សំណល់អេឡិចត្រូនិកជាងប្រាំពីរតោន ត្រូវបានប្រមូលទុកសម្រាប់នាំចេញទៅកែច្នៃនៅក្រៅប្រទេស

អត្ថបទដោយ៖
CPA

ភ្នំពេញ:
ក្នុងរយៈប្រមាណបួនឆ្នាំមកនេះ ក្រុមហ៊ុន អេកូបាត អេនើជី ខេមបូឌា (Ecobatt-Energy Cambodia) ប្រមូល បានសំណល់អេឡិចត្រូនិកជាងប្រាំពីរតោន រួមមាន ថ្មពិល និងអាគុយ ដែលជាប្រភេទសំណល់គ្រោះថ្នាក់ សម្រាប់នាំចេញទៅកែច្នៃនៅក្រៅប្រទេស ខណៈនៅកម្ពុជាពុំទាន់មានក្រុមហ៊ុនកែច្នៃសំណល់ទាំងនេះឡើយ។

ក្រុមហ៊ុនអេកូបាត ត្រូវបានបង្កើតតាំងពីឆ្នាំ ២០១៩ ផ្តោតទៅលើសេវាកម្មជួសជុលអាគុយប៉ុតែណ្ណោះ ប៉ុន្តែក្រោយមកក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន ក្រុមហ៊ុននេះប្រមូលសំណល់អេឡិចត្រូចនិកបានជាង ប្រប្រាំពីរតោន សម្រាប់នាំចេញ តាមរយៈការដាក់ធុងសំណល់ថ្មពិលនៅតាមស្ថានីយផ្សារទំនើប និងនៅតាមបុរីមួយចំនួន។ បច្ចុប្បន្ននេះធុងដាក់សំណល់ថ្មពិលមានជាង ១២០ធុង ក្នុងនោះធុងរបស់ក្រសួងបរិស្ថានមានជាង ៩០ធុង ហើយក្រុមហ៊ុនមានជាង ៣០ ដែលបានដាក់នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុុ

លោក ប៉ែន ចាន់ណា ប្រធានផ្នែកលក់របស់ក្រុមហ៊ុន អេកូបាត បានឱ្យដឹងថា សំណល់អេឡិចត្រូនិកជាងប្រាំពីរតោននោះ ជាប្រភេទសំណល់ថ្មពិលធំ តូច អាគុយ និងកុំព្យូទ័រជាដើម។ លោកបន្តថា សំណល់ទាំងនេះត្រូវបានប្រមូលយកមកទុកដាក់និងវេចខ្វប់ត្រឹមត្រូវដើម្បីសម្រាប់តែការនាំចេញប៉ុណ្ណោះ ព្រោះរហូត មកដល់បច្ចុប្បន្ននេះ ពុំទាន់មានក្រុមហ៊ុនក្នុងស្រុកវិនិយោគទៅលើការកែច្នៃសំណល់ទាំងនេះឡើយ។ លោកបន្តថា៖«សម្រាប់ថ្មពិលតូចៗនេះយើងនឹងនាំចេញទៅអេស្បាញ ដែលជាដៃគូសហការ ហើយសម្រាប់សំណល់គ្រឿងអេឡិចត្រូវនិចផ្សេងទៀត មកដល់ឥឡូវនេះគឺយើងមិទទាន់រកដៃគូសហកាក្នុងការកែច្នៃវាបាននៅឡើយទេ ប៉ុន្តែយើងប្រមូលយកទៅទុកដាក់ឱ្យបានត្រឹមត្រូវ ហើយសម្រាប់អាគុយធំៗគឺយើងនឹងយកទៅកូរ៉េខាងត្បូងដែលជាដៃគូសហការ»។

លោកបញ្ជាក់ថា សំណល់ទាំងនេះពិតជាបង្កហានិភ័យធ្ងន់ធ្ងរទៅដល់បរិស្ថាន សុខភាពសាធារណៈ និងជីវៈចម្រុៈនៅកម្ពុជា បើសិនជាមិនមានការទុកដាក់ឱ្យបានត្រឹមត្រូវនោះ។ លោកថា៖«ឧទាហរណ៍
អាគុយមានធាតុផ្សំ ជ័រ អាស៊ីត សំណរ ។ អ៊ីចឹងបើសិនជាយើងអត់មានរោងចក្រត្រឹមត្រូវក្នុងការកែច្នៃឡើងវិញទេ ប្រកដជាយើងមិនអាចយកមកប្រើប្រាស់វិញបានទេ ។ ថ្មពិលទាំងនោះបើសិនជាយកទៅលក់ គេយកតែសំណរ និងជ័រទេ ចុះទឹកអាស៊ីតគេយកទៅណាបើអត់ចូលរោងចក្រកែច្នៃ ប្រាកដជាចាក់ចោលហើយ អ៊ីចឹងបើចាក់ចោលនៅស្រុកខ្មែរហូរចូលទឹក ប៉ះពាល់ដល់សុខភាព ជីវចម្រុៈ»។

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្រ្តា មានប្រសាសន៍ថា សំណល់ថ្មពិលគឺជាសំណល់គ្រោះថ្នាក់ដែលយើងមិនអាចព្រងើយកន្តើយបានទេចំពោះ បញ្ហាទាំងអស់នេះ ។ដូច្នេះហើយបានជាក្រសួងបរិស្ថាន សហការជាមួយដៃគូក្នុងការប្រមូលនូវសំណល់ថ្មពិលពីតំបន់ផ្សេងៗ ដែលផ្តើមដំបូងនោះ ពីមូលដ្ឋានរាជធានីភ្នំពេញ ដោយបានដាក់ធុងនៅតាមស្ថានីយប្រេងឥន្ធនៈ ផ្សារទំនើប និងបុរីមួយចំនួន ហើយបានពង្រីកមកដល់ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម ។

