ប្រទេស ស៊ីប រៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដ៏តានតឹង

នីកូស៊ី៖ គូប្រជែងបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅប្រទេសស៊ីប (Cyprus) បានទាក់ទាញអ្នកបោះឆ្នោត ផ្តល់សម្លេងឆ្នោត ក្នុងការប្រជែងដ៏ស្វិតស្វាញ។

ប្រទេស ស៊ីប បានរៀបចំការបោះឆ្នោតប្រធានាធិបតីដ៏តឹងតែងមួយ កាលពីថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ រវាងបេក្ខជន ជាអ្នកការទូតពីររូប ដែលម្នាក់ៗ បានព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតដែលថា ពួកលោកគឺជាជម្រើសដ៏ល្អបំផុត ដើម្បីគ្រប់គ្រងប្រទេសដែលសមាជិកសហភាពអឺរ៉ុបមួយនេះ។

បេក្ខភាពប្រធានាធិបតីប្រទេសស៊ីបចុងក្រោយ រួមមាន អតីតរដ្ឋមន្ត្រីការបរទេស លោក នីកូស គ្រីស្តូឌូឡាយស៍ (Nikos Christodoulides) អាយុ ៤៩ ឆ្នាំត្រូវប្រកួតប្រជែងនឹងនឹងអ្នកការទូតអាជីព អាយុ៦៦ ឆ្នាំ លោក អេនត្រៀស ម៉ាវ្រូ យ៉ាអិននីស (Andreas Mavroyiannis) បន្ទាប់ពីជុំទីមួយ កាលពីចុងសប្តាហ៍មុន។

ពួកលោកទាំងពីររូបបានព្យាយាមបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ដើម្បីទាមទារការគ្រប់គ្រងប្រទេស ដោយទទួលសម្លេងគាំទ្រពីអ្នកបោះឆ្នោត។ អ្នកឈ្នះ ត្រូវការ ៥០ភាគរយ ដើម្បីបន្តតំណែងពីលោក ប្រធានាធិបតីពីរអាណត្តិ គឺ លោក នីកូស អាណាសតាស សាយអេដសន៍ (Nicos Anastasiades) ដែលជាប្រធានាធិបតីទីប្រាំបី របស់សាធារណរដ្ឋ ដែលស្ថិតក្នុងកោះមេឌីទែរ៉ាណេមួយនេះ។

ជាមួយនឹងការគាំទ្រពីអ្នកកណ្តាលនិយម លោក នីកូស គ្រីស្តូឌូឡាយស៍ កាលពីថ្ងៃអាទិត្យមុន ទទួលបានការនាំមុខ ជាមួយនឹងសំឡេងឆ្នោត ៣២.០៤ ភាគរយ។ បន្ទាប់មក គឺលោក អេនត្រៀស ម៉ាវ្រូ យ៉ាអិននីស ដែលគាំទ្រដោយបក្សកុម្មុយនិស្ត អាកិល (AKEL) ដោយទទួលបាន ២៩.៥៩ ភាគរយ ហើយក៏បង្កការភ្ញាក់ផ្អើលពីក្រុមអ្នកសង្កេតការណ៍ទៀតផង ក្នុងការផ្តួលបក្ខភាពម្នាក់ទៀត មានឈ្មោះថា ណេអូហ្វីទូ (Neofytou)៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner