ឯកឧត្ដម ហ៊ីង ប៊ុនហៀង ៖ សមិទ្ធផលនានាកើតមាននៅកម្ពុជាដោយសារកត្តាប្រទេសមានសុខសន្តិភាព
ខេត្តកណ្តាល៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានប្រសាសន៍ថា សមិទ្ធផលនានាកើតមានឡើងនាពេលនេះ និងនៅពាសពេញផ្ទៃប្រទេសនៅកម្ពុជាដោយសារកត្តាប្រទេសមានសុខសន្តិភាព។ ឯកឧត្ដម បានថ្លែងដូចនេះ ក្នុងពិធីបុណ្យឆ្លង និងសម្ពោធសមិទ្ធិផលនានាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងវត្តអង្គពណ្ណរាយណ៍ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង នាព្រឹកថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២២។
ឯកឧត្ដម បន្តថា ប្រទេសជាតិមួយមានឱកាសធ្វើការអភិវឌ្ឍពេញលេញបានស្រួល សេដ្ឋកិច្ចរីកចម្រើនមានអធិប្បតេយ្យភាព ទំនាក់ទំនងល្អជាមួយប្រទេសអភិវឌ្ឍបានល្អ ប្រជាពលរដ្ឋរស់នៅស្រួលដោយគ្មានការភ័យខ្លាចសង្រ្គាម លុះត្រាប្រទេសជាតិនោះមានសុខសន្តិភាព។ កត្តាសុខសន្តិភាពនេះហើយគឺជាកត្តាចម្បងបំផុតក្នុងការមានឱកាសសម្រាប់ធ្វើការអភិវឌ្ឍរាល់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ តម្លៃនៃសន្តិភាពពិតជាមានសារៈសំខាន់ ខ្លាំងណាស់សម្រាប់សុខដុមនីយកម្ម និងការអភិវឌ្ឍរីកចម្រើន ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ។ ដូចនេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស សម្រាប់អនាគតប្រទេសជាតិ និងកូនចៅរបស់យើង។
នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ បានប្រគេនដល់វត្តអង្គពណ្ណរាយ នាឱកាសនោះ មានគ្រឿងឧបភោគ-បរិភោគ ស៊ីម៉ង់ ២០តោន និងបច្ច័យ ចំនួន ១ម៉ឺន ៦ពាក់ដុល្លារ សម្រាប់បន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែមទៀត។ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកតាលោកយាយជី ក្រុមប្រឹក្សាស្រុក ឃុំ លោកគ្រូអ្នកគ្រូ យុវជន ប្រជាពលរដ្ឋ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀតផងដែរ ៕ ដោយ-រ៉ាវុធ


