សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅ ប្រទេស ឡាវនៅថ្ងៃស្អែក ជាមួយនឹងក្តីរំពឹងសំខាន់ៗ
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញ បំពេញ ទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ចាប់ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសដើម្បី ចុះហត្ថលេខាលើផែនការសកម្មភាពរយៈពេលប្រាំឆ្នាំ សម្រាប់ ភាព ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងកម្ពុជា-ឡាវ ពី ឆ្នាំ២០២៣-ឆ្នាំ២០២៧។យោងតាមសេចក្តី ប្រកាស ព័ត៌មាន ពីក្រសួងការបរទេសបានឱ្យដឹងថាសម្ដេចតេជោ ហ៊ុន សែន ប្រមុខ រដ្ឋាភិបាលកម្ពុជាដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជារួមមានមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ រួមនឹងថ្នាក់ដឹកនាំធុរកិច្ចទៅបំពេញ ទស្សនកិច្ច នៅ ប្រទេសឡាវតាមតាមការអញ្ជើញពីនាយករដ្ឋមន្ត្រីឡាវឯកឧត្តម សុនសាយ ស៊ីផាន់ដន (SonexaySiphandone) ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ក្នុងគោលដៅ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិ ការ រវាងប្រទេសជិតខាងទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជិតខាងមួយនេះ សម្ដេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន នឹងមានជំនួបដាច់ដោយ ឡែកពីគ្នា ជាមួយឯកឧត្តម ថងលូន ស៊ីសូលីត ប្រធានរដ្ឋឡាវ និងឯកឧត្តម សាយ សំផន ភុមវីហាន ប្រធានរដ្ឋសភាឡាវ ព្រមទាំងទទួលជួប សម្តែងការគួរសមជាមួយប្រធានសមាគមមិត្តភាពឡាវ-កម្ពុជាផង។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ៖ «សម្តេចតេជោ នាយករដ្ឋ មន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយសមភាគី ឯកឧត្តម នាយករដ្ឋមន្ត្រី សនសៃ ស៊ីផាន់ដន ដើម្បីពិភាក្សាអំពីមធ្យោបាយ ក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំង សន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរ យោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានប្រយោជន៍ និងជាក្តីបារម្ភរួម»។
បន្ថែមពីនេះភាគីទាំងពីរនឹងចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីឡាវ និងកម្ពុជាលើ «ផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងកម្ពុជានិងឡាវសម្រាប់ឆ្នាំ ២០២៣-២០២៧»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ដំណើរ ទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ឡាវលើក នេះ មានសារៈសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរខណៈកម្ពុជា និងឡាវមានទំនាក់ទំនងបែបប្រពៃណី និង ប្រវត្តិសាស្រ្ត មួយដ៏ល្អ ទាំងវិស័យវប្បធម៌ នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
លោកបណ្ឌិតបន្តថា ផ្អែកតាមទិដ្ឋភាពប្រវត្តិសាស្រ្ត ទោះបីកម្ពុជា និងឡាវ បានផ្លាស់ប្តូររបត់នយោបាយខុសគ្នាក្តីក្រោយ សម័យកាល ទទួលបានឯករាជ្យពីនឹមត្រួតត្រារបស់បារាំង ក៏ទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរមិនប្រែប្រូលដែរ ជាអ្នកជិតខាងល្អ មានភាព ស៊ី ជម្រៅគ្រប់ជ្រុងជ្រោយ។
លោកបណ្ឌិត គិន ភា បានបន្ថែមថា រដ្ឋាភិបាលកម្ពុជា និងឡាវធ្លាប់ បានព្រមព្រៀងគ្នាលើ់កិច្ចការងារដែលនៅសេសសល់ជុំវិញការបោះបង្គោលព្រំដែនដែលនៅសល់ ១០ភាគរយ ។ដូចនេះទស្សនកិច្ចនេះ ជារឿង ល្អ និងចាំបាច់។ ក្នុងកម្រិតទំនាក់ទំនងពហុភាគី និង ពិភពលោក កម្ពុជា និងឡាវតែងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក ជាពិសេសយន្តការពហុភាគីនិយមក្នុងក្របខណ្ឌអាស៊ាន។
ជារួមលោកក៏បានសង្កត់ធ្ងន់ដែរថា ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋា ភិបាលកម្ពុជានឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងឡាវបានគ្រប់ជ្រុងជ្រោយក្នុងភាពជាដៃគូយុទ្ធសាស្រ្ត និងបង្កើនទំហំកិច្ច សហ ប្រតិបត្តិការលើវិស័យនានាដែលមានស្រាប់កាន់តែស្អិតរមួត។
សម្រាប់ លោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនង អន្តរជាតិ លើកឡើងថា សម្រាប់កម្ពុជាតែងផ្តល់សារៈសំខាន់ដល់ ទំនាក់ទំនង ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយជាមួយបណ្តារដ្ឋជិតខាងមិនថាថៃ វៀតណាម និងឡាវ ឡើយ ដើម្បីប្រយោជន៍ផ្នែកសន្តិសុខ និងកិច្ច សហប្រតិបត្តិការតាមបណ្តោយព្រំដែន ព្រមទាំងដំណោះស្រាយ បន្ទាត់ ព្រំដែនដោយឈរលើគោលការណ៍អ្នកជិតខាងល្អ។
លោក សេង វណ្ណលី គូសបញ្ជាក់ថា នៅពេលឡាវមាន នាយករដ្ឋមន្ត្រី ថ្មី ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះក៏វាបង្ហាញពីការចូលទៅអបអរសាទរចំពោះរដ្ឋាភិបាលថ្មីរបស់ឡាវ ហើយរដ្ឋាភិបាលកម្ពុជាមើលឃើញពីប្រយោជន៍នៃ ការធ្វើ ពិពិធកម្ម ការទូតលើការពង្រឹង និងពង្រីកលើកិច្ចសហប្រតិបត្តិការ ជាមួយឡាវ និងប្រទេសនានាទៀត។ ចំណែកឡាវក៏ផ្តល់តម្លៃដល់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្តាប្រទេសផ្សេងៗដែរ ដោយ សារថ្មីៗនេះឡាវទើបជួបប្រទះវិបត្តិសេដ្ឋកិច្ចផង»។
លោកយល់ថា រដ្ឋាភិបាលកម្ពុជាសម្លឹងឃើញសហប្រតិបត្តិការ សេដ្ឋកិច្ច បន្ថែមជាមួយឡាវ ខណៈប្រទេសនេះទើបជួបប្រទះវិបត្តិសេដ្ឋ កិច្ច និងអតិផរណា ហើយទៀតសោតជាប្រទេសដីគោកដែល ទាមទារ ជាចាំបាច់នូវហេដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូន ស្របពេលកម្ពុជានឹង មាន វត្ត មានកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុដែលអាចជួយ បំពេញ តម្រូវការឡាវបាន រួមជាមួយកិច្ចសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ឡាវ ផង៕
ដោយ៖សំបាន ច័ន្ទដារ៉ា

