ស្លូវ៉ាគីនឹងចាប់ផ្តើមចរចាលើការបញ្ជូនយន្តហោះ ទៅឱ្យអ៊ុយក្រែន ប្រសិនបើទីក្រុងកៀវស្នើសុំជាផ្លូវការ
ប្រាទីស្លាវ៉ា៖ នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Eduard Heger ថ្លែងថា ប្រទេសរបស់គាត់អាចចាប់ផ្តើមដំណើរការ នៃកិច្ចចរចាលើការប្រគល់យន្តហោះចម្បាំងធុន MIG-29 ទៅកាន់អ៊ុយក្រែនឥឡូវនេះ នៅពេលដែលទីក្រុងកៀវស្នើសុំជាផ្លូវការនូវយន្តហោះទាំងនោះ។
នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Eduard Heger បាននិយាយថា ក្នុងករណីផ្តល់ជំនួយណាមួយដល់អ៊ុយក្រែន យើងទាមទារសំណងពីសហភាពអឺរ៉ុប… យើងនឹងជួយអ៊ុយក្រែន ហើយក្នុងពេលជាមួយគ្នានេះ យើងនឹងទទួលបានប្រាក់។ ការចរចានឹងមានទាំងផ្ទៃក្នុង និងជាមួយគណៈកម្មការអឺរ៉ុបផងដែរ។
ចំណែក រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី លោក Jaroslav Nad បាននិយាយថា ប្រទេសខ្លួនលែងត្រូវការយន្តហោះទាំងនោះទៀតហើយ ហើយខ្លួនអាចលក់វាទៅប្រទេសផ្សេង ឬប្រគល់ឱ្យអ៊ុយក្រែន ជាទីដែលយន្តហោះទាំងនោះអាចជួយបាន។ លោកថា មិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេ។
គិតមកទល់ពេលនេះ ប្រទេសលោកខាងលិចដែលបានផ្តល់សព្វាវុធដល់អ៊ុយក្រែន បានបដិសេធមិនបញ្ជូនយន្តហោះចម្បាំង ឬអាវុធរយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពវាយប្រហារចូលជ្រៅក្នុងទឹកដីប្រទេសរុស្ស៊ី។
ទោះបីជាយ៉ាងណា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សលេនស្គី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៨ ខែកុម្ភៈនេះថា គាត់បានឮសម្តីចេញពីមាត់មេដឹកនាំអឺរ៉ុបមួយចំនួននៅក្នុងកិច្ចប្រជុំកំពូលមួយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់យន្តហោះដល់ទីក្រុងកៀវ៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ទីណា