ឯកឧត្តមបន្ថែមថា៖«យើងចង់ជំរុញឱ្យការប្រមូលនូវសំណល់ថ្មពិលដែលជាសំណល់គ្រោះថ្នាក់នេះឱ្យបានទូលំទូលាយក្នុងប្រទេសកម្ពុជា ព្រោះកន្លងទៅនេះ ថ្មពិលដែលប្រើប្រាស់រួច បងប្អូនប្រជាពលរដ្ឋបានបោះចោលចូលទៅក្នុងធុងសំរាម ឬទឹក ដែលជាចំណុយមួយដែលយើងមិនបានយកចិត្តទុកដាក់ខ្ពស់នៅក្នុងការសិក្សាពីផលប៉ះពាល់ ប៉ុន្តែឥឡូវនេះ គឺយើងជំរុញបន្ថែមទៅលើការគ្រប់គ្រងនេះ»។

ឯកឧត្តមបានសង្កត់ធ្ងន់ថា តាមពិតសំណល់ថ្មពិល បង្កគ្រោះថ្នាក់ទាំងសុខភាព និងជីវចម្រុះ ដូច្នេះហើយបានជាយើងត្រូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រមូលនូវសំណល់ថ្មពិលឱ្យបានល្អ ជាពិសេសបញ្ហាដែលយើងត្រូវយកចិត្តទុកដាក់ គឺប្រជាពលរដ្ឋដែលជាប្រជានេសាទ ដែលគាត់បានធ្វើដំណើរនៅលើ
សមុទ្រ នៅបឹង ទន្លេសាប ឬបឹងទន្លេមេគង្គ ។

ឯកឧត្តមបន្តថា ពេលខ្លះគាត់ប្រើប្រាស់នូវថ្មពិលដើម្បីបំភ្លឺផ្លូវ ហើយពេលដែលគាត់ប្រើប្រាស់ហើយអស់ថ្ម គាត់ដោះដូរថ្មី ។ យើងនឹងអាចចោទសួរថាតើគាត់ដាក់នៅលើទូករបស់គាត់ ឬទម្លាក់ចោលនៅក្នុងទឹក ។ បើគាត់ទុកនៅលើទូកហើយយកមកបោះចោលនៅធុងសំរាមមិនអីទេ ប៉ុន្តែបើសិនជាទម្លាក់ចូលទៅក្នុងទឹក នៅពេលថ្មពិលនោះរីក រលាយ គឺសារធាតុគីមី ក្នុងនោះ វានឹងបំពុលទឹកនៅបរិវេណថ្មពិល ដែលនឹងប៉ះពាល់ដលល់ជីវចម្រុៈ ។

ជាមួយនឹងបញ្ហានេះ ឯកឧត្តម នេត្រ ភក្រ្តា ស្នើឱ្យប្រជាពលរដ្ឋដែលរស់នៅតាមផ្ទះ គ្រប់គ្រងសំណល់ថ្មពិលឱ្យបានល្អ ហើយអាចយកមកដាក់នៅទីតាំងដែលបានដាក់ជាធុងសម្រាប់សំណល់ថ្មពិលនៅតាមស្ថានីយឬទីតាំងជិតផ្ទះ។ លោកក៏ស្នើដល់បងប្អូនប្រជានេសាទ ឬអ្នករស់នៅតាមដងទន្លេ សូមកុំបោះចោលនូវសំណល់ថ្មពិលចូលទៅក្នុងទឹកពីព្រោះវាធ្វើឱ្យប៉ះពាល់ដល់ជីវចម្រុៈ ហើយក្រសួងបរិស្ថាននឹងសហការជាមួយដៃគូ ជាពិសេសកក្រុមហ៊ុន Ecobatt ដែលទទួលបានសិទ្ធិពីក្រសួងបរិស្ថាន នៅក្នុងការប្រមូលសំណល់ថ្មពិល ដោយនឹងជំរុញឱ្យមានការប្រមូលជារួមនៅប្រទេសកម្ពុជា។

បើតាមឯកឧត្ដម នេត្រ ភក្រ្តា នៅកម្ពុជាបច្ចុប្បន្ន បើនិយាយពីសំណល់គឺមួយថ្ងៃមានសំណល់ដែលបង្កើតឡើងជាងមួយម៉ឺនតោន ក្នុងនោះមួយឆ្នាំមានជាងបួនលានតោន។ បច្ចុប្បន្ននេះ សំណល់ត្រឹមតែ ៥០ទៅ ៦០ភាគរយ ដែលត្រូវបានប្រមូល ហើយយកទៅចាក់ស្ទើរតែទាំងអស់នៅទីលានចាក់សំរាម នៅក្នុងនោះ ការកែច្នៃរបស់យើងនៅមានកម្រិតនៅឡើយ ប្រមាណជា ១០ទៅ ១៥ភាគរយ ដែលធ្វើឱ្យបរិមាណសំរាមគឺមានការកើនឡើង ។

ឯកឧត្តមបន្ថែមថា នៅក្នុងសំណល់ ១០០ភាគរយ ដែលយើងបង្កើតរាល់ថ្ងៃនេះ ៦០ ទៅ៦៥ ភាគរយ ជាសំណល់សរីរាង្គ ២០ ភាគរយជាសំណល់ប្លាស្ទិក និងជាង១០ភាគរយជាសំណល់រឹង ដូចជាសំណល់ គ្រឿងអេឡិចត្រូនិក៕
ដោយ:ឡាយ សាមាន

ads banner