ព័ត៌មាន លម្អិត បន្ថែម អំពី គោល បំណង ឬ ប្រភព ដើម របស់ វា » ។
សូម រំឭក ផង ដែរ ថា មួយ ថ្ងៃ មុន នោះ លោក បៃដិន បាន បញ្ជា ឱ្យ មាន ការ បាញ់ ទម្លាក់ វត្ថុ ហោះ មិន ស្គាល់ អត្តសញ្ញាណ មួយ ទៀត នៅ ជិត សហគមន៍ Deadhorse ដែល ស្ថិត នៅចុង ភាគ ខាង ជើង នៃ រដ្ឋ អាឡាស្កា ។ កាល ពី ថ្ងៃ ទី ៤ ខែ កុម្ភៈ យន្តហោះ ចម្បាំង អាមេរិក F-22 បាន ទម្លាក់ បាឡុង ចិន ដែល រដ្ឋាភិបាល អាមេរិកថា បម្រើ ការ ឱ្យ ការ ស៊ើប ការណ៍ សម្ងាត់ ទោះ បី ជា ចិន ប្រកែក ថា បាឡុង នោះ ប្រើ ប្រាស់ សម្រាប់ ការ ស្រាវ ជ្រាវ ស៊ីវិល ក៏ ដោយ ៕
ដោយ:ហួន ឌីណា